ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង៤០០ម៉ែត្រ ដែលកន្លងមកត្រូវបានប្រជាពលរដ្ឋចេះតែបំពានវាទរបងធ្វើឲ្យផ្លូវរួមតូច ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសម្របសម្រួលឈូសឆាយពង្រីកឡើងវិញហើយ កាលពីរសៀលថ្ងៃទី១៥ មិថុនា ដែលផ្លូវមួយខ្សែនេះស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចំរុះថ្នាក់ខេត្ត ដែលបានចុះទៅសម្របសម្រួលអប់រំប្រជាពលរដ្ឋសុំបើកផ្លូវឡើងវិញបានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះមានប្រវែងជាង 400 ម៉ែត្រពេលនេះ អាជ្ញាធរខេត្តបានសម្រប សម្រួលជាមួយប្រជាពលរដ្ឋ សុំបើក ទទឹងអោយបាន 8 ម៉ែត្រឡើងវិញ តាម ការកំណត់ ផែនទីភូមិបាល ។

មុនឈានដល់ការសម្របសម្រួលបើកផ្លូវនេះ យើងបានធ្វើកិច្ចប្រជុំជាមួយប្រជាពលរដ្ឋកាលពីថ្ងៃទី២០ ឧសភា កន្លងទៅ ជាមួយអ្នកពាក់ព័ន្ធ ហើយក៏បានស្ម័គ្រចិត្តរុះរើរបងថ្ម និងរបងឈើចេញដោយខ្លួនឯងផងដែរ ។ ដោយហេតុនេះហើយ ប្រជាពលរដ្ឋត្រូវតែអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យគ្រឿងចក្របានឈូសឆាយពង្រីកផ្លូវទទឹងអោយបាន8 ម៉ែត្រដូចការកំណត់ ហើយនៅពេលដែលផ្លូវកសាងរួចរាល់តម្លៃដីរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះក៏នឹងឡើងថ្លៃដែរ។

ទោះយ៉ាងនេះក្តី ប្រជាពលរដ្ឋម្នាក់ដែលពាក់ព័ន្ធនឹងការរុះរើរបងថ្មនេះដែរ បានលើកឡើងថា គាត់សុំអនុញ្ញាតដល់អាជ្ញាធរខេត្តសុំទុករយៈពេលមួយខែ ដើម្បីវាយរបងចាស់ ធ្វើរបងថ្មី តាមការកំណត់របស់រដ្ឋ ព្រោះបើមិនដូច្នោះទេគោ របស់គាត់ នឹងចេញពីក្រោលជាពុំខានឡើយ។ ម្យ៉ាង វិញទៀតគាត់សំណូមពរដល់អាជ្ញាធរសូមធ្វើឱ្យបានស្មើៗគ្នា មិនត្រូវទុកកន្លែងខ្លះរួមតូចនោះឡើយ ។ ជាមួយនឹងសំណូមពររបស់ស្ត្រីខាងលើលោកអភិបាលរងខេត្តក៏បានទទួលយកដោយទុកឱ្យរយៈពេលមួយខែ។ ចំណែកឯផ្លូវខាងក្រោយមានការរួមតូចសល់ត្រឹមតែ 2 ម៉ែត្រ លោកនឹងស្នើដល់អាជ្ញាធរភូមិ ឃុំ ស្រុក សម្របសម្រួលឲ្យប្រជាពលរដ្ឋបើកឲ្យបានដូចគ្នាៗផងដែរ៕
ចែករំលែកព័តមាននេះ