ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ ២​នាក់ ដកហូត​វត្ថុតាង ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​មួយចំនួន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែលជា​មុខសញ្ញា​លួច​ម៉ូតូ ២​នាក់ ខណៈ​កំពុង​ចេញ​ធ្វើ​សកម្មភាព​លួច ហើយ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​។ នគរបាល បាន​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​មួយចំនួន​។ ការចាប់ខ្លួន​នោះ…

ភ្នំពេញ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែលជា​មុខសញ្ញា​លួច​ម៉ូតូ ២​នាក់ ខណៈ​កំពុង​ចេញ​ធ្វើ​សកម្មភាព​លួច ហើយ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​។ នគរបាល បាន​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​មួយចំនួន​។ ការចាប់ខ្លួន​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ និង ៤០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ នៅតាម​ផ្លូវ ៥០​ម៉ែត្រ ត្រង់ចំណុច​ខាងមុខ​ក្រុមហ៊ុន លាយ​បេតុង ស្ថិតនៅ​ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ខាងលើ​នោះ ម្នាក់ ឈ្មោះ អាន ផ្លូច អាយុ ៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ចំណែក​ម្នាក់ទៀត ឈ្មោះ ស៊ិន សុខភាព អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

​នគរបាល​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​០២ សោរ​ខ្សៀ​លេខ​៨ ចំនួន​០២, ប័ណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​ម៉ូតូ​) ចំនួន ០៣​សន្លឹក ដែលមាន (​ឈ្មោះ ជុំ រតនា ១​សន្លឹក​, ឈ្មោះ វី សីលា ១​សន្លឹក​, និង​ឈ្មោះ ឯម បុល ១​សន្លឹក​) ស្លាក​លេខ​ម៉ូតូ ចំនួន ០៣​បន្ទះ មាន (​លេខ​ភ្នំពេញ​1HT-0027, លេខ​ភ្នំពេញ​1GD-2078 និង​លេខ​ភ្នំពេញ​1IO-1256 ,​វិទ្យុទាក់ទង​ម៉ាក Motorola GP300 ចំនួន​០១​គ្រឿង​, ម៉ូតូ ០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HL-0625 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​5418516 ចំនួន​០១​គ្រឿង និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​សោរ​ដោះ​ម៉ូតូ​មួយចំនួន​។

​នគរបាល​បាន​និយាយថា មុនពេល​ចាប់ខ្លួន​ជនសង្ស័យ កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​ពេលទៅដល់​ចំណុចកើតហេតុ​បានឃើញ​ជនសង្ស័យ​ទាំង ២​នាក់ កំពុង​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ​1HL-0625 ឌុប​គ្នា​។ ខណៈនោះ ដោយមាន​ការសង្ស័យ នគរបាល​ក៏បាន​ហៅ​ឱ្យ​ឈប់ ដើម្បី​សួរនាំ និង​ត្រួតពិនិត្យ ហើយ​បាន​រកឃើញ​ឧបករណ៍ សម្រាប់​កាច់​សោរ​នៅក្រោម​កែបម៉ូតូ ទើប​នគរបាល​ចាប់ខ្លួន នាំទៅ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ តាម​នីតិវិធី​ច្បាប់​។

ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់មក នគរបាល​បាន​នាំ​ជនសង្ស័យ​ឈ្មោះ អាន ផ្លូច ទៅ​ឆែក​បន្ទប់​ជួល ដែល​ជននេះ ស្នាក់នៅ ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច បាន​រកឃើញ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួនទៀត រួច​ក៏បាន​ដកហូត នាំយកមក​រក្សាទុក រង់ចាំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ