រាជធានីភ្នំពេញ ៖ ដោយមានការសហការពីបណ្ដាប្រទេសជុំវិញពិភពលោកចំនួន ៩២ប្រទេស អង្គភាពប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) បានបើកយុទ្ធនាការ Operation Pangea XIV ដើម្បីបង្ក្រាបការលក់ឱសថ និងបរិក្ខារពេទ្យខុសច្បាប់អនឡាញ ។
បើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ កម្ពុជា បានអោយដឹងនៅថ្ងៃទី១៥ មិថុនានេះថា នៅក្នុងយុទ្ធនាការនេះ ប៉ូលិស Interpol បានបិទ ឬលុបចោលគេហទំព័រ និងតំណភ្ជាប់ ចំនួនប្រមាណជាង ១១ម៉ឺន និងបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន ២៧៧នាក់ ។
ជាងនេះទៅទៀត ប៉ូលិសអន្តរជាតិ ក៏បានរឹបអូសយកឱសថ និងឧបករណ៍ក្លែងក្លាយ ដែលមានចំនួនទឹកប្រាក់ប្រហែល ២៣លានដុល្លារ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលនោះ គឺឧបករណ៍ក្លែងក្លាយភាគច្រើន គឺជាឧបករណ៍សម្រាប់ធ្វើតេសជំងឺកូវីដ-១៩ ។
ទាំងប៉ូលិស Interpol និងអាជ្ញាធរមកពីបណ្ដាប្រទេសធំៗ ជាច្រើនទៀត មានដូចជា FBI របស់សហរដ្ឋអាមេរិក តែងតែធ្វើការណែនាំ ឲ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ក្នុងករណីដែលពួកគេមានបំណងចង់ទិញឱសថ តាមរយៈអនឡាញ ព្រោះឱសថក្លែងក្លាយ អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់អ្នកប្រើប្រាស់ ។
លោកអ្នកគួរតែទិញឱសថ ពីឱសថស្ថាន ដែលមានការអនុញ្ញាតត្រឹមត្រូវ និងសូមពិនិត្យពីគុណភាពរបស់ឱសថ ឲ្យបានច្បាស់លាស់មុននឹងចាប់ផ្ដើមប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ