ព្រហ្មវិហារធម៌ ប្រែជាសេចក្តីឱ្យងាយស្រួលស្តាប់ថា ធម៌ជាជម្រកដ៏ប្រសើរ ធម៌ជាទីកន្លែងសម្រាប់នៅដ៏ឧត្តមខ្ពង់ខ្ពស់ ធម៌ជាជម្រកដ៏ត្រជាក់ត្រជំ សុខដុមរមនា កក់ក្តៅ សុខសាន្តជានិច្ច ។ បើតាមវចនានុក្រមខ្មែរប្រាប់ថា ព្រហ្មវិហារធម៌ មានន័យថា ធម៌ជាទីនៅនៃព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ ។
សូមលើកយកព្រហ្មវិហារធម៌ទាំង៤មកពន្យល់បែបសង្ខេបដើម្បីឱ្យងាយយល់ ងាយស្តាប់បានដូចតទៅ ១-សេចក្តីប្រាថ្នាឱ្យខ្លួនឯងនិងអ្នកដទៃបានសុខ លោកហៅថា មេត្តា ។ ២-ការជួយសង្គ្រោះនៅពេលគេមានទុក្ខ លោកហៅថា ករុណា។ ៣-ពេលគេបានសុខ រួចផុតពីទុក្ខហើយ យើងសប្បាយចិត្ត លោកហៅថា មុទិតា ។ ៤-ជួយគេហើយ គេដឹងយើងក្ដី គេមិនដឹងក្តី ធ្វើចិត្តជាកណ្តាល លោកហៅថា ឧបេក្ខា ។
ឪពុកម្តាយតែងមានព្រហ្មវិហារធម៌ដល់កូនជានិច្ច លោកតែងតែផ្តល់ជម្រកដ៏សែនសុខអស្ចារ្យនេះដល់កូនដោយមិនប្រកាន់មើលមុខកូនថា កូននេះល្អ ជាទីស្រឡាញ់ពេញចិត្តរបស់អញ ដូច្នេះអញត្រូវផ្តល់ជម្រកឱ្យ រីឯកូននោះ អាក្រក់ជាទីសម្អប់ មិនជាទីពេញចិត្ត អញមិនឱ្យវាជ្រកឡើយ ។ ការគិតដូច្នេះសូម្បីតែមួយវិនាទី ក៏មិនដែលកើតមាននៅក្នុងដួងចិត្តរបស់ឪពុកម្តាយឡើយ ៕ សាន សារិន
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ