ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហួសចិត្ត​ ! ខំ​ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ​ចិន​មួយ​ពេញ​១​យប់ អត់​ដឹង​មនុស្ស​ប្រមាណ​១០០​នាក់​គេចខ្លួន​បាត់​អស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​ហួសចិត្ត និង​គួរ​ឲ្យ​អស់សំណើច​មួយ​បាន​កើតឡើង ខណៈ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ​ចិន​មួយ​កន្លែង​ដែល​បាន​បើក​ដំណើរ​លួចលាក់​ល្មើស​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ។ ពេល​នោះ បាន​ឃាត់​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជាង​១០០​នាក់​ដែល​ភាគច្រើន​បំផុត គឺជា​ជនជាតិ​ចិន កំពុង​ស្ថិត​នៅ​យ៉ាង​ពពាក់ពពូន​គ្នា…

រាជធានី​ភ្នំពេញ ៖ រឿង​ហួសចិត្ត និង​គួរ​ឲ្យ​អស់សំណើច​មួយ​បាន​កើតឡើង ខណៈ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ​ចិន​មួយ​កន្លែង​ដែល​បាន​បើក​ដំណើរ​លួចលាក់​ល្មើស​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ។

ពេល​នោះ បាន​ឃាត់​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជាង​១០០​នាក់​ដែល​ភាគច្រើន​បំផុត គឺជា​ជនជាតិ​ចិន កំពុង​ស្ថិត​នៅ​យ៉ាង​ពពាក់ពពូន​គ្នា នៅ​ក្នុង​ទីនោះ ប៉ុន្តែ​ការ​ឃាត់​នោះ​ពុំ​បាន​នាំ​យក​ទៅ​កាន់​សាលា​ខណ្ឌ ឬ​ក៏​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឡើយ ។ ដោយ​គ្រាន់តែ​ធ្វើការ​ឡោម​ព័ទ្ធ​ពី​ក្រៅ និង​ពុំ​អនុញ្ញាត​ឲ្យ​ពួក​នោះ​ចេញ​ក្រៅ​ប៉ុណ្ណោះ ព្រោះតែ​ខ្លាច​មាន​អ្នក​ផ្ទុកមេរោគ​COVID-19 ។ ការ​ឡោម​ព័ទ្ធ​បាន​ធ្វើ​ឡើង​អស់​ពេញ​១​យប់ លុះ​ព្រឹក​ឡើង​ចូល​ទៅ​ពិនិត្យ​មើល​ខាងក្នុង​ស្រាប់តែ​ម្នាក់​ៗ​ស្រឡាំងកាំង​រក​និយាយ​មិន​ចេញ​ព្រោះ​មនុស្ស​នៅ​ក្នុង​ទីតាំង​ខារ៉ាអូខេ​នោះ ប្រមាណ​ជាង​១០០​នាក់​បាន​បាត់​ខ្លួន​អស់​នៅ​សល់ តែ​រថយន្ត និង​ម៉ូតូ​ប៉ុន្មាន​គ្រឿង​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​ខារ៉ាអូខេ​ចិន​ខាងលើ​ដែល​លួច​បើក​ដំណើរការ​ល្មើស​ការ​ហាមឃាត់​ក្នុង​ពេល​កំពុង​ផ្ទុះ​ឡើង​ជម្ងឺ COVID-19​នេះ យីហោ​«​ជី​ន​ជន​» ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

កាលពី​វេលា​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ទីតាំង​ខារ៉ាអូខេ​មួយ​នេះ​បើក​ដំណើរការ​ល្មើស​បម្រាម​សាលា​រាជធានី​ភ្នំពេញ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ ។ ខណៈ​ពេល​ទៅ​ដល់​ធ្វើការ​ពិនិត្យ​ជាបឋម​ឃើញ​ថា ទីតាំង​នេះ កំពុង​ដំណើរការ​មែនហើយ​ក៏​មាន​មនុស្ស​ប្រុស ស្រី ប្រមាណ​ជាង​១០០​នាក់ កំពុង​ស្ថិត​នៅ​យ៉ាង​ពពាក់ពពូន​ដែល​ភាគច្រើន​បំផុត គឺជា​ជនជាតិ​ចិន​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឃើញជាក់ស្ដែង​កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​ឃាត់​មនុស្ស​ទាំង​អស់នោះ ប៉ុន្តែ​ពុំ​បាន​ឃាត់​នាំ​យក​ចេញពី​ទីតាំង​នេះ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​នាំ​ទៅ​កាន់​សាលា​ខណ្ឌ​ឡើយ ព្រោះតែ​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រាលដាល​ជម្ងឺ​COVID-19 ។ ទើបបាន​ត្រឹមតែ​ឃាត់​ឲ្យ​អ្នក​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ទីតាំង​ខារ៉ាអូខេ​នេះ ជា​បណ្ដោះអាសន្ន​សិន​រង់ចាំ​ព្រឹក​ឡើង និង​មាន​វិធានការ​ថ្មី ហើយ​គ្រាន់តែ​ដាក់​កម្លាំង​ធ្វើការ​ឡោម​ព័ទ្ធ​ពី​ខាងក្រៅ​ប៉ុណ្ណោះ ។

ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត និង​ចង់​សើច​នោះ​ការ​ឡោម​ព័ទ្ធ​ពេញ​១​យប់ បែរជា​អត់​ប្រយោជន៍ ព្រោះតែ​ព្រឹក​ឡើង​មាន​សភាព​ស្ងាត់ជ្រងំ​ពេក សង្ស័យ​ក៏​ចូល​ទៅ​ពិនិត្យ​ខាងក្នុង ស្រាប់តែ​និយាយ​លែង​ចេញ ព្រោះ​មនុស្ស​នៅ​ក្នុង​នោះ​ទាំងអស់​បាន​បាត់​ខ្លួន​ពួក​គេ​បាន​គាស់​ទ្វារ ក្រោយ​រត់គេច​ខ្លួន​បាត់​អស់​នៅ​សល់​តែ​រថយន្ត​ចំនួន​៥​គ្រឿង និង​ម៉ូតូ​៨​គ្រឿង​នៅ​ទីនោះ បន្ទាប់​មក​សមត្ថកិច្ច​បាន​ត្រឹមតែ​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​បន្ត​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​វេលា​យប់​ថ្ងៃ​ដដែល​នោះ​មុន និង​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ ជី​ន​ជន នេះ​កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន ចុះ​បង្ក្រាប ហាង​ខារ៉ាអូខេ​មួយ​យីហោ​«​ផាត ធី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ហាង​ខារ៉ាអូខេ​មួយ​នេះ​ត្រូវ​បាន​ស្រាវជ្រាវ​ដឹង​ថា បាន​ល្មើស​ទៅ​និង​ការ​ហាមឃាត់​របស់​សាលា​រាជធានី​មិន​ឲ្យ​ដំណើរការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ ហើយ​ក្នុង​ខណៈនោះ​កម្លាំង​បាន​ឃាត់ខ្លួន​បុរស​ចំនួន​១៧​នាក់ និង​ស្ត្រី​ចំនួន​១៦​នាក់ នាំ​ទៅ​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ