ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់ពេលនេះ គឺមានរយៈជាងមួយឆ្នាំមកហើយ ដែលរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនបូព៌ាអាស៊ី បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លា.ប់២នាក់ ដោយពុំទាន់ទទួលខុសត្រូវសំណងរប្បវេណីនៅឡើយនោះទេ ធ្វើឲ្យគ្រួសារជនរងគ្រោះជួបផលលំបាក និងបានស្នើសុំដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង ក៏ដូចជាក្រសួងពាក់ព័ន្ធ មេត្តាជំរុញឱ្យក្រុមហ៊ុនខាងលើចេញមុខដោះស្រាយសំណងឲ្យបានសមស្របដល់គ្រួសារជនរងគ្រោះផង។

បើតាមស្ត្រីឈ្មោះ ខន លីម អាយុ៣៨ឆ្នាំ និងប្តីឈ្មោះ ភឹម សុវី អាយុ៤០ឆ្នាំ រស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានរៀបរាប់ទាំងទឹកភ្នែកថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កូនស្រីរបស់គាត់ឈ្មោះ ឈាន គឹមលី អាយុ១៦ឆ្នាំ និងប្អូនស្រីគាត់ឈ្មោះ ភឹម ស៊ីនាង អាយុ៣១ឆ្នាំ បានជិះម៉ូតូឌុបគ្នាពីលំនៅឋានទៅកាន់ឃុំត្រពាំងចាន់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចផ្លូវអ្នកតាពោធិ៍ ក៏ត្រូវរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនបូព៌ាអាស៊ី ពាក់ស្លាកលេខភ្នំពេញ 3C- 4760 មកបុកម៉ូតូពីក្រោយពេញទំហឹងនៅលើចំណែកផ្លូវខាងស្ដាំរបស់ម៉ូតូ បណ្ដាលឱ្យកូនស្រី និងប្អូនស្រីរបស់គាត់បានស្លា.ប់ភ្លាមនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់ ចំណែកម៉ូតូរងការខូចខាតខ្ទេចទាំងស្រុង ។

ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ គ្រួសារគាត់បានទៅទទួលយកស.ពកូននិងប្អូនស្រី ពីសមត្ថកិច្ចយកមកធ្វើបុណ្យទាំងសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ។ ចំណែករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ និងបានកសាងសំណុំរឿងតាមផ្លូវច្បាប់ ។

ប្រភពដដែលបានបន្តថា៖ ក្រោយពេលកើតហេតុជាង២ខែ ពួកគាត់ត្រូវបានសមត្ថកិច្ចហៅមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីធ្វើការចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់រថយន្តបង្ក តាមរយៈទូរស័ព្ទលេខ ០១៧ ៣១០ ៨៨៧ ហើយក៏បានត្រូវរ៉ូវគ្នាក្នុងសំណងរដ្ឋប្បវេណី ចំនួន៦ពាន់ដុល្លារ ប៉ុន្តែមកដល់ពេលនេះខាងក្រុមហ៊ុនមិនបានសងប្រាក់សំណងតាមការចរចានោះឡើយ ។ ដូចនេះ ពួកគាត់សូមលើកដៃសំពះសំណូមពរដល់លោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏ដូចជាលោកចៅក្រមកាន់សំណុំរឿងនេះ មេត្តាជួយពន្លឿនការដោះស្រាយសំណងរដ្ឋប្បវេណីពីក្រុមហ៊ុនរបូព៌ាអាស៊ី ជូនក្រុមគ្រួសារពួកលោក ដែលជាជនរងគ្រោះដោយក្តីអនុគ្រោះផងចុះ ។

ជុំវិញករណីខាងលើនេះ លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ការិយាល័យរបស់លោកបានបញ្ជូនទៅតុលាការយូរហើយ ព្រោះខាងក្រុមហ៊ុនបានចរចាត្រូវរ៉ូវគ្នា ប៉ុន្តែមិនឃើញយកប្រាក់សំណងរដ្ឋប្បវេណីមកជូនក្រុមគ្រួសារជនរងគ្រោះឡើយ ។ លោកមិនបានដឹងថា សំណុំរឿងនេះ លោកចៅក្រមណាមួយជាអ្នកកាន់សំណុំរឿងនោះឡើយ ។

ទោះយ៉ាងណា ភាគីខាងជនរងគ្រោះដែលបានបាត់បង់សមាជិកគ្រួសាររហូតដល់ទៅ២នាក់ ដែលជាកម្លាំងស្នូលរកចំណូលចិញ្ចឹមគ្រួសារ ព្រោះថា ពួកគេជាកម្មកររោងចក្រ ចំណែកម៉ូតូមួយគ្រឿងដែលជាមធ្យោបាយបានដោយលំបាក បានរងការខូចខាតទាំងស្រុងទៀត ធ្វើឱ្យគ្រួសារនេះជួបការលំបាកក្រៃលែង ក្នុងពេលស្ថានភាពកូវីដកំពុងកើតឡើងបែបនេះ៕


ចែករំលែកព័តមាននេះ