ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងបន្ត នាព្រឹកថ្ងៃទី១៥ មិថុនា លើករណីឆេះឃ្លាំងទំនិញមួយស្ថិតខាងជើងផ្សាររុងក្លឿ (លើទឹកដីថៃ) ក្នុងភូមិដុងងូ ឃុំប៉ារ៉ៃថ្មី ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនក្រុងប៉ោយប៉ែត គឺបានប៉ះពាល់ទំនិញជារបស់អាជីវករខ្មែរច្រើន។ នេះបើតាមកាឲ្យដឹងពីលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពតាមទូរស័ព្ទនាមុននេះ។
យោងប្រភពបឋមកាលពីយប់មិញ តូបដែលឆាបឆេះគឺមាន១ខ្នង មាន៦ទៅ៧បន្ទប់។ ហើយទំនិញដែលឆេះគឺសុទ្ធសឹងតែជាកំរាលព្រំទាំងអស់ ។
យ៉ាងណាក៏ដោយ លោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតថា ពេលនេះកំពុងឱ្យក្រុមការងារទំនាក់ទំនាក់ទំងជាមួយភាគីថៃ និងម្ចាស់ទំនិញ ដើម្បីលម្អិតថា តើអគ្គិភ័យដែលកើតឡើងនេះតើបណ្តាលមកពីមូលហេតុអ្វី និងប៉ះពាល់អ្វីខ្លះ និងមានទំហំខូចខាតប៉ុន្មាននោះ លោកនឹងផ្តល់ព័ត៌មានជូនបន្ថែម ។
សូមរំលឹកថា កាលពីវេលាម៉ោង ៨ និង៤០នាទីយប់ ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងលើទឹកដីថៃ ខាងជើងផ្សាររុងក្លឿ ប្រហែលជាង១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។
គេមិនទាន់ដឹងថា ហេតុការណ៍នោះ បណ្តាលមកពីអ្វី ហើយក៏មិនទាន់ដឹងថា ទំនិញក្នុងឃ្លាំង ដែលកំពុងកាឆាបឆេះនោះមានពាក់ព័ន្ធជារបស់អាជីវករខ្មែរ ឬអត់នោះទេ។ ប៉ុន្តែប្រភពខ្លះលើកឡើងថា ម្ចាស់ឃ្លាំងជាជនជាតិថៃ ឈ្មោះតាណយ ហើយឃ្លាំងដែលឆេះនោះឈ្មោះ ណាម ភិត។ រថយន្តពន្លត់អគ្គិភ័យ ក៏បានបាញ់ទឹកពន្លត់ផងដែរ។
ប្រភពបញ្ជាក់ថា មកទល់ម៉ោងជាង១០យប់ អគ្គិភ័យនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ខណៈរយន្តពន្លត់អគ្គិភ័យរបស់ថៃជាច្រើនគ្រឿង បានសម្រុកចូលបាញ់ពន្លត់ ដើម្បីកុំឲ្យរាលដាលដល់ឃ្លាំងផ្សេងៗទៀត ។
ព័ត៌មានបន្ថែមកោះសន្តិភាពមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ