ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អាកាសធាតុ​ និង​កង្វះ​ពលកម្ម​ធ្វើ​ឱ្យ​ទិន្នផល​អំបិល​ខេត្តកំពត​ធ្លាក់​ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិន្នផល​អំបិល​ដែល​ផលិត​ដោយ​សហគមន៍​ផលិត​អំបិល​ខេត្តកំពត ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ប៉ាន់​ស្មានថា​ធ្លាក់​ចុះ​ប្រមាណ​២០​ភាគរយ តែ​នៅ​តែ​អាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់​ដដែល ដោយ​មិន​ចាំបាច់​ធ្វើការ​នាំ​ចូល​មក​ផ្គត់ផ្គង់​នោះ​ទេ ។ ការ​ធ្លាក់​នៃ​ទិន្នផល​អំបិល​ខេត្តកំពត​ឆ្នាំ​នេះ គឺ​ដោយសារ​តែ​កត្តា​សំខាន់​២​យ៉ាង​គឺ​អាកាសធាតុ…

រាជធានី​ភ្នំពេញ ៖ ទិន្នផល​អំបិល​ដែល​ផលិត​ដោយ​សហគមន៍​ផលិត​អំបិល​ខេត្តកំពត ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ប៉ាន់​ស្មានថា​ធ្លាក់​ចុះ​ប្រមាណ​២០​ភាគរយ តែ​នៅ​តែ​អាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់​ដដែល ដោយ​មិន​ចាំបាច់​ធ្វើការ​នាំ​ចូល​មក​ផ្គត់ផ្គង់​នោះ​ទេ ។ ការ​ធ្លាក់​នៃ​ទិន្នផល​អំបិល​ខេត្តកំពត​ឆ្នាំ​នេះ គឺ​ដោយសារ​តែ​កត្តា​សំខាន់​២​យ៉ាង​គឺ​អាកាសធាតុ និង​កង្វះ​ពលកម្ម ។

លោក​សុខ គឹ​ម​ជឿន​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​ទិន្នផល​អំបិល​ដែល​ទទួល​បាន​មាន​ប្រមាណ​៦៥.០០០​តោន​ខណៈ​ឆ្នាំ​មុន​ទទួល​បាន​៨៤.០០០​តោន គឺ​បាន​ធ្លាក់​ចុះ​ប្រមា​ន​២០​ភាគរយ ប៉ុន្តែ​ដោយសារ​តែ​អំបិល​ឆ្នាំ​ចាស់​នៅ​សល់​ក្នុង​ស្តុក​មួយ​ចំនួន​ទៀត ដូច្នេះ​ការ​ផ្គត់ផ្គង់​អំបិល​នៅ​លើ​ទីផ្សារ​នៅ​តែ​ធានា​បាន​ថា​នឹង​គ្រប់គ្រាន់ ។

លោក​បន្ត​ថា ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​អំបិល​ឆ្នាំ ២០២១​នេះ ដោយសារ​តែ​អាកាសធាតុ ឆាប់​ធ្លាក់​ភ្លៀង​ពេក ធ្វើ​ឱ្យ​ការ​បង្កបង្កើន​ផល​មាន​រយៈពេល​ខ្លី​ជាង​ឆ្នាំ​មុន ហើយ​ក្នុងអំឡុងពេល​រដូវ​កាល​បង្កបង្កើន​ផល​នោះ ក៏​មាន​ភ្លៀង​កក់ខែ​ច្រើន​ដង​ទៀត ធ្វើ​ឱ្យ​អំបិល​ដែល​ជិត​ទទួលផល​ក៏​រលាយ​ទៅ​តាម​ទឹក​អស់​ដែរ ។ លោក​ថា​៖« នៅ​ពេល​ភ្លៀង​ធ្លាក់​ទៀងទាត់​ពេក ក៏​មិន​ធ្វើ​ឱ្យ​អំបិល​មានគុណ​ភាណ​ល្អ និង​ទទួល​បាន​ផល​ច្រើន​ដែរ ជាក់ស្ដែង​បើសិនជា​ភ្លៀង​ជាប់​ៗ​គ្នា​ពីរ​បី​ថ្ងៃ​ហើយ​ក៏​រាំង​ទៅ​វិញ​យូរ ពេល​នេះ​អំបិល​នឹង​ទទួល​បាន​ផល​ច្រើន​ហើយ​គុណភាព​ល្អ តែ​បើសិនជា​វា​ទៀងទាត់​ពីរ​អាទិត្យ​ធ្លាក់​ភ្លៀង​ម្ដង នោះ​អំបិល​នឹង​មិន​អាច​ទទួល​បាន​នោះ​ទេ » ។

លោក​បន្ថែម​ថា ក្រៅពី​កត្តា​អាកាសធាតុ កង្វះ​កំលាំង​ពលកម្ម​ក៏​កត្តា​មួយ​ធ្វើ​ឱ្យ​អំបិល​ធ្លាក់​ចុះ​ទិន្នផល​ផង​ដែរ ។ ពី​មុន​អ្នកធ្វើការ​ក្នុង​ស្រែអំបិល​ច្រើន តែ​ក្រោយ​ពេល​វិស័យ​អចលនទ្រព្យ​នៅ​កំពង់សោម មានការ​រីក​ដុះដាល ធ្វើ​កម្មករ​ស្រែអំបិល​មួយ​ចំនួន ក៏​បាន​ផ្លាស់​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​វិញ និង​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​ធ្វើ​ជា​កម្មករ​ស្រែអំបិល ដូច្នេះ​ហើយ​ទើប​ពួក​គេ​ក៏​នៅ​បន្ត​ធ្វើការ​ជា​កម្មករ​សំណង់​និង​លែង​មក​ធ្វើ​ជា​កម្មករ​ស្រែអំបិល​វិញ ។ មួយវិញទៀត ដោយសារ​តែ​មួយ​រយៈ​មុន​នេះ ក៏​មានការ​ពុះកញ្ជ្រោល​នូវ​ការ​ទិញ ដីធ្លី​នៅ​ក្នុង​ខេត្តកំពត ហើយ​ក៏​មាន​អ្នក​ដើរ​រក​ទិញ​ដី​នៅ​តំបន់​ស្រែអំបិល និង​មានការ​លក់​ចេញពី​ម្ចាស់​ស្រែអំបិល​មួយ​ចំនួន ។ អ្នកទិញ​ស្រែ​ក្រោយ​ៗ ក៏​មិន​បាន​ផលិត​អំបិល​ទៀត​នោះ​ទេ ខ្លះ​ទុក​ចោល​និង​ខ្លះ​ទៀត​ទុក​លក់​បន្ត ធ្វើ​ឱ្យ​អ្នក​ផលិត​អំបិល​កាន់តែ​តិច ។

បើ​តាម​លោក​ប៊ុ​ន បារាំង អតីត​ប្រធាន​សហគមន៍​ផលិត​អំបិល​ខេត្តកំពត ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ការ​ផលិតផល​គឺ​ពឹងផ្អែក​លើ​អាកាសធាតុ បើសិនជា​វា​កាន់តែ​ក្ដៅ ទិន្នផល​វា​ក៏​កាន់តែ​កើន​និង​មានគុណ​ភាព​ដែរ ដូច្នេះ​ហើយដោយ​សារ​តែ​ឆ្នាំ​២០២១​នេះ ភ្លៀង​ឆាប់​ធ្លាក់​មក​ពេក ធ្វើ​ឱ្យ​ទិន្នផល​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន ។

លោក ខាត់ សា​មឿ​ន ផលិតករ​អំបិល​ក្នុង​ខេត្តកំពត​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ការ​ផលិត​អំបិល​នៅ​ក្នុង​ខេត្តកំពត​កាន់តែ​តិច​ទៅ​ហើយ ដោយសារ​តែ ខ្វះ​កំលាំង​ពលកម្ម សម្រាប់​ធ្វើការ ហើយ​ដូច​យើង​បានដឹង​ហើយ​ថា​ប្រាក់​កម្រៃ​ថ្លៃ​ឈ្នួល​សម្រាប់​កម្មករ​អំបិល​នីមួយ​ៗ​មិនជា​ច្រើន​ណាស់ណា គឺ​បាន​តែ​ម៉ា​ល្មម​សមរម្យ​ប៉ុណ្ណោះ ។​ម្យ៉ាងវិញទៀត ការងារ​ស្រែអំបិល​ជា​ការងារ​ធ្ងន់ និង​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ ដូច្នេះ​កម្មករ​ក្មេង​ៗ​មិន​ចង់​ធ្វើ​ការងារ​នេះនោះ​ឡើយ ពួក​គេ​បាន​ទៅ​ទីក្រុង​ធ្វើ​ជា​កម្មករ​រោងចក្រ នៅ​ម្លប់​និង​ទទួល​បាន​កម្រៃ​ច្រើន​ជាង​ការងារ​ស្រែអំបិល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ