ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ៖ ​អតីតកាល​សាធារណរដ្ឋ​ឆែក​ជួយ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច និង​លុប​បំណុល​មួយ​ចំនួន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សាធារណរដ្ឋ​ឆែក​បាន​ជួយពី​អតីតកាល លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សាធារណរដ្ឋ​ឆែក​បាន​ជួយពី​អតីតកាល លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច លើស​ពី​នេះ​ទៅ​ទៀត​ក៏​បាន​លុប​បំណុល​មួយ​ចំនួន​ធំ​ចំពោះ​កម្ពុជា ។

ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើ​ឡើង ខណៈ​អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្តែង​ការ​គួរសម នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព ។ នេះ​បើ​តាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ។

នៅ​ក្នុង​ជំនួប​នោះ​លោក Martin Vávra បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា បេសកកម្ម​របស់​ឯកឧត្តម មក​កាន់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ គឺ​ធ្វើ​យ៉ាងណា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ធំធាត់​ឡើង​បន្ថែម​ទៀត ។

លោក​បាន​បន្ថែម​ទៀត​ថា សាធារណរដ្ឋ​ឆែក​មាន​មនោសញ្ចេតនា​ចំពោះ​កម្ពុជា​ឈរ​លើ​មូលដ្ឋាន​នេះ ឯកឧត្តម​បាន​សន្យា​ចំពោះ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ថា នឹង​ប្រឹងប្រែង ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​វិនិយោគ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា សាធារណរដ្ឋ​ឆែក​នឹង​ជួយ​ដល់​កម្ពុជា​ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​ការ​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ លោក Martin Vávra ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ដែល​បាន​ជួយ​ដល់​កម្ពុជា​ពី​អតីតកាល​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច លើស​ពី​នេះ​ទៅ​ទៀត​ក៏​បាន​លុប​បំណុល​មួយ​ចំនួន​ធំ ហើយ​បំណុល​ដែល​នៅ​សេសសល់​បាន​យក​មក​ជួយ​កម្ពុជា​វិញ តាម​រយៈ​ការ​សាងសង់​សាលារៀន វិស័យ​សង្គមកិច្ច​ជាដើម ។

ពាក់ព័ន្ធ​ទៅ​នឹង​បេសកកម្ម​ការទូត​របស់​លោក​ទូត នៅ​កម្ពុជា សម្ដេច​តេ​ជោ បាន​ស្នើ​ឲ្យ​លោក​ទូត​យកចិត្តទុកដាក់​ទៅ​លើ​ការ​ជំរុញ​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ។

សម្ដេច​តេ​ជោ​បាន​បន្ថែម​ថា កម្ពុជា​កំពុង​តែ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​អាច​នឹង​ចាក់​រហូត​ដល់​១០​លាន​នាក់​នៅ​ត្រឹម​ខែវិច្ឆិកា​ខាង​មុខ​នេះ ។ សម្ដេច​តេ​ជោ​ក៏​បាន​ជូនពរ​ឲ្យ​លោក​ទូត​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ