ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​មិន​ដែល​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​ទេ

2 ឆ្នាំ មុន

តាំងពី​រាប់​អសង្ខេយ្យ​ជាតិ​មក​ហើយ ព្រះពុទ្ធ​លោក​មិន​ដែល​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​នោះ​ទេ គឺ​ព្រះ​អង្គ​តែង​តស៊ូ ព្យាយាម​ក្នុង​ដំណើរ​ជីវិត​របស់​ព្រះ​អង្គ​គ្រប់​ៗ​ជាតិ គឺ​ប្រឹងប្រែង​តស៊ូ​រហូត​ដល់​ជាតិ​ចុង​ក្រោយ​ទើប​ជោគជ័យ​ដល់ទី​បរមសុខ ។ ព្រះពុទ្ធ​លោក​ប្រដៅ​មនុស្ស​ទាំងអស់​ឱ្យ​ខំព្យាយាម​តស៊ូ​ជា​មុន លុះ​តស៊ូ​ទៅ​លែង​រួច​ចាំ​លើកដៃ​សំពះ​មេឃ​សំពះ​ដី សំពះ​ទេវតា​ឱ្យ​ជួយ តែ​លោក​ហាម​កុំឱ្យ​រវល់​តែ​សំពះ​បន់ស្រន់​អារក្សអ្នកតា​ទេវតា​រហូត​ភ្លេច​កម្លាំង​ខ្លួនឯង…

តាំងពី​រាប់​អសង្ខេយ្យ​ជាតិ​មក​ហើយ ព្រះពុទ្ធ​លោក​មិន​ដែល​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​នោះ​ទេ គឺ​ព្រះ​អង្គ​តែង​តស៊ូ ព្យាយាម​ក្នុង​ដំណើរ​ជីវិត​របស់​ព្រះ​អង្គ​គ្រប់​ៗ​ជាតិ គឺ​ប្រឹងប្រែង​តស៊ូ​រហូត​ដល់​ជាតិ​ចុង​ក្រោយ​ទើប​ជោគជ័យ​ដល់ទី​បរមសុខ ។

ព្រះពុទ្ធ​លោក​ប្រដៅ​មនុស្ស​ទាំងអស់​ឱ្យ​ខំព្យាយាម​តស៊ូ​ជា​មុន លុះ​តស៊ូ​ទៅ​លែង​រួច​ចាំ​លើកដៃ​សំពះ​មេឃ​សំពះ​ដី សំពះ​ទេវតា​ឱ្យ​ជួយ តែ​លោក​ហាម​កុំឱ្យ​រវល់​តែ​សំពះ​បន់ស្រន់​អារក្សអ្នកតា​ទេវតា​រហូត​ភ្លេច​កម្លាំង​ខ្លួនឯង ដាក់ចុះ​នូវ​ការ​តស៊ូ​ព្យាយាម នោះ​ពិតជា​មិន​ប្រពៃ​ឡើយ ។

យើង​មើល​គំរូ​ព្រះ​ពោធិសត្វ​ដែល​លោក​ខំ​ហែល​ឆ្លង​មហាសមុទ្រ គឺ​លោក​មិន​បាន​ស្រែកហៅ​ទេវតា​ឲ្យ​ជួយ​ឯណា ឬ​ក៏​លោក​ព្រម​តាម​កម្ម​វាសនា​ហែល​លេង​ៗ​នោះ​ក៏​ទេ​ដែរ គឺ​ព្រះ​អង្គ​នៅ​តែ​ប្រឹងប្រែង​មិន​បោះបង់​ការ​តស៊ូ​ចោល​ឡើយ បើ​ទោះជា​ដឹង​ថា​ខ្លួន​គ្មាន​លទ្ធភាព​នឹង​ហែល​ទៅ​ដល់ត្រើយ​ក៏​ដោយ ក៏​នៅ​តែ​ព្យាយាម​រហូត​ទាល់តែ​បាន​ជោគជ័យ ។

ហេតុ​នោះ​ទើប​បណ្ឌិត​ពោល​ថា មនុស្ស​យើង​មាន​វាសនា​ខុស​គ្នា អ្នកខ្លះ​មាន​វាសនា​ល្អ ឯ​ខ្លះ​ទៀត​មាន​វាសនា​មិនសូវ​ល្អ តែ​យើង​មិន​ត្រូវ​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​នោះ​ទេ ត្រូវ​យក​ការ​ខិតខំ​ប្រឹងប្រែង យក​ការ​ព្យាយាម​ជា​ចម្បង​មក​ដាក់​ទុក​ក្នុង​ដំណើរ​ជីវិត​ទើប​មាន​ពន្លឺសុភមង្គល កុំ​រវល់​តែ​សំពះ​បន់ស្រន់​បួងសួង​ភ្លេច​ព្យាយាម ភ្លេច​កម្លាំង​ខ្លួន​ឯង​​នោះ នឹង​មិន​ជោគជ័យ​ទេ ។

សូម​សាធុជន​កុំ​ចេះ​តែ​រុញ​វាសនា​របស់​ខ្លួនឯង​ទៅ​ឱ្យ​កម្ម​ឬ​ពួក​អមនុស្ស​ណាមួយ​ជា​អ្នក​ចាត់ចែង ហើយ​បែរជា​មិន​ប្រឹងប្រែង​តស៊ូ​ព្យាយាម​ខ្លួនឯង នោះ​ភាព​ជោគជ័យ​នឹង​មិន​មាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ