ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ពេ​ជ​ចង្វារ ស្រុក​បរិបូណ៌ ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ជាង ១២​គីឡូម៉ែត្រ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ ពេជ្រ​ចង្វារ គឺជា​ឃុំ​មួយ ក្នុងចំណោម​ឃុំ​ទាំង ១១ ក្នុងស្រុក​បរិបូណ៌​។ ថ្វីបើ​ឃុំ​មួយ​នេះ នៅ​ចម្ងាយ​តែ​ជាង ១២​គីឡូម៉ែត្រ ពី​ទីរួមស្រុក…

​ខេត្តកំពង់ឆ្នាំង​៖ ពេជ្រ​ចង្វារ គឺជា​ឃុំ​មួយ ក្នុងចំណោម​ឃុំ​ទាំង ១១ ក្នុងស្រុក​បរិបូណ៌​។ ថ្វីបើ​ឃុំ​មួយ​នេះ នៅ​ចម្ងាយ​តែ​ជាង ១២​គីឡូម៉ែត្រ ពី​ទីរួមស្រុក និង​ពី​ផ្លូវជាតិ​លេខ​៥ ក៏ពិតមែន ក៏ប៉ុន្តែ​ហាក់​នៅ​ឆ្ងាយ​ខ្លាំងណាស់ ព្រោះតែ​ផ្លូវ​ធ្វើដំណើរ ជួប​ការលំបាក​។
​យ៉ាងណាក៏ដោយ ថ្មីៗ​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ បានសម្រេច​កសាង​ផ្លូវ​១​ខ្សែ ក្នុង​ឃុំ​ពេ​ជ​ចង្វារ ឲ្យ​ក្លាយទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្រស់ស្អាត ងាយស្រួល ក្នុងការ​ធ្វើដំណើរ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​សេចក្តីត្រេកអរ និង​រីករាយ​ក្រៃលែង​។

លោកតា អ៊ិត សុខ អាយុ ៦៧​ឆ្នាំ ជា​ជនពិការ ជិះ​លើ​ម៉ូតូ​កែច្នៃ បាន​បញ្ជាក់ថា គាត់​រស់នៅ​លើទឹក​ដី​នេះ តាំងពី​សង្គមចាស់ និង​ក្នុងសម័យ​ប៉ុលពត រស់នៅ​លើទឹក​ដី​ដែរ​។ ប៉ុន្តែ​ផ្លូវ​មួយ​ខ្សែ​នេះ ពុំ​ធ្លាប់មាន​ថ្នល់​កៅស៊ូ​ស្អាត​បែបនេះ​ទេ ការធ្វើដំណើរ​ជួប​ការលំបាក​ខ្លាំងណាស់ កន្លែង​ខ្លះ ក្លាយជា​ថ្លុក​ត្រពាំង ទៀតផង​។ ក្រោយមក ប្រទេសជាតិ ចេះតែ​រីកចម្រើន ផ្លូវ​មួយ​ខ្សែ​នេះ ក៏ត្រូវ​បាន​កសាង ជា​ផ្លូវ​គ្រួស​ក្រហម​។ នៅពេលនេះ ក៏​ចាក់​កៅស៊ូ​ស្រស់ស្អាត​។ គាត់​ពិតជា​សប្បាយរីករាយ​ក្រៃលែង និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​កសាង​ផ្លូវ​នេះ​ឡើង​។

​លោក ជា វ៉ិ​ច មេឃុំ​ពេ​ជ​ចង្វារ បាន​បញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​នេះ បាន​កសាងឡើង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែលមាន​ចំងាយ ១២២០០ ម៉ែត ស្មើនឹង ១២,២ គីឡូម៉ែត្រ ចេញពី​ចំណុច​ថ្នល់ជាតិ​លេខ​៥ ជាប់​ផ្សារ​ពន្លៃ មកដល់​មុខ​វត្ត​ពេជ្រ​ចង្វារ បាន​កសាង​រួចរាល់​ជាង ១០​ថ្ងៃ​មុននេះ​។

​ក្នុងនាម លោក ជា​អាជ្ញាធរ​ឃុំ ជំនួសមុខ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង ៦​ភូមិ សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល អំណរគុណ​ដល់​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​យកចិត្តទុកដាក់​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ ឲ្យ​ក្លាយទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្រស់ស្អាត ងាយស្រួល​ធ្វើដំណើរ ដែល​អាចធ្វើ​ដំណើរ​ដោយបាន​ឆាប់រហ័ស ចំណេញ​ពេលវេលា ងាយស្រួល​ក្នុងការ​ដឹកទំនិញ ដឹក​កសិផល​របស់​ក​សិ​ករ គឺ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

សូមបញ្ជាក់ថា ឃុំ​ពេ​ជ​ចង្វារ មាន​ចំនួន ៦​ភូមិ មាន​ប្រជាពលរដ្ឋ​ចំនួន ១០១៥ គ្រួសារ មាន​មនុស្ស​ចំនួន ៤២១៦ នាក់ (​ស្រី ២២៥៨​នាក់​)៕ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ