ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ប្រចាំការនៅមុខខ្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ថ្នល់បំបែក សហការជាមួយម្លាំងយោធា ការពារព្រំដែកគោកលេខ៥០៣ នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតខាងជើងភូមិតេជោភ្នំឆ័ត្រ ចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ក៏បានជួបប្រជាពលរដ្ឋខ្មែរចំនួន១០នាក់បម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ និងអ្នកបើករថយន្តម្នាក់ដែលដឹកប្រជាពលរដ្ឋទាំង១០នាក់នោះផងដែរ ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ។
លោកវរសេនីយ៍ឯកជា ស្លូញ បានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែននោះ គឺសុទ្ធតែបុរសទាំងអស់មកពីខេត្តព្រៃវែង។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកដឹកជញ្ជូនម្នាក់មានឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបើកបររថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AH-3897។
ចំពោះប្រជាពលរដ្ឋទាំង១០នាក់នោះវិញ ក៏ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្វាយចេក ចំណែកអ្នកបើកបររថយន្តក៏កំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់បន្ត ៕
ចែករំលែកព័តមាននេះ