រាជធានីភ្នំពេញ ៖ ដូចការដែលបានគ្រោងទុក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅមាននគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរសង្កាត់ពាក់ព័ន្ធជាច្រើនបានចុះរដ្ឋបាលទ្រង់ទ្រាយធំក្នុងការរុះរើទៅនឹងផ្ទះបណ្តែតទឹកបែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយទាំងអស់ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

ការចុះរដ្ឋបាលរុះរើខាងលើនេះធ្វើឡើង ដោយមានការដឹកនាំកម្លាំង ដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌផងដែរ ។

ជាលទ្ធិផលនៃការចុះរដ្ឋបាលខាងលើនេះឃើញថា បងប្អូនអ្នករស់នៅតំបន់ដងទន្លេបានចូលរួមសហការជាមួយក្រុមអាជ្ញាធរដោយមិនមានការរារាំង ឬកើតទុក្ខមិនសុខចិត្តទៅនឹងការអនុវត្តឡើយ ដោយពួកគេបានរុះរើដោយខ្លួន ហើយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានចូលរួមជាកម្លាំងបន្ថែមក្នុងការរុះរើរអោយបានលឿនបំផុតផងដែរ ។

សូមបញ្ជាក់ថា ការចុះរដ្ឋបាលនៅវេលាថ្ងៃខែដដែលខាងលើ គឺកម្លាំងចម្រុះ បានចុះទៅ តាមដងទន្លេមេគង្គក្រោម ដែលមានសង្កាត់ចំនួន៣ពាក់ព័ន្ធ គឺសង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកឯង ។
លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់អោយដឹងថា ៖ ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មានសរុបចំនួន៥៤២ ក្នុងនោះបែចិញ្ចឹមត្រីចំនួន២៩៣បែត្រី និងផ្ទះបណ្តែតទឹកចំនួន២៤៣ផ្ទះ ។

លោកបន្តថា នៅក្នុងប្រតិបត្តិការចុះអនុវត្តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ការរុះរើដោយស្ម័គ្រចិត្ត និងនិងដោយការអនុវត្តវិធានការរដ្ឋបាល បានរុះរើចំនួន៤៥៧ផ្ទះ និងបែត្រី ដោយនៅសេសសល់តែ៨០ផ្ទះ/បែត្រី ប៉ុណ្ណោះដែលពួកគាត់ បានស្នើរសុំទៅអាជ្ញាធរពន្យាពេលដើម្បីធ្វើការរុះរើ និងរកទីតាំងថ្មី ។

ជុំវិញយុទ្ធនាការរដ្ឋបាលចុះរុះរើនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ កោះសន្តិភាព តាមរយៈទូរស័ព្ទនៅវេលាល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ អោយដឹងថា ៖ ថ្ងៃដំបូងនៃការអនុវត្តរបស់ក្រុមអាជ្ញាធរឃើញលទ្ធិផលថា អ្នកពាក់ព័ន្ធដែលរស់នៅ ឬចិញ្ចឹមត្រីនៅលើដងទន្លេបានចូលរួមបានយ៉ាងល្អជាមួយក្រុមអាជ្ញាធរ ហើយជាក់ស្តែងអ្នករស់នៅលើដងទន្លេមេគង្គក្រោមដែលមានសង្កាត់៣ពាក់ព័ន្ធ បានចូលរួមរុះរើដោយខ្លួនឯងខ្លះ ហើយខ្លះត្រូវក្រុមអាជ្ញាធរចុះជួយរុះរើរបន្ថែមដោយការពួកគេកង្វះខាតកម្លាំង ។
ហើយគិតត្រឹមវេលាល្ងាចថ្ងៃខែដដែលនេះ អ្នកពាក់ព័ន្ធនៅលើដងទន្លេមេគង្គក្រោម ស្ទើរតែ១០០ភាគរយ បានរុះរើរចេញពីលើដងទន្លេអស់ហើយ ។

លោកអភិបាលខណ្ឌ បានបន្តថា ចំពោះម្ចាស់ផ្ទះបណ្តែតទឹក និងម្ចាស់បែចិញ្ចឹមត្រី នៅលើដងទន្លេបាសាក់ ដែលមានសង្កាត់៣ពាក់ព័ន្ធ មានសង្កាត់ច្បារអំពៅ២ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីវិញ គឺពួកគេ បានដាក់ពាក្យស្នើរសុំមកអាជ្ញាធរពន្យាពេលដើម្បីពួកគេធ្វើការរុះរើរ ។
លោកអភិបាលបញ្ជាក់ថា ពួកគេបានយល់ស្របជាមួយអាជ្ញាធរក្នុងការរុះរើរដោយខ្លួនឯង ហើយបច្ចុប្បន្ននេះ ឃើញថា ពួកគេក៏កំពុងនឹងធ្វើការរុះរើរប្រាកដមែន ដោយក្នុងចំណោមអ្នកទាំងអស់ មិនមានបុគ្គលណាមិនយល់ស្រប ឬបដិសេដមិនទទួលយក ការអនុវត្តរបស់ក្រុមអាជ្ញាធរឡើយ ។

លោកអភិបាលបន្ថែមថា ការងារនេះ អាជ្ញាធរខណ្ឌមិនអាចគូសបន្ទាត់ក្រហមដោយភាពដាច់អហង្ការឡើយ ព្រោះពិនិត្យឃើញថា អ្នកដែលពាក់ព័ន្ធសុទ្ធសឹងតែចូលរួម ហើយពុំមានអ្នកជំទាស់មិនសុខចិត្តនឹងសេចក្តីជូនដំណឹងរបស់អាជ្ញាធរដែរ ដូច្នោះហើយ អាជ្ញាធរសម្រេចបន្តពេលដ៏ខ្លីបំផុតចន្លោះពី២ទៅ៣ថ្ងៃ ក្នុងការជជម្រុញអោយពួកគេរុះរើរដោយខ្លួន ឯង ។
ប៉ុន្តែទន្ទឹមនឹងនោះ ក្រុមអាជ្ញាធរ ដែលកំពុងបន្តអនុវត្តវិធានការរដ្ឋបាលរបស់ខ្លួន ក៏នឹងបន្តជួយធ្វើការរុះរើរអ្នកពាក់ព័ន្ធទាំងនោះផងដែរ ដើម្បីពន្លឿនការរុះរើអោយបានលឿនបំផុត ក្នុងររយៈពេលខ្លីដូចដែលបានលើកឡើងពីខាងលើ ។

គួររំលឹកថា នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅខាងលើ បានបញ្ជាក់អោយដឹងថា ៖ កន្លងទៅ ដោយសារមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កអោយបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូររាក់ ជាពិសេសការប្រើប្រាសចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើអោយខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណ្ឌភាព និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកទន្លេមិនស្អាតផងដែរ ។

ក្រោយការជូនដំណឹងហើយនោះ ក្រុមអាជ្ញាធរ ក៏បានចល័តអូប័រលើដងទន្លេឆ្លងកាត់តំបន់ពាក់ព័ន្ធ ជាប្រចាំថ្ងៃផងដែរ ក្នុងការផ្សព្វផ្សាយជាព័ត៌មាន បន្ថែមលើសេចក្តីជូនដំណឹង ដើម្បីអ្នកពាក់ព័ន្ធទាំងអស់បានជ្រាប និងចូលរួមគោរពអនុវត្តទៅនឹងសេចក្តីជូនដំណឹងអោយមានប្រសិនភាព ។

ក្នុងសេចក្តីជូនដំណឹង គឺកំណត់រយះពេលតែ១សប្តាហ៍ប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។ ប៉ុន្តែនៅពេលផុតឱសានវាទហើយនោះ អាជ្ញាធរបានសម្រេចបន្ត ទុកពេល៣ថ្ងៃបន្ថែមពីលើការជូនដំណឹងបន្ថែមទៀត រហូតដល់ថ្ងៃទី១២ ខែឆ្នាំដដែល ក៏ចុះរដ្ឋបាលអនុវត្តតែម្តង ។

នៅក្នុងសេចក្តីជូនដំណឹងដដែល បញ្ជាក់ថា នៅពេលផុតកាលកំណត់ហើយនោះ អាជ្ញាធរខណ្ឌ នឹងមានវិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវនូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ ។ ក្នុងករណីដែលមានបុគ្គលរឹងរូសមិនយល់ស្របតាមការអនុវត្ត អាជ្ញាធរនឹងមានវិធានការច្បាប់ជាក់ជាមិនខាន ៕

ចែករំលែកព័តមាននេះ