ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​គ្រោង​ចាយ​ជាង​១១០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អភិវឌ្ឍន៍​ផលិតផល​កសិកម្ម​៥​មុខ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិវឌ្ឍន៍​ផលិតផល​កសិកម្ម​៥​មុខ​រួម​មាន ដំឡូង​មី ផ្លែស្វាយ ផ្លែ​ចន្ទី បន្លែ និង​មាន់ស្រុក ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ចុះ​ព្រមព្រៀង​មួយ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​កាលពី​ពេល​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិវឌ្ឍន៍​ផលិតផល​កសិកម្ម​៥​មុខ​រួម​មាន ដំឡូង​មី ផ្លែស្វាយ ផ្លែ​ចន្ទី បន្លែ និង​មាន់ស្រុក ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ចុះ​ព្រមព្រៀង​មួយ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​កាលពី​ពេល​កន្លង​ទៅ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​១១០,០៦​លាន​ដុល្លារ​អា​មេ​រិ​ក រយៈពេល​៧​ឆ្នាំ ។

Picture

ថវិកា​ជាង​១១០​លាន​ដុល្លារ​នេះ​គឺ​សម្រាប់​ក្នុង គម្រោង​ប្រកួតប្រជែង​ខ្សែ​ច្រវាក់​តម្លៃ និង​លើកកម្ពស់​សុវត្ថិភាព​កសិកម្ម ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​ជា​សំខាន់​លើ “​ការ​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​កសិកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង​” ដែល​ផលិតផល​កសិកម្ម​នេះ​រួម​មាន ៖ ដំឡូង​មី ផ្លែស្វាយ ផ្លែ​ចន្ទី បន្លែ និង​មាន់ស្រុក ។

Picture

បើ​តាម​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ថា​គម្រោង​នេះ​ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២០ និង​ត្រូវ​អនុវត្ត​សម្រាប់​រយៈពេល ៧​ឆ្នាំ (២០២១-២០២៧) ដែល​មាន​ថវិកា​សរុប ៖ ១១០,០៦ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ ៖

Picture

(១) ថវិកា​កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៧០ លាន​ដុល្លារ​អា​មេ​រិ​ក​,
(២) ថវិកា​កម្ចី​ពី​មូលនិធិ​អាស៊ាន​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ (AIF) ចំនួន ៥​លាន​ដុល្លារ​អា​មេ​រិ​ក
(៣) ជំនួយ​ឥត​សំណង​ពី​មូ​និ​ធិ​ជប៉ុន​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ (JFPR) ចំនួន ៣ លាន​ដុល្លារ​អា​មេ​រិ​ក​,
(៤) ថវិកា​កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) ចំនួន ២៥ លាន​ដុល្លារ​អា​មេ​រិ​ក​, និង
(៥) ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល ចំនួន ៧,០៦ លាន​ដុល្លារ​អា​មេ​រិ​ក​។
លោក​បន្ត​ថា គោលដៅ​គាំទ្រ​ដល់​ការ​អនុវត្ត​គោ​លន​យ​បាយ​របស់​រាជរដ្ឋាភិបាល គម្រោង​ក៏​មាន​គោលបំណង​៖
(១) សម្របសម្រួល​ឲ្យ​ទទួល​បាន​នូវ​ឥណទាន​សម្រាប់​សហគ្រាស​កសិកម្ម និង​សហគមន៍​កសិកម្ម​,
(២) លើកកម្ពស់​ការ​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​ប្រកបដោយ​ស្ថេ​រ​ភាព​ក្នុង​ចំណោម​សហគ្រាស​កសិកម្ម និង​សហគមន៍​កសិកម្ម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​, និង
(៣) ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ភ្ជាប់​ទំនាក់ទំនង (​ផ្លូវ​ជនបទ​) ពី​កសិដ្ឋាន​ផលិត​ទៅ​កាន់​ទីផ្សារ ។

Picture

គម្រោង​នេះ​បាន​និង​កំពុង​គ្រប់គ្រង និង​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ចូលរួម​សហការ សម្របសម្រួល​អនុវត្ត​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ហើយ​ដែល​ការ​អនុវត្ត​គម្រោង​នេះ​នឹង​ផ្ដល់​ផល​ដល់​សហគមន៍​កសិកម្ម​ចំនួន​ប្រមាណ ២៣០ ដែល​មានគ្រួសារ​សរុប​ចំនួន​ប្រមាណ ២៧ ០០០ និង សហគ្រាស​កសិកម្ម​ចំនួន​ប្រមាណ ៥០ នៅ​ក្នុង​ខេត្ត​គោលដៅ​គម្រោង​ចំនួន​៦ រួម​មាន ៖ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ៕