ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ជាអ្នកលេងឆ្នោត រហូតដល់អស់ប្រាក់ជាង៥០០០ដុល្លារមិនធ្លាប់ត្រូវ លុះពេលចុងក្រោយ នាងបានដេក
យល់សប្តិឃើញគេមកប្រាប់ឱ្យចាក់លេខឆ្នោតបន្ត ប្រថុយប្រថានសម្រេចចិត្តប្រមូលលុយកាក់ ដែលសេសសល់នៅក្នុងផ្ទះទាំងប៉ុន្មាន រួមជាមួយលុយដែលបងប្អូនជំពាក់មួយចំនួន ក៏យកទៅទិញឆ្នោតទាំងអស់ ។
ក្រោយមក ស្រាប់តែលទ្ធផលចេញចំប៉ះចំលេខ ដែលនាងបានចាក់នោះ ត្រូវទាំងអស់ចំនួន៨០លានរៀល តែនៅពេលនាងចូលទៅបើកលុយ ស្រាប់តែមេឆ្នោតសងត្រឹមតែ១០លានរៀលប៉ុណ្ណោះ ដោយនៅសល់ចំនួន៧០លានរៀលទៀត ទើបកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ឱ្យចាប់ឃាត់ខ្លួនបញ្ជូនតែម្តង ។
បើតាមសម្តីស្ត្រីខាងលើឈ្មោះឡាយ សុម៉ាលី អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១៥ បានឱ្យដឹងថា មេឆ្នោតដ៏ធំម្នាក់ឈ្មោះនេត្រ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មិនព្រមសងជំពាក់លុយដែលនាងបានចាក់ឆ្នោតត្រូវនោះទេ ។ នាងបានយល់សប្តិឃើញគេមកប្រាប់លេខឆ្នោត រួចចាក់ត្រូវចំនួន៨០លានរៀល ដោយបានវេរលុយពីខេត្តបាត់ដំបងឱ្យបងប្អូនចាក់ត្រូវនៅខេត្តប៉ៃលិន កាលពីថ្ងៃទី២៧ តុលា ២០១៥ កន្លងមក ត្រូវមេឆ្នោតរូបនោះសងត្រឹមតែ១០លានរៀលប៉ុណ្ណោះ ដោយនិយាយប្រាប់ថា សុំជំពាក់៧០លានរៀលសិន ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មេឆ្នោតខាងលើត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងទោសពីរករណីទី១-បើកលេងល្បែងស៊ីសង (កន្ទុយលេខឆ្នោត) ខុសច្បាប់ ២-ករណីឆបោក (ចាក់ត្រូវមិនព្រមសង) ។
ពាក់ព័ន្ធទៅនឹងបញ្ហាចាប់មេឆ្នោតម្នាក់នេះ លោកឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា កន្លងទៅនេះថា ជនសង្ស័យករណីលេងល្បែង និងជំពាក់ប្រាក់គេខាងលើ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងរួចរាល់អស់ហើយ ដើម្បីចាត់បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ឱ្យចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិនមានបើកល្បែងស៊ីសងគ្រប់ទីកន្លែង ដោយគ្មានរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ ហើយគេសង្ស័យថា ពួកញៀនល្បែងទាំងនោះ ជាអ្នកចិញ្ចឹមមន្ត្រីនគរបាលយុត្តិធម៌ទេដឹង បានជាគ្មានចំណាត់ការបែបនេះ ចំណែកបុរសខាងលើ មិនព្រមសងលុយថ្លៃឆ្នោត ដោយសារមានខ្នងធំ (តុលាការ) នៅពីក្រោយខ្នង ។



ចែករំលែកព័តមាននេះ