ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​ន្ទិ​ត​នេ​ត​ ខៃ​ ប្រឈម​បណ្តឹង​ស្ត្រី​៣​នាក់​ ក្នុង​ចំណោម​ជាង​៦០០​នាក់​ដែល​លួច​ថត​ស្រាត​ងូតទឹក​មន្ត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី​២៥ សីហា ​សាលា​ដំបូង​រាជ​ធានី​​បាន​អនុញ្ញាត​ឱ្យ​អនុរក្ស​ពន្ធ​នា​គារ​ព្រៃ​ស នាំ​ខ្លួនជន​ឈ្មោះ​​នេត ខៃ មក​សាក​សួរលើ​បណ្តឹង​ជន​រងគ្រោះ៣​នាក់ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ក្នុង​ចំណោម​នារី​រង​គ្រោះ​ដោយ​​ការ​ងូត​ទឹក​មន្ត ​ប្រមាណ​ជាង​៦០០​នាក់ ។ ​ក្នុង​ចំណោម​បណ្តឹង​​របស់នារី​ទាំង​៣​នាក់​​នោះ​ក៏មាន​អ​នីតិ​ជន​ម្នាក់​ ផងដែរ ពាក់​ព័ន្ធ​នឹង​រឿង​លួច​ថត​រូប​ស្រាត ​ពេល​ងូត​ទឹក​មន្ត​ក្នុង​បន្ទប់ ​ហើយ​យកទៅ​ផ្សាយ​តាម​រយៈ​ការ​បាញ់ប៊្លូធូ

រាជធានីភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី​២៥ សីហា ​សាលា​ដំបូង​រាជ​ធានី​​បាន​អនុញ្ញាត​ឱ្យ​អនុរក្ស​ពន្ធ​នា​គារ​ព្រៃ​ស នាំ​ខ្លួនជន​ឈ្មោះ​​នេត ខៃ មក​សាក​សួរលើ​បណ្តឹង​ជន​រងគ្រោះ៣​នាក់ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ក្នុង​ចំណោម​នារី​រង​គ្រោះ​ដោយ​​ការ​ងូត​ទឹក​មន្ត​ប្រមាណ​ជាង​៦០០​នាក់ ។ ​ក្នុង​ចំណោម​បណ្តឹង​​របស់នារី​ទាំង​៣​នាក់​​នោះ​ក៏មាន​អ​នីតិ​ជន​ម្នាក់​ផងដែរ ពាក់​ព័ន្ធ​នឹង​រឿង​លួច​ថត​រូប​ស្រាត ​ពេល​ងូត​ទឹក​មន្ត​ក្នុង​បន្ទប់ ​ហើយ​យកទៅ​ផ្សាយ​តាម​រយៈ​ការ​បាញ់ប៊្លូធូ ពី​ទូរស័ព្ទ​ដៃ​មួយ ​ទៅ​ទូរ​ស័ព្ទ​ដៃ​ មួយ​តៗគ្នា ។

ពេញ​មួយ​ព្រឹក ​​លោក​ស្រី​ចាំង ស៊ី​ណាត ចៅ​ក្រម​ស៊ើប​សួរ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សួរ​​​ឈ្មោះ​នេត​ ខៃ ពី​រឿង​ថត​រូប​ស្រី​ស្រាត ​នៅ​វត្ត​ស្រះ​ចក​​ដែលមាន​រហូត​ដល់​ទៅ​៦២៧​នាក់ ​ទៅ​រក​ទឹក​មន្ត​ពី​ជន​កំហូចនោះ ។ ប្រភព​ព័ត៌​មាន​ត្រូវ​បាន​ឱ្យដឹង​ថា តុលា​ការ​អនុ​ញ្ញាតឱ្យ​អនុរក្ស​ពន្ធ​នាគារ​នាំ​​ឈ្មោះ​នេត ខៃ មក​សាកសួរ​នេះ​ គឺ​យោង​លើ​បណ្តឹង​ថ្មី​​ទៀត​ដែល​មាន​ជន​រងគ្រោះ​៣​នាក់​ចេញ​មុខ​ប្តឹង​ ក្នុង​នោះ​ម្នាក់​ជា​អ​នីតិ​​ជនផង ។​ ការ​សាក​សួរ​ចាប់​តាំងពីម៉ោង​៨​ព្រឹក រហូត​ដល់ម៉ោង​១២​ថ្ងៃ​ត្រង់ រហូត​ជន​ឈ្មោះនេត​ ខៃ ត្រូវ​ទទួល​អាហារ​បាយ​កញ្ចប់​នៅ​បន្ទប់​រង់​ចាំ របស់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ។ គួរ​រំលឹក​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​សីហា​ជន​រង​គ្រោះ​ដោយសារ​ទឹកមន្ដ ​របស់​ជន​កំហូចឈ្មោះ​នេ​ត ខៃ អតីត​សង្ឃ​គង់នៅ​វត្ដ​ស្រះ​ចក​ចំនួន​៣​នាក់​ថ្មី​ទៀត ដែល​ក្នុង​នោះ​ម្នាក់​ជា​អនីតិជន​ផង បាន​មក​ដាក់​ពាក្យ​បណ្ដឹប​ន្ថែ​ម​លើជន​នោះ ខណៈ​កំពុង​ជាប់​ឃុំ​រួច​ជា​ស្រេច​ទៅហើយ ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ។ ជន​រង​គ្រោះទាំង​៣​នាក់ ​ដែល​មក​ដាក់​ពាក្យ​ប្ដឹង​តាម​ផ្លូវច្បាប់​នេះ គឺជា​គំរូ​មួយ​ដើម្បី​ឱ្យ​ជន​រង​គ្រោះ​ទាំងអស់​ នាំ​គ្នា​ដាក់បន្ទុក​លើ​ជន​កំហូច ហើយ​មន្ដ្រី​តុលា​​ការ​រំពឹង​ថា នឹង​មាន​អ្នក​រង​គ្រោះ​ដទៃ​ទៀត​មក​ដាក់​ពាក្យបណ្ដឹង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ថា អ្នក​រង​គ្រោះ​ដោយការ​លួច​ថត​មាន​ចំនួន​ជាង​៦០០​នាក់ ដោយ​ជនឈ្មោះ​នេ​ត ខៃ ប្រើ​ល្បិច​ឱ្យ​ចូល​ក្នុង​បន្ទប់​ទឹកដោះ​សំលៀក​បំពាក់​នៅ​ខ្លួន​ននលគក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្ដិយស​ស្ដ្រី​ខ្មែរ ​យ៉ាងធ្ងន់ធ្ងរ
បំផុត ។ មន្ដ្រី​តុលាការ​និយាយ​ថា បណ្ដឹង​ជន​រងគ្រោះ​៣​នាក់​នេះ​ វា​គ្រប់គ្រាន់​ពេក​ទៅ​ហើយ សំរាប់​តុលាការ​ផ្ដន្ទាទោស​ទៅ​លើ​ជន​កំហូច​នេ​ត ខៃ នា​ពេល​ខាង​មុខ ព្រោះ​មាន​ជន​រង​គ្រោះ ម្នាក់​ជា​អនីតិជន គឺ​បើ​ជន​រង​គ្រោះជា​អនីតិជន តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ផលិត និង​ចែកចាយ រូប​អាសអាភាស​ក្នុង​កថាខណ្ឌ​ទី​១ ទី​២ មាត្រា៤១ តំរូវ​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ឬ​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ ។ កន្លង​មក​មាន​ពាក្យ​លេចឮ​ត​គ្នា​ថា នេ​ត ខៃ ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ និង​ខ្លះ​ទៀត និយាយ​ថា តុលាការ​ចោទប្រកាន់​គេ​ស្រាល​ពេក ពី​១​ខែ​ទៅ​១​ឆ្នាំ ។ ទោះបីជា​បែប​ណា​ក្ដី​ព័ត៌មាន ទាំង​អស់នោះ​មិន​ពិត​ទេ គឺ​សព្វថ្ងៃ នេ​ត ខៃ កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សហើយ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​សាលាដំបូង​រាជធានីភ្នំពេញ នឹង​បើក​សវនាការ​ផ្ដន្ទាទោស ព្រមទាំង​កំពុង​បន្ដ​ចាត់ការ​លើ​បណ្ដឹង​ជន​រង​គ្រោះ ដែល​ជា​អនីតិជន​ទៀត ។ នេ​ត ខៃ ត្រូវ​បាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃ ទី​២៩​មិថុនា​ដើម្បី​រង់ចាំ​ការ​បើក​សវនាការវិនិច្ឆ័យ​ទោស​ជា​ផ្លូវការ ។ តាម​ប្រភព​ច្បាស់​ការណ៍​នៅ​សាលាដំបូង​រាជធានី តំណាង​អយ្យការ គឺ​លោក​ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​រង​បាន​ធ្វើការ​ឆែកឆេរ និង​រក​ឃើញ​រូបភាព​ស្ដ្រីអាក្រាត​កាយ​ក្នុង​ម៉េ​ម៉ូ​រី​កុំព្យូទ័រ​ជន​កំហូច​ឈ្មោះ នេ​ត ខៃ នេះ​មាន​ចំនួន៦២៧​នាក់ ដែល​បាន​ទៅងូតទឹក​មន្ដ​ក្នុង​បន្ទប់ ។ សូម​បញ្ជាក់​ថា កាលពីពេល​ចាប់ខ្លួន​ភ្លាម​ៗ ប៉ូលិស​រក​ឃើញ​តែ​ជាង៣០០​នាក់​ប៉ុណ្ណោះ ។

បន្ទាប់​ពី​បាន​រក​ឃើញ​រូបភាព​ស្ដ្រី​ស្រាត​ក្នុង​បន្ទប់​ទឹកមន្ដ​នៅ​ក្នុង​កុំព្យូទ័រ​របស់​ជន​កំហូច​នេះ​ហើយ​លោក​ឯក ឆេ​ង​ហួត ក៏​បាន​ចោទប្រកាន់​លើ​ឈ្មោះ​នេ​ត ខៃ ជា​ផ្លូវការ​ពី​បទ​ផលិត និង​ចែកចាយ​រូបភាព​អាសអាភាស ។ បន្ទាប់​ពី​ការ​ចោទប្រកាន់​ពី​តំណាង​អយ្យការ​រួច​ហើយ ក៏​បាន​ចាត់​បញ្ជូន​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ដើម្បី​សំរេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ អាសន្ន​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ដ ​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ជន​កំហូច​ឈ្មោះ​នេ​ត ខៃ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ផលិត និង​ចែកចាយ​រូបភាព​អាសអាភាស​យោង​តាម​មាត្រា​៣៩ ក្នុង​គោលដៅ​ប្រើប្រាស់ ឬ​ប្រព្រឹត្ដ​បទល្មើស​ដែល​តាម​ច្បាប់​ត្រូវ​ផ្ដន្ទាទោស​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២០​ម៉ឺន​ទៅ​២​លាន​រៀល​ ។ តាម​មាត្រា​៣៩ កថាខណ្ឌ​ទី​៣ បាន​បញ្ជាក់ យ៉ាង​ច្បាស់​ថា រូបភាព​និង​សំភារ​អាសអាភាស មាន​ន័យ​ថា ជា​សំភារ​ដែល​អាច​មើលឃើញ​នឹងភ្នែក​ដូច​ជា​រូបថត ខ្សែ​វី​ដេ​អូ រួម​ទាំង​សំភារ អេ​ឡិច​ត្រូ​និក​ដែល​ពិពណ៌នា​អំពី​កេ​រិ៍្ដ​ភេទ ឬរូបភាព​អាសអាភាស​ប្រហាក់ប្រហែល​ផ្សេង ទៀត​ធ្វើ​ឱ្យ​រំភើប ឬ​រំជួល​ដល់​ចំណុច​ផ្លូវភេទ ។

បើ​ពិនិត្យ​ទៅ​លើ​អង្គច្បាប់​ឃើញ​ថា អ្នក​ប្រព្រឹត្ដបទល្មើស​ដូច​ជន​កំហូច នេ​ត ខៃ នេះ​ហាក់ដូចជា​មានទោស​ស្រាល​ពេក​ណាស់ ប៉ុន្ដែ​ទោះជាយ៉ាងណា​ការ​ស៊ើបអង្កេត​របស់​តុលាការ​ពិតជា រក​បន្ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​រក​យុត្ដិធម៌​ឱ្យ អ្នក​ដែល​ត្រូវ​រង​គ្រោះ​ដោយសារ​ជន​ឈ្មោះ​នេ​ត ខៃ ដែល​យក​កិត្ដិយស​ស្ដ្រីភេទ​លេងសើច​បែបនេះ​ជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​ជាង​អ្នក​បញ្ចូល​រូបអាសអាភាស​នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៅ​ទៀត ព្រោះ ទី​១-​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កិត្ដិយស នៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ទី​២-​បាន​ធ្វើ​ឱ្យ​ពិធីការ​តាម​បែប​សាសនា​នានា មានការ​ប៉ះពាល់ ទី​៣-​គឺ​ភាព​អាក្រាត​របស់​នារី ភេទ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​អាម៉ាស់​ប៉ះពាល់​ដល់កិត្ដិយស​ស្ដ្រីភេទ​យ៉ាងធ្ងន់ធ្ងរ ៕