រាជធានីភ្នំពេញ ៖ ការបិទខ្ទប់តំបន់ជុំវិញ រោងចក្រហ្គ្រេនធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា)ភីអិលស៊ី ហៅរោងចក្រQMI ត្រូវបានប្រជាពលរដ្ឋក៏ដូចជា អាជ្ញាធរមូលដ្ឋានមួយចំនួនមានការរិះគន់ និងបានចាត់ទុកថា ការបិទខ្ទប់នេះមិនចំគោលដៅ គឺបិទ តែផ្នែក ខ្លះ និងផ្នែកមួយចំនួនទៀត ដែលជាកន្លែងកម្មករស្នាក់នៅមានវិជ្ជមានជាច្រើននាក់ មិនបានបិទខ្ទប់នោះទេ ។
ម្យ៉ាងទៀត នៅមុខរោងចក្រដែលជាផ្សារលក់ដូរនៅតាមដងផ្លូវ នៅទីប្រជុំជន ដែលកម្មករកម្មការីនីប្រជ្រៀតគ្នាទិញមិនត្រូវបានបិទ និងនៅបន្តលក់ដូរទៀត ។ ការបិទខ្ទប់មិនចំគោលដៅត្រូវបានមហាជនមើលឃើញថា ការបិទខ្ទប់នេះគ្មានប្រយោជន៍ហើយវាក៏អាចបង្កអោយកើតមានហានិភ័យយ៉ាងខ្លាំងផងដែរ ។
ទោះបីជាយ៉ាងណានៅខណៈពេលដែលអាជ្ញាធរបានដឹករនាំង ទៅបិទខ្ទប់នៅតំបន់មួយចំនួនជុំវិញរោងចក្រ QMI នោះ កម្មករកម្មការីនី ដែលធ្វើការនៅរោងចក្រខាងលើ និងមួយចំនួនទៀត ដែល ធ្វើការនៅកន្លែងផ្សេងក៏បាននាំគ្នារត់ចេញទៅស្នាក់នៅខាងក្រៅ មិនតិចជាងពាក់កណ្តាលនោះទេ ។
រោងចក្រហ្គ្រេនធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា)ភីអិលស៊ី ហៅរោងចក្រQMI ជារោងចក្រកាត់ដេរសំលៀកបំពាក់ដ៏ធំមួយ ស្ថិតនៅទីប្រជុំជន និងផ្សារក្នុងភូមិ ត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានកម្មករកម្មការីនី ប្រមាណ៤ពាន់នាក់ ។
បន្ទាប់ពីកម្មករកម្មការីនីបានផ្ទុះនូវវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ចំនួន៣០២នាក់ តាំងពីថ្ងៃទី០៤ ខែឧសភា និងថ្ងៃទី០៦ ខែ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ជា «តំបន់លឿងទុំ»និងបានបិទខ្ទប់តំបន់មួយចំនួននៅជុំវិញរោងចក្រ ។
តាមសេចក្តី សម្រេចត្រូវបានកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះ នៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា«តំបន់លឿងទុំ» សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
បន្ទាប់ពីមានសេចក្តីសម្រេចអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ ចោមចៅ៣ ព្រមទាំងប្រធានភូមិ និងប្រជាការពារក៏បានដឹករនាំងដែក ទៅធ្វើការបិទខ្ទប់ កាលរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ ។ ខណៈនោះកម្មករ កម្មការីនី មានការព្រួយបារម្ភ ពីជីវភាព និងខ្លះខ្លាច មិនអាចចេញទៅធ្វើការក៏បាននាំគ្នារត់ចេញ ជាបន្តបន្ទាប់ ។
អ្វីដែលគួរអោយកត់សំគាល់នោះ នៅក្នុងការបិទខ្ទប់ មិនអនុវត្ត អោយបានត្រឹមត្រូវបានសេចក្តី សម្រេចនោះទេ និងម្យ៉ាងទៀត ការបិទខ្ទប់មិនបានចំគោលដៅដែលជាចំណុចកម្មករផ្ទុះវិជ្ជមាននោះដែរ ។
តាមព័ត៌មានថា ក្នុងការបិទខ្ទប់បានធ្វើឡើងនៅចំណុចមួយផ្នែក ខាងជើងទីតាំងរោងចក្រ ដែលស្ថិតនៅ ក្នុងភូមិត្រពាំងពោធិ៍ ។ ចំណែកផ្នែកខាងលិចជាប់រោងចក្រត្រង់ច្រកចេញផ្លូវក្រោយ ស្ថិតនៅភូមិជម្ពូវ័ន២មិន បានបិទ ទៅតាមសេចក្តីសម្រេចដែលកំណត់ភូមិនោះ ជាតំបន់លឿងទុំឡើយ ។ រីឯខាងត្បូងរោងចក្រ ដែលមួយចំណែកស្ថិតនៅភូមិជម្ពូវ័ន២ និងមួយចំណែកទៀត ស្ថិតនៅ ភូមិ ព្រៃព្រីងខាងជើង២ ដែលចំណុចនេះ ប្រធានភូមិអះអាងថា ជាចំណុចផ្ទុះវិជ្ជមានកូវីដច្រើន ដែលកន្លែងមួយមានចំនួន១៧នាក់ ហើយ ភូមិក៏បានគូសប្លង់ប្រាប់ថ្នាក់លើដែរ តែថ្នាក់លើគាត់ធំមិនធ្វើតាមមិនដឹងធ្វើម៉េច ។
ដោយឡែកទៀតមួយផ្នែក ស្ថិតនៅខាងកើតមុខរោងចក្រដែលផ្លូវទី១ មិនបានបិទនោះទេ , ផ្លូវទី២ និងទី៣ បានបិទដោយអន្លើរៗ តែមួយផ្នែកចេញមកផ្លូវធំមុខរោងចក្របាន ព្រោះមិនបានបិទនោះទេ ។ ចំណែកអាជីវករ ដែលលក់ដូរនៅមុខរោងចក្រ QMI ដែលផ្ទុះវិជ្ជមានកូវីដតាមបណ្តោយផ្លូវធំ ក៏បានបន្តលក់ដូរព្រោងព្រាតដូចដើម ។
ការបិទខ្ទប់មិនចំគោលដៅ និងបណ្តោយអោយអាជីវករលក់ដូរនៅចំណុចផ្ទុះមុខរោងចក្របែបនេះវាអាចបង្កអោយកើតមានហានិភ័យ ។ ចំណែកការបិទខ្ទប់ទៀតសោតមិនបានទុកផ្លូវ (រន្ធខ្យល់) ដើម្បីត្រួតពិនិត្យឯកសារ អោយមានការចេញចូលទៅបំពេញការងារផ្សេងៗទៅតាមសេចក្តី ក្នុងប្រការ២នោះទេ ៕
ចែករំលែកព័តមាននេះ