ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានសម្រេចបិទខ្ទប់ចំណតរថយន្តផ្សារលើ និងភោជនីយដ្ឋានមួយកន្លែង ដែលនៅជាប់នឹងចំណតរថយន្តនោះ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១។ វិធានការនេះ បានធ្វើឡើង បន្ទាប់ពីរកឃើញអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ និងក្រុមគ្រួសារ សរុប ៤នាក់ បានឆ្លងកូវីដ១៩។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ដែលបានចុះបិទទីតាំងចំណតរថយន្ត និងអាហារដ្ឋាន មានយីហោ «សុខសាន្ត» ជាប់នឹងចំណតរថយន្តខាងលើ បាន្យដឹងថា ការបិទខ្ទប់នេះ ធ្វើឡើង បន្ទាប់ពីរកឃើញអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ឈ្មោះ ឡុង មានទីលំនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងប្រពន្ធ ជាអ្នកលក់បាយ នៅចំណតរថយន្ត រួមនឹងកូន សរុប ៣នាក់ទៀត ឆ្លងកូវីដ១៩។
ចំណែកឯភោជនីយដ្ឋានឈ្មោះ សុខសាន្ដ ជាប់នឹងចំណតរថយន្ត ដែលត្រូវបានបិទខ្ទប់ មិនឲ្យលក់ដូរដែរនោះ ក៏ព្រោះតែមានអ្នកបកប្រែចិនម្នាក់ ឆ្លៀតពេលទំនេរ មករត់តុ និងសម្រាកនៅទីនោះ។ អ្នកបកប្រែចិននោះ បានឆ្លងកូវីដ។
ជាមួយគ្នាដែរ យោងតាមរបាយការណ៍របស់មណ្ឌលចត្តាឡីស័ក កម្រិត២ នៅសាលាគំរូ ក្នុងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ពីការរកឃើញវិជ្ជមានកូវីដ ចំនួន ២នាក់ នៅភូមិស្រែព្រីង ដែលជាកម្មកររោងចក្រអឹមវ៉េ ផងដែរ។
ដោយឡែក សេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ នៅថ្ងៃទី៩ ខែមិថុនានេះថា គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា មន្ត្រីជំនាញនៃមន្ទីរសុខាភិបាល បានរកឃើញអ្នកឆ្លងគឺមានចំនួន ១៦នាក់។ ក្នុងនោះ ស្រុកកំពង់ត្រឡាច ២នាក់ (ម្នាក់ ជាសិស្ស ម្នាក់ជាកុមារ) ស្រុកសាមគ្គីមានជ័យ ចំនួន ១០នាក់ ជាកម្មកររោងចក្រ និងនៅស្រុកទឹកផុស ចំនួន ៤នាក់ ក្នុងនោះ ៣នាក់ ជាកម្មកររោងចក្រ ម្នាក់ជាកសិករ។
សូមបញ្ជាក់ដែរថា ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដ សរុ ចំនួន ៣១៩នាក់ ស្រី ២៣៩នាក់។ ក្នុងនោះ មានអ្នកជាសះស្បើយ សរុប ១៥៩នាក់ ស្រី ១១២នាក់៕ ពៅ សុខហ៊ាន










ចែករំលែកព័តមាននេះ