ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្មគ្រោងចំណាយ ៦៦ លានដុល្លារលើគម្រោងកាត់បន្ថយភាពក្រីក្រីជុំវិញបឹងទន្លេសាប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន ២ ត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពកសិកម្ម និងកែលម្អលទ្ធភាពទីផ្សារលក់ផលិតផលរបស់កសិករ តាមឃុំសង្កាត់គោលដៅចំនួន ២៧០…

រាជធានីភ្នំពេញ ៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន ២ ត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពកសិកម្ម និងកែលម្អលទ្ធភាពទីផ្សារលក់ផលិតផលរបស់កសិករ តាមឃុំសង្កាត់គោលដៅចំនួន ២៧០ ក្នុង ៣៨ ស្រុក ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ។ 

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គម្រោងនេះមាន ៣ សមាសភាគ មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតភាពជនបទ និងជីវភាពរស់នៅ ព្រមទាំងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ អំណោយផលសម្រាប់បង្កើនផលិតភាពកសិកម្ម ពិពិធភាវូនីយកម្ម និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគម្រោងមានប្រសិទ្ធភាព ។

គម្រោងនេះប្រតិបត្តិដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ (លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) និងចូលរួមអនុវត្តដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ 

ឯកឧត្តម វេង សាខុន ឲ្យដឹងថា គម្រោងនេះមានគោលបំណងកែលម្អជីវភាពរស់នៅ និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុរបស់កសិករចំនួន ៦៥០ ០០០ គ្រួសារ នៅតាមឃុំសង្កាត់គោលដៅចំនួន ២៧០ ក្នុងខេត្តប្រាំពីរ នៅតំបន់ជុំវិញបឹងទន្លេសាប មានរយៈ ពេល ៥ ឆ្នាំ(ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ ២០១៨ ដល់ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ 

«គម្រោងមានថវិកាសរុប ចំនួន ៦៦ លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានកម្ចីចំនួន ៤៥ ៧២៥ លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)  ជំនួយឥតសំណងចំនួន ៤ ២៧៥ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី កម្ចីចំនួន ១០ លានដុល្លារ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និង ទុនបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៦ លានដុល្លារ ។

លទ្ធផលសំខាន់ៗដែលគម្រោងនេះសម្រចបានមានដូចជា ៖ ការផ្តល់ព័ត៌មានកសិកម្ម និងទិន្នន័យទីផ្សារ  គាំទ្រការអភិវឌ្ឈន៍សង្វាក់តម្លៃ គាំទ្រដល់ក្រុមកែលម្អទីផ្សារ ។ ក្នុងការគំាទ្រដល់ការកែលម្អទីផ្សារនេះ គម្រោងបានរៀបចំបង្កើតក្រុមកែលម្អទីផ្សារបានចំនួន ២១៦ ក្រុម ក្នុងនោះរួមមាន ៖ ក្រុមកែលម្អទីផ្សារមាន់បានចំនួន ១១៣ ក្រុម, ក្រុមកែលម្អទីផ្សារបន្លែបានចំនួន ២៤ ក្រុម, ក្រុមកែលម្អទីផ្សារស្រូវបានចំនួន ៣៨ ក្រុម និងក្រុមកែលម្អទីផ្សារចិញ្ចឹមត្រីនិងកង្កែបបានចំនួន ៤១ ក្រុម ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ដោយសារជំងឺកូវីដ ១៩ ការអនុវត្តគម្រោងបានជួបបញ្ហាប្រឈម ពោលអាជ្ញាធរមូលដ្ឋានមានការរឹតបណ្តឹងការជួបជុំ ដែលមានអ្នកចូលរួមច្រើន និងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ។ ការអនុវត្តន៍សកម្មភាពគម្រោងមួយចំនួនត្រូវបានពន្យារពេល និងមួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ