ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថា ម្ចាស់ទូរស័ព្ទប្រមាណ៥ពាន់គ្រឿងដែលប្រុងគេចពន្ធនាំទៅប្រទេសវៀតណាម ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺមានឈ្មោះចែម មួយ រស់នៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី៨ មិថុនា កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍ សហការជាមួយកំលាំងមន្ត្រីជំនាញគយសាខាខេត្តព្រៃវែង បានស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ២AK៣០៥៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកវរសេនីយ៍ត្រី ឈួន ឬទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៍មានអោយដឹងថា ក្រោយពីចាប់ឃាត់រថយន្តខាងលើ មន្ត្រីជំនាញបានឆែកឆេររកឃើញនៅក្នុងរថយន្តនោះមានដឹកទូរសព្ទ័ស៊េរីទំនើបចំនួន៤៦៨០គ្រឿង ដែលអត់មានឯកសារបង់ពន្ធអ្វីទាំងអស់ ដែលក្នុងនោះ រួមមានទូរសព្ទដៃ iphone 12(promax)ចំនួន៧៦៨ គ្រឿង
២. ទូរសព្ទដៃ iphone 12 ចំនួន ៩៤ គ្រឿង
៣. ទូរសព្ទដៃ iphone 11(promax)ចំនួន៦៨៤គ្រឿង
៤. ទូរសព្ទដៃ iphone 11 ចំនួន ១៥៥៥គ្រឿង
៥. ទូរសព្ទដៃ iphone(xsmax)ចំនួន ៧៣៨គ្រឿង
៦. ទូរសព្ទដៃ iphone 7(plus)ចំនួន ៦៧៩គ្រឿង
៧. ទូរសព្ទដៃ iphone 7 ចំនួន ១៦២ គ្រឿង។

លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៍បានបន្តទៀតថា រថយន្តសាំយ៉ុងដឹកទូរសព្ទ័គេចពន្ធខាងលើនេះ បើកបរដោយបុរសម្នាក់ឈ្មោះ ខែម ទី ភេទប្រុស អាយុ39ឆ្នាំ មានទីលំនៅក្នុងភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយទូរសព្ទ័ទាំងអស់នេះ គឺឈ្មួញមានបំណងលួចនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀងក្នុងទឹកដីខេត្តស្វាយរៀង តែពេលមកដល់ទឹកដីស្រុកពាមរក៌ ក៏ត្រូវបានចាប់ឃាត់តែម្តង។

គួរបញ្ជាក់ផងដែរថា ក្រោយពីចាប់ឃាត់រថយន្តខាងលើបានភ្លាម ទាំងមនុស្សនិងវត្ថុតាង ត្រូវបានប្រគល់ជូនទៅមន្ត្រីជំនាញគយ សាខាខេត្តព្រៃវែងទាំងយប់ ដើម្បីចាត់ការបន្ត ប៉ុន្តែនៅព្រឹកថ្ងៃទី៩មិថុនានេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីមន្ត្រីជំនាញគយសាខាខេត្តព្រៃវែងបាននោះទេ ជុំវិញចំណាត់ការបន្តលើទំនិញគេចពន្ធទាំងនេះ…. ។ ដោយ៖ ចក្រី
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត។

ចែករំលែកព័តមាននេះ