ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ផែនការរំដោះទន្លេ នៅរាជធានីភ្នំពេញ អាចនឹងមិនសម្រេច​តាមផែនការទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនានេះ ជាឱសានវាទ​ ដែល​រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ១សប្តាហ៍ គិតពីថ្ងៃទី២មិថុនា ​ដើម្បី​ឲ្យ​រុះរើ ឬចល័ត​បែចិញ្ចឹមត្រី…

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនានេះ ជាឱសានវាទ​ ដែល​រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ១សប្តាហ៍ គិតពីថ្ងៃទី២មិថុនា ​ដើម្បី​ឲ្យ​រុះរើ ឬចល័ត​បែចិញ្ចឹមត្រី ផ្ទះ​បណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់​មិនរៀប​រយ​លើផ្ទៃទន្លេ ចេញពី​​ភូមិសាស្ត្រ​​រាជធានីភ្នំពេញ​។ ប៉ុន្តែ១សប្តាហ៍មកនេះ មាន​ផ្ទះបណ្តែតទឹក និងបែត្រី​តិចតួចណាស់ ដែលបានចល័ត​ចេញពី​ដៃទន្លេសាប ទៅកាន់​ទន្លេមេគ្គក្រោម និង​ខ្លះអូសចេញ​ទៅខេត្តកណ្តាល។​ ប៉ុន្តែ​បែចិញ្ចឹមត្រី​ ដែលអូសទៅដល់ទឹកដីខេត្តកណ្តាល ត្រូវបានអាជ្ញាធរខេត្តកណ្តាល ដេញ​ឲ្យ​វិល​មកកន្លែងដើមវិញ​។​​

យ៉ាងហោចណាស់ មានបែចិញ្ចឹមត្រី​ចំនួន ៥ នៅក្នុង​ដៃទន្លេសាប ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ និង ខណ្ឌ​ព្រែក​ព្នៅ បានចាកចេញ ទៅរក​ទីតាំង​ថ្មី តាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ តែ​ត្រូវបាន​អាជ្ញាធរ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ដេញ​ឱ្យ​ត្រឡប់មក​កន្លែង​ដើម​វិញ​។

ក្រៅពីនេះ នៅតាមទន្លេបាសាក់ ក្នុងទឹកដីខណ្ឌច្បារអំពៅ​ ខាងសង្កាត់​ព្រែកប្រា​ ក៏ដូចជានៅផ្ទះបណ្តែតទឹក នៅ​ជិតស្ពានព្រែកព្នៅ​ ក៏មាន​ក្រុមអ្នកចិញ្ចឹមត្រី និងអ្នករស់នៅលើផ្ទះបណ្តែត​ទឹក​ ដែល​​ជាអនិក​ជន​​វៀតណាម​ បានផ្តិតមេដៃតវ៉ា រហូតដល់​មានអន្តរាគមន៍​ពីស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដើម្បីស្នើសុំ​ដល់​អាជ្ញាធររាជធានីភ្នំពេញ ឲ្យពន្យារពេល​​ រហូតដល់ ៦ខែទៀត ទម្រាំ​ចាប់ត្រីលក់​អស់ពីបែចិញ្ចឹម​ទាំងអស់នោះ​​។​

ចំពោះការ​ស្នើសុំ​ពន្យារពេល​នេះ ក៏ត្រូវបានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឆ្លើយតប​នឹងអ្នកកាសែតថា សាលារាជធានីភ្នំពេញ កំពុងពិចារណា​។ ដំបូង អាជ្ញាធររាជធានីភ្នំពេញ សម្រេចថា ក្រោយ​ថ្ងៃផុតកំណត់ នាថ្ងៃទី៩មិថុនា គឺអាជ្ញាធរសមត្ថកិច្ចចម្រុះ នឹង​ដឹក​នាំប្រតិបត្តិការ​​​អនុវត្ត​វិធានការ​បណ្តេញចេញ ដោយ​កំណត់​​ធ្វើ​មុនគេ នៅខណ្ឌព្រែកព្នៅ នាថ្ងៃសៅរ៍ ទី១២មិថុនា។​​

ប៉ុន្តែបើតាម​ការតវ៉ា ​​ធ្វើលិខិត​ផ្តិតមេដៃ ដោយមានទាំងអន្តរាគមន៍ពីទូតវៀតណាមផង រួមទាំង​ការរកកន្លែងថ្មី តាំង​នៅ​មិនបាន ក្នុងទឹកទន្លេ នៅខេត្តកណ្តាល​ផង ទាំងនេះ អាច​នឹងធ្វើ​​ឲ្យ​ផែនការរំដោះទន្លេ​​នៅភូមិសាស្ត្រ​រាជធានីភ្នំពេញ ដែល​ជាគម្រោងរបស់លោកអភិបាល​ ឃួង ស្រេង មិនទាន់អាចសម្រេចបានតាមផែនការ​នៅឡើយទេ​។

ជាការពិតហើយ ការរស់នៅលើទឹក និងការចិញ្ចឹមត្រី​ក្នុងបែធំៗនេះ ដូចការលើកឡើងក្នុង​​​សេចក្តីជូនដំណឹង​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​កន្លងមក មាន​ជន​ឱកាសនិយម​មួយចំនួន បាន​លបលួច ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេ ហើយ​​កន្លែង​ខ្លះ បាន​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរណ៍ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាកសំណល់ ការ​បន្ទោ​របង់ ពាសវាល​ពាសកាលក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណភាព រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក មិន​ស្អាត​ផងដែរ។​

​ចំពោះមុខនៅពេលផុតឱសានវាទនេះ ជាដំណោះស្រាយ អាជ្ញាធររាជធានីភ្នំពេញ អាចសម្របសម្រួល​ រកកន្លែង​ថ្មី នៅលើគោក ដោយមានទាំង​ស្រះចិញ្ចឹមត្រី ហើយផ្ទេរ​ឲ្យអ្នកចិញ្ចឹមត្រីតាមបែក្នុងទន្លេទាំងអស់នោះ ចាប់ត្រី យកទៅចិញ្ចឹម​ក្នុងស្រះ​លើគោកវិញ។ ឬក៏​អាច​អូសយកបែត្រីទាំងអស់នោះ ទៅកន្លែងសមគួរណាមួយ នៅក្នុងទីតាំង​សមស្របទម្រាំ​ត្រីធំ អាចចាប់លក់​បាន។

សម្រាប់អ្នក​រស់នៅលើផ្ទះបណ្តែតទឹក គឺ​ជាជម្រើសដ៏ល្អ អាជ្ញាធររាជធានីភ្នំពេញ ត្រូវសហការ ជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ស្រង់យកអ្នកទាំងនោះ មករស់នៅលើគោក នៅតំបន់​ដីគោកណាមួយ ដែលអាជ្ញាធរ​​រៀបចំ ​ដូចករណីនៅខេត្តកំពង់ឆ្នាំង​ ជាឧទាហរណ៍​។

ករណីនេះ ត្រូវការ​ពេលយូរបន្តិចទម្រាំរៀបរយ​។ តែបើថា ដេញ​ឲ្យតែផុតៗពីទឹកទន្លេ ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ គឺចេះតែធ្វើទៅបានហើយ តែទៅដល់ខេត្តកណ្តាល អាជ្ញាធរខេត្តកណ្តាល មិនអនុញ្ញាត​ឲ្យឈប់ ក៏ត្រូវដេញចុះដេញឡើង​ ហើយ​រសាត់អណ្តែត​លើទឹក​ យូរៗទៅ នឹងវិលចុះវិលឡើង មកដល់​ភូមិសាស្ត្រ​រាជធានីភ្នំពេញវិញដដែល នៅថ្ងៃក្រោយ ជាមិនខាន។​

ជាការពិតហើយ ស្ទើរតែទាំងអស់ អ្នករស់នៅលើទឹក និងអ្នកចិញ្ចឹមត្រីក្នុងបែធំៗតាមទន្លេនោះ ជាជនជាតិវៀតណាម ខ្លះជាអនិកជនរស់នៅខុសច្បាប់ ហើយខ្លះទៀត ក៏បានរៀបចំឯកសារ​ មានទាំងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថែមទៀត។ ប៉ុន្តែ​របៀបរស់នៅ សម្លៀកបំពាក់ និងសំឡេងនិយាយ​ ចេញមក នៅតែគេអាចកត់សម្គាល់ថា ជាជនជាតិវៀតណាម​។​

ដូច្នេះ ដើម្បី​ឲ្យផែនការរំដោះទន្លេចេញពី​ក្រុមអ្នករស់នៅលើទឹក និងអ្នកចិញ្ចឹមត្រីតាមបែធំៗ ទទួលបានជោគជ័យ ​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាពអសកម្មនានា ចាំបាច់ណាស់ ដែលរដ្ឋបាលរាជធានី​ភ្នំពេញ ត្រូវសហការជាមួយសមាគម និងស្ថានទូតវៀតណាម រៀបចំ​ឲ្យ​​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​ផ្ទះ​បណ្តែតទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេទាំងអស់ ត្រូវឡើងលើគោក​។ រកកន្លែងរស់នៅលើគោក ប្តូរមុខរបរនេសាទ ហើយបើជាអ្នកចិញ្ចឹមត្រី ក៏ត្រូវជាអ្នកចិញ្ចឹមត្រី នៅ​ក្នុងស្រះ លើ​គោក។

យ៉ាងណាក៏ដោយ កន្លងមក តាមការកត់សម្គាល់ រដ្ឋបាលរាជធានី​ភ្នំពេញ ក៏បានប្រើ​វិធានការ​រដ្ឋបាល​ជាច្រើនរួចមកហើយ លើករណី​ប្រជាជនកម្ពុជា ដែលរឹងទទឹង​ មិនរុះរើ​ចេញ​ក្នុងករណីជម្លោះដីធ្លីជាច្រើន​ មានជាអាទិ៍ នៅបុរីកីឡា នៅបឹងកក់ នៅដីក្រហម និងនៅសហគមន៍សំបុក​ចាប ជាដើម។ ប៉ុន្តែទន្ទឹមនឹងវិធានការរដ្ឋបាល និង​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដាក់​ព​ន្ធនាគារ​ផង​នោះ កន្លងមក​ ​​អាជ្ញាធរ​សមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានរៀបចំ​ដី​​​ ជាកន្លែងរស់នៅថ្មី សម្រាប់បងប្អូន​ប្រជាជន ដែលត្រូវបណ្តេញចេញទាំងនោះ តាំងទីលំនៅថ្មី​​​។​

ចុះពេលនេះ ពេលដែល​ឱសានវាទចូលមកដល់ ហើយ​ក៏មានការតវ៉ាផ្តិតមេដៃប្តឹងដល់ស្ថានទូតវៀតណាមផង ទូតវៀតណាម ក៏​បានលូកដៃអន្តរាគមន៍ ការពារប្រជាជនរបស់គេផង តើផែន​ការរំដោះទន្លេរបស់លោកឃួងស្រេង អាចសម្រេចបានទេ​?​ ​

ដំណោះស្រាយ មានតែការសម្របសម្រួល រកទីតាំង​ថ្មីនៅលើ​គោក និងត្រូវរកកន្លែងចិញ្ចឹមត្រីថ្មី សម្រាប់​​​អ្នក​​មាន​បែ​ត្រី​ ឬ​​ក៏​​​ពន្យារ​ពេល រហូត​​ដល់​ត្រី​ធំ ចាប់លក់អស់ហើយ ចាំរុះរើចេញ។ តែចំណុចនេះ ​ក៏​ត្រូវ​​ធ្វើ​​ខ​សន្យា​ត្រឹម​ត្រូវ​ ហើយ​ពេលអស់ត្រី​ក្នុងបែ ក៏នៅតែត្រូវរកទីតាំង​ដីលើគោក​ សម្រាប់​ក្រុម​អ្នករស់នៅ​លើបែត្រីទាំងនោះ​​ដែរ៕