ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារសំខាន់ នៃ​ការ​អភិវឌ្ឍន៍​បង្គន់​អនាម័យ​សាធារណៈ

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥​វិច្ឆិកា​២០១៥​នេះ នៅ​ក្រុង​សៀមរាប បាន​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​មួយ​ស្តី​ពី​​​សារសំខាន់​នៃ​ការ​អភិវឌ្ឍន៍​បង្គន់​អនាម័យ​សាធារណៈ ដោយ​លោក Casey Killian អនុប្រធាន​

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥​វិច្ឆិកា​២០១៥​នេះ នៅ​ក្រុង​សៀមរាប បាន​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​មួយ​ស្តី​ពី​​​សារសំខាន់​នៃ​ការ​អភិវឌ្ឍន៍​បង្គន់​អនាម័យ​សាធារណៈ ដោយ​លោក Casey Killian អនុប្រធាន​សមាគម​បង្គន់​អនាម័យ​ពិភពលោក (WTA) បាន​លើក​ឡើង​ថា ក្នុង​មួយ​ឆ្នាំ​ៗ  នៅ​លើ​ពិភពលោក​មាន​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​កង្វះ​អនាម័យ ហើយ​បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក​មាន​មនុស្ស​ប្រមាណ​ជា​៧០០​លាន​នាក់​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដែល​ពុំ​មាន​អនាម័យ ។

លោក Casey Killian និយាយ​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​ពេល​ដែល​មាន​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ ស្តី​អំពី​សារសំខាន់​នៃ​ការ​អភិវឌ្ឍន៍​បង្គន់​អនាម័យ​សាធារណៈ ។ អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​លោក Casey Killian វា​ដូច​ជា​សារ​ព្រមាន​មួយ​បង្ហាញ​អំពី​សារសំខាន់ នៃ​ការ​អភិវឌ្ឍន៍​បង្គន់​អនាម័យ​សាធារណៈ ដែល​បញ្ហា​នេះ​វា​មិន​ត្រឹមតែ​ពាក់ព័ន្ធ​ជាមួយ​សុខភាព​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ចំណែក នៃ​ការ​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ផង​ដែរ ព្រោះ​មនុស្ស​ពិតជា​មិន​អាច​ប្រកែក​បាន​ទេ ក្រោយ​ពី​ការ​បរិភោគ​អាហារ គឺ​មាន​តម្រូវការ​ត្រូវ​បន្ទោបង់​កាក​សំណល់​ចោល​វិញ ។

សិក្ខាសាលា​នេះ​សហការ​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា និង​មាន​កិច្ចសហការ​គាំទ្រ​ដោយ​សមាគម​បង្គន់​អនាម័យ​ពិភពលោក និង​សាលា​រដ្ឋធានី ស៊ូ​វ៉ុ​ន នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​នោះ​រួម​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ជាតិ អន្តរជាតិ មក​ពី​តំបន់​អាស៊ាន និង​ពិភពលោក ហើយ​កិច្ច​ដំណើរការ​នៃ​អង្គ​សិក្ខាសាលា​នេះ​គ្រោង​នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

លោក ឱ​ក តារា​រិ​ទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ឧស្សាហកម្ម​ទេសចរណ៍ គឺជា​វិស័យ​ផ្តួចផ្តើម​មុនគេ​សម្រាប់​ការ​អភិវឌ្ឍន៍ភាព​ស្អាត និង​អភិវឌ្ឍន៍​បៃតង ។ លោក​បង្ហាញ​បន្ថែម​ថា ជា​លទ្ធផល ក្រសួងទេសចរណ៍​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​យុទ្ធនាការ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវា​ល្អ នៅ​ក្នុង​ទូ​ទាំង​ប្រទេស ហើយ​បង្គន់​អនាម័យ​សាធារណៈ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​អន្តរ​វិស័យ​ដទៃ​ទៀត ដោយ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព និង​ការ​ទទួលខុសត្រូវ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ឱ​ក តារា​រិ​ទ្ធិ បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់​ដឹ​នាំ​សមាគម​បង្គន់​អនាម័យ​ពិភពលោក ដែល​បាន​ផ្តល់​សង្គហៈ​អភិវឌ្ឍន៍​បង្គន់​អនាម័យ​សាធារណៈ​ចំនួន​២​កន្លែង​ដល់​កម្ពុជា នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប ហើយនឹង​អាច​ផ្តល់​មួយ​កន្លែង​ទៀត​នៅ​ខេត្តបាត់ដំបង ។

លោក​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​វាយតម្លៃ​ថា សង្គហៈ​អភិវឌ្ឍន៍​របស់​សមាគម​បង្គន់​ពិភពលោក​(WTA)​តាម​រយៈ​សាលា​រដ្ឋធានី ស៊ូ​វ៉ុ​ន គឺជា​សញ្ញា​នយោបាយ​មួយ​សម្រាប់​វិស័យ​មនុស្សធម៌ អភិវឌ្ឍន៍​សង្គម​ជាតិ ពង្រឹង​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​និង​សាកលលោក ៕