ខេត្តបាត់ដំបង ៖ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ មិថុនា បានដឹកនាំក្រុមការងារដែលរួមមានលោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យមើលស្ថានភាពកំណាត់ផ្លូវពីរខ្សែ ដែលកំពុងសាងសង់យ៉ាងមមារញឹក បើទោះបីស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាលក៏ដោយ ដើម្បីសម្រេចទៅតាមផែនការសាងសង់ផ្លូវដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ផងដែរ ។
កំណាត់ផ្លូវខេត្តនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) មានប្រវែងសរុប៥.០០០ម៉ែត្រទទឹង៧ម៉ែត្រ កំពុងតែបន្តការងារចាក់ថ្មមិច កៀរកិនបង្ហាប់ ចន្លោះគីឡូម៉ែត្រ១២+០០០ ដល់គីឡូម៉ែត្រ១៣+៨០០ ដែលតភ្ជាប់ពីភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ និង ទៅដល់ភូមិ ព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ និងកំណាត់ផ្លូវមួយខ្សែទៀតសរុប ៤.៦០០ម៉ែត្រទទឹង ៧ម៉ែត្រកំពុងអនុវត្តការងារ ចាក់ដីជម្រើស កៀរកិនបង្ហាប់ពង្រីកតួថ្នល់ ចន្លោះ គីឡូម៉ែត្រ១៨+៥០០ ដល់គីឡូម៉ែត្រ២៣+ ១០០ស្ថិតក្នុងភូមិ បឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីពិនិត្យសកម្មភាពសាងសង់ហើយ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារកូវីដ-១៩ ចំនួន៥០គ្រួសារ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងបាននាំយកអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដោយបានសម្ដែងនូវការសប្បាយរីករាយជូនចំពោះប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរំកិលព្រំដី និងបរិច្ចាគចិញ្ចើមផ្លូវដល់ក្រុមការងារស្ថាបនាផ្លូវ ដែលធ្វើឱ្យផ្លូវមានសភាពកាន់តែទូលាយជាងមុន ហើយបានបញ្ជាក់បន្តទៀតថា ។
នេះគឺជាសមិទ្ធផលដែលប្រជាពលរដ្ឋធ្វើឡើងសម្រាប់បន្តវេនដល់កូនចៅជំនាន់ក្រោយៗ ហើយសូមមេត្តាបន្តថែរក្សាផ្លូវមួយខ្សែនេះ ដោយមិនត្រូវដឹកធ្ងន់ខុសពីការកំណត់ជាដើម ដើម្បីឱ្យផ្លូវមួយខ្សែនេះ អាចប្រើប្រាស់បានយូរអង្វែង រហូតដល់បន្តរាប់ជំនាន់ក្រោយៗទៀត ក៏អាចប្រើប្រាស់ផ្លូវមួយខ្សែនេះបានដែរ ព្រោះតែការចូលរួមថែរក្សារបស់ប្រជាពលរដ្ឋ ទើបមានការគង់វង្សបានយូរអង្វែង។
លោកអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួនពីជំងឺកូវីដ-១៩ឱ្យសោះ ព្រោះជំងឺនេះនៅតែបន្តយាយីយើងជានិច្ច ហើយជំងឺនេះគឺចូលចិត្តអ្នកដែលខ្វះការអនាម័យ ដូចនេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែបន្តនូវអនាម័យខ្លួនប្រាណជានិច្ច ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុនសែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ៕
ចែករំលែកព័តមាននេះ