ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ជួសជុល និង​ថែទាំ​ផ្លូវ​មួយ​ខ្សែ ដែលជា​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ ផ្លូវលំ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក ទៅ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ជា​ព្រះ​រាជអំណោយ ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី…

​ខេត្តកំពង់ឆ្នាំង​៖ ផ្លូវលំ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក ទៅ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ជា​ព្រះ​រាជអំណោយ ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កសាង​រួចរាល់​ជា​ស្ថាពរ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង កំពុងតែ​មមាញឹក​ក្នុងការ​ជួសជុល​ថែទាំ​ផ្លូវ​នេះ ជាប្រចាំ ដើម្បី​ឲ្យ​បាន​ប្រើប្រាស់​បានយូរ​អង្វែង​។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ផ្លូវ​ទូក មាន​សេចក្តី​រីករាយ សប្បាយចិត្ត​ក្រៃលែង​។

​លោក ខៀវ កៀត មេភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាន​និយាយថា ក្រោយពី​ប្រជាពលរដ្ឋ​បន្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក មក​រស់នៅ​លើគោក គឺ​ពុំទាន់​មាន​ផ្លូវ​នៅឡើយ​ទេ កាលណោះ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះអង្គ សព្វ​ព្រះ​រាជហទ័យ ប្រោស​ប្រទាន​នូវ​កំណាត់​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក មកកាន់​ឃុំ​ផ្លូវ​ទូក ដែលមាន​ចម្ងាយ ១៤ ២០០​គីឡូម៉ែត្រ​។ ជាមួយគ្នានេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​កសាង​បន្ថែម​ប្រវែង ចំនួន ២២​គីឡូម៉ែត្រ​ទៀត សរុប​កំណាត់​ផ្លូវ​នេះ មាន​ប្រវែង ៣៦ ២០០ គីឡូម៉ែត្រ ទើប​មកដល់​ឃុំ​ផ្លូវ​ទូក​។

​លោក​មេភូមិ​ថ្នល់​ឈើទាល បាន​បន្តថា ក្រោយ​ការកសាង​ហើយ ផ្លូវ​តែងមាន​ការខូចខាត ដោយ សារ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទឹកទន្លេ​ឡើង ជាដើម​។ ហេតុនេះហើយ ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​យកចិត្តទុកដាក់ ជួសជុល​ថែទាំ​ផ្លូវ​នេះ ជាប្រចាំ ទាំង​ប្រាំង និង​វស្សា ដោយ​មិន​ឲ្យ​ខូចខាត​ខ្លាំង​ឡើយ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ពិត​ជាមាន​សេចក្តី​រីករាយ​ត្រេកអរ​ក្រៃលែង​។

​លោក​មេភូមិ ក៏បាន​រំលឹក​ពី​អតីតកាល​ថា កាល​នៅលើផ្ទះ​បណ្ដែត​ទឹក ពេលធ្វើ​ដំណើរ​ដោយ​ផ្លូវទឹក ទៅកាន់​ខេត្តកំពង់ឆ្នាំង​ម្ដងៗ គឺ​ជួប​ការលំបាក​ខ្លាំងណាស់ សូម្បីតែ​ការធ្វើដំណើរ​តាម​កាណូត​ផ្ទាល់ខ្លួន ក៏ត្រូវ​ចំណាយ​ប្រេង​មួយ​កាន ឬ​ស្មើនឹង ៣០​លីត្រ​ដែរ ហើយ​បើ​ពេល​ស្ទះ​កំប្លោក​ម្តងៗ មិន​ងាយ​ធ្វើដំណើរ​ទៅមុខ​បាន​ស្រួល​ឡើយ​។ ប៉ុន្តែ​ចាប់តាំងពី​ពេល​បន្លាស់​ទី មក​នៅលើ​គោក ការធ្វើដំណើរ​បាន​ឆាប់រហ័ស ព្រោះ​បាន​ផ្លូវ​មួយ​ខ្សែ​ដ៏​ស្អាត​នេះ បើ​ប្រៀបធៀប​ពី​ការចំណាយ​វិញ ចាក់​សាំង​ម៉ូតូ ត្រឹមតែ ១​លីត្រ គឺ​ដល់​ខេត្តកំពង់ឆ្នាំង​ហើយ ខុសគ្នា​ឆ្ងាយ​ណាស់ ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ហើយ​ប្រសិនបើ​បងប្អូន​មាន​ជំងឺ ឬ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ ទៅកាន់​មណ្ឌល​សុខភាព ក៏​កាន់​រហ័ស និង​ទាន់ពេលវេលា​ដែរ​។

​ចំណែក​លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ផ្លូវ​មួយ​ខ្យែ ដែលមាន​ប្រវែង​សរុប ៣៦ ២០០​គីឡូម៉ែត្រ​នេះ ជា​ផ្លូវ​លិច​ទឹក នៅ​ខែវស្សា​។ ម្លោះ​ហើយ ខាង​មន្ទីរ ត្រូវ​យកចិត្តទុកដាក់​ជួសជុល​ថែទាំ​ជាប្រចាំ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ផ្លូវ​ទូក ដែល​កំពុង​ចាក​ចេញពី​ក្នុង​ទឹក​មក​រស់នៅ​លើគោក​៕ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ