ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានអ្នកជំងឺម្នាក់បានចូលទៅសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរសម្រាកព្យាបាល ខេមរ: ដែលមានទីតាំងនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះក្រោយពីមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានធ្វើតេស្តរកឃើញថា អ្នកជំងឺរូបនេះមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ដូច្នេះអាជ្ញាធរក៏ធ្វើការផ្អាកមន្ទីរសម្រាកព្យាបាល ខេមរៈ ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដោយយោងទៅលើសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ០៧១/២១ សសរ. ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្ម មន្ទីរសម្រាកព្យាបាល ខេមរ: ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺម្នាក់បានចូលទៅដេកសម្រាកព្យាបាលជំងឺ លុះក្រោយពីធ្វើតេ ស្តស្រាប់តែរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ បង្កឱ្យមានការភ្ញាក់ផ្អើល ទើបអាជ្ញាធរខេត្តសម្រេចឱ្យបិទផ្អាកជាបណ្តោះអាសន្នតែម្តង ។ គួរបញ្ជាក់ថា សេចក្តីសម្រេចទាំងឡាយណារបស់រដ្ឋបាលខេត្តប៉ៃលិន ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ប្រភពដដែលបានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញអ្នកជំងឺម្នាក់មានអាការក្តៅខ្លួន រសេះរសោះ និងឡើងកំដៅខ្ពស់ មានសភាពអស់កម្លាំង ឈឺបំពង់.ក ឈឺក្បាល វិលមុខ ក៏ចូលទៅសម្រាកព្យាបាលនៅក្នុងគ្លីនិកខាងលើ ។ លុះមានការសង្ស័យ ទើបគេយកអ្នកជំងឺរូបនេះទៅពិនិត្យរកមេរោគកូវីដ១៩ ស្រាប់តែលទ្ធផលវិជ្ជមាន ធ្វើឱ្យគ្រូពេទ្យម្នាក់ៗមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង។

ប្រភពដដែលបន្តទៀតថា ក្រោយមកក៏ឱ្យអ្នកជាប់ពាក់ព័ន្ធ និងអ្នកជំងឺដោយផ្ទាល់ និងប្រយោល ព្រមទាំងគ្រូពេទ្យ ដែលធ្វើការព្យាបាលអ្នកជំងឺខាងលើ ត្រូវចូលធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃសិន រីឯមន្ទីរសម្រាកព្យាបាលខេមរ: វិញ ត្រូវបានបិទផ្អាកបណ្តោះអាសន្នផងដែរ ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ក៏មានការខ្លាចរអាយ៉ាងខ្លាំងចំពោះជំងឺកូវីដ១៩ ដ៏កាចសា.ហាវមួយនេះ ហើយរៀងរាល់ព្រឹក គឹមានមន្ត្រីចុះអប់រំណែនាំអាជីវករ និងប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាសការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ផងដែរ ៕

ចែករំលែកព័តមាននេះ