ខេត្ដបាត់ដំបង ៖ កូនកំលោះអាយុជាង៥០ឆ្នាំម្នាក់បានអះអាងថា គាត់បានសំរេចចិត្ដដាក់ពាក្យបណ្ដឹងចំនួន៤ច្បាប់កាលពីព្រឹក ថ្ងៃទី១៥ មីនា ទៅកាន់អាជ្ញាធរឃុំនរា ស្រុកសង្កែ ឱ្យជួយរកយុត្ដិធម៌ ដោយចោទប្រកាន់គ្រួសារឪពុកម្ដាយក្មេក និងកូនក្រមុំថា មានគំរោងបោកប្រាស់គាត់ និងរំលោភលើសេចក្ដីទុកចិត្ដ ព្រោះរៀបការរួចហើយមិនប្រគល់កូនក្រមុំ និងប្រមូលយកប្រាក់ចំណងដៃអស់ទៀត។កូនកំលោះឈ្មោះតាន់ ដារ៉េត អាយុ៥២ឆ្នាំ អតីតអាណិកជនខ្មែរមកពីស្រុកបារាំងរូបនេះបានប្រាប់ថា គាត់បានរៀបការពេញច្បាប់ជាមួយកញ្ញាលន់ ម៉ារីឡែន អាយុ២២ឆ្នាំ នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ កាលពីថ្ងៃទី១២និង១៣មីនា ដែលពិធីនេះរៀបចំឡើងតាមប្រពៃណីដោយមានការទទួលស្គាល់ពីអាណាព្យាបាលរបស់ភាគីទាំងពីរ និងអាជ្ញាធរមូលដ្ឋានស្របច្បាប់ព្រមទាំងរៀបចំទទួលភ្ញៀវរហូតដល់ទៅ៣០តុឯណោះ ។ លុះពេលថ្ងៃទទួលភ្ញៀវស្រាប់តែភាគីខាងស្រីបានរៀបគំរោងបោកប្រាស់គាត់ ដោយហៅនគរបាលមូលដ្ឋានមកការពារចំណងដៃហើយមិនប្រគល់កូនក្រមុំមកឱ្យគាត់ផ្សំដំណេកទៅវិញ ។ គាត់និយាយថា ដោយសារតែគំនិតអាក្រក់របស់ភាគីខាងស្រីនេះហើយទើបគាត់បានសំរេចប្ដឹងទៅអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៥ មីនា ដោយមានពាក្យបណ្ដឹងចំនួន៤ច្បាប់ ដែលមានមនុស្ស៤នាក់ ត្រូវបានគាត់ចោទប្រកាន់ពីបទរំលោភសេចក្ដីទុកចិត្ដ។
ពាក្យបណ្ដឹងដែលភ្នាក់ងារកោះសន្ដិភាពទទួលបានពីកូនកំលោះឈ្មោះតាន់ ដារ៉េត កាលពីព្រឹកថ្ងៃទី១៥ មីនា គឺមានចំនួន៤ច្បាប់ ១-ប្ដឹងពីឈ្មោះសូ លន់ ឪពុកកូនក្រមុំ ២-ប្ដឹងពីឈ្មោះថោង នី ម្ដាយកូនក្រមុំ ៣-ប្ដឹងពីឈ្មោះសុផាន់ណា និងភរិយា ជាបងថ្លៃ កូនក្រមុំ និង៤-ប្ដឹងឈ្មោះលន់ ម៉ារីឡែន អាយុ ២២ឆ្នាំ ជាកូនក្រមុំ ។ ក្នុងពាក្យបណ្ដឹងដែលគ្មានស្នាមផ្ដិតមេដៃពីសាមីខ្លួនដើមបណ្ដឹងនេះ បានចោទប្រកាន់ចុងចោទទាំង៤នាក់ខាងលើនេះថា បានរំលោភសេចក្ដីទុកចិត្ដ ។ លោក តាន់ ដារ៉េត ជាកូនកំលោះ បានបញ្ជាក់ថា គាត់មានទំនាក់ទំនងស្នេហាក្នុងរយៈពេលខ្លីបំផុតជាមួយនាងម៉ារីឡែន តាមរយៈលោក សុផាន់ណា ជាបងថ្លៃរបស់នាងដែលណែនាំឱ្យគាត់ស្រឡាញ់ និងរៀបការជាមួយនាង ម៉ារីឡែន ។ គាត់បន្ថែមទៀតថា គាត់បានឱ្យចាស់ទុំដែលមានដូនជីនៅក្នុងវត្ដនរា ចូលស្ដីដណ្ដឹងនាងរៀបការតាមផ្លូវច្បាប់ ក្រោយពីមានការព្រមព្រៀងពីក្រុមគ្រួសាររបស់នាង ដោយការព្រមព្រៀងនោះ គឺអាណាព្យាបាលរបស់នាងបានប្រគល់ឱ្យគាត់ចំណាយប្រាក់រៀបការទាំងស្រុង ដោយមិនទាមទារ ថ្លៃទឹកដោះ ឬខាន់ស្លាទេ ខាតចំណេញនៅលើគាត់ជាកូនកំលោះ ។ លុះដល់ថ្ងៃទទួលភ្ញៀវ ស្រាប់តែភាគីកូនស្រីបានហៅនគរបាលប៉ុស្ដិ៍នរា មកការពារចំណងដៃរហូតចូលរាប់ប្រាក់ក្នុងបន្ទប់ដែលខុសពាក្យសន្យាថា ប្រគល់ចំណងដៃឱ្យមកគាត់សម្រាប់ដោះស្រាយម្ហូបម្ហាទៅវិញ ។ មិនតែប៉ុណ្ណោះថែមទាំងមិនឱ្យ កូនក្រមុំមកផ្សំដំណេកជាមួយគាត់ទៀតផងរហូតមកដល់ពេលនេះចោលទទេ ។
ដើម្បីឆ្លើយតបការចោទប្រកាន់ខាងលើនេះ កោះសន្ដិភាពបានព្យាយាមទំនាក់ទំនងទៅអ្នកអាណាព្យាបាលភាគីខាងកូនក្រមុំដែរប៉ុន្ដែមិនអាចទំនាក់ទំនងបានភ្លាមៗទេ តែលោកសុផាន់ណា ត្រូវជាបងថ្លៃកូនក្រមុំ និងជាចុងចំលើយនៃពាក្យបណ្ដឹងផងនោះ បានបំភ្លឺប្រាប់តាមទូរស័ព្ទថា គ្រួសារលោកធ្វើបែបនេះដោយសារតែកូនកំលោះឈ្មោះតាន់ ដារ៉េត មិនគោរពកិច្ចសន្យាមុនពេលចូលរោងការ ។ លោកសុផាន់ណា បានបញ្ជាក់ថា មុនថ្ងៃចូលរោងការគេដឹកស្រាបៀរមកឱ្យ កូនកំលោះរូបនេះមិនមកទទួលទេ បែរជាប្រគល់ឱ្យខាងស្រីជាអ្នកទទួលវិញ ខណៈពេលដែលម្ចាស់ស្រាបៀរគេចង់ឱ្យកូនកំលោះមកទទួលដោយផ្ទាល់ព្រោះកូនកំលោះរូបនេះជាអ្នកកក់ប្រាក់ និងអ្នកទៅនិយាយទិញផ្ទាល់ ។ មិនតែប៉ុណ្ណោះកូនកំលោះបានប្រើពាក្យសំដី ចង់ឱ្យគ្រួសារគាត់ ឬភ្ញៀវផឹកទឹកសុទ្ធទៀតផង ដូច្នេះហើយទើបគ្មានការទុកចិត្ដពីគ្រួសារខាងស្រី។លោកតាន់ ដារ៉េត ជាកូនកំលោះ បានឆ្លើយតបទៅលោកសុផាន់ណាវិញថា មិនមែនថាលោកមិនទទួលខុសត្រូវចំពោះស្រាបៀរនោះទេ គាត់គ្រាន់តែប្រាប់ឱ្យគ្រួសារខាងស្រីទទួលសិនទៅ ព្រោះយើងកក់លុយរួចហើយ ម្យ៉ាងយប់ជ្រៅហើយគាត់នៅផ្ទះឆ្ងាយទៀត បែរជាគ្រួសារខាងស្រីយកលេសរឿងនេះមកចោទប្រកាន់គាត់ទៅវិញ។
ទាក់ទិនទៅនឹងកំលាំងនគរបាលមកការពារចំណងដៃ លោកមេប៉ុស្ដិ៍នរាដែលសុំមិនប្រាប់ឈ្មោះ ប៉ុន្ដែបានបំភ្លឺប្រាប់កោះសន្ដិភាពថា កំលាំងរបស់លោកគ្រាន់តែទៅការពារសន្ដិសុខនៅកន្លែងរោងការនោះតែប៉ុណ្ណោះមិនមែនទៅការពារប្រាក់ចំណងដៃនោះទេ ហើយបើចង់ដឹងរឿងនេះច្បាស់សូមទៅសួរលោកមេឃុំនរាទៅដឹងហើយ ។ កោះសន្ដិ ភាពមិនអាចទំនាក់ទំនងលោកសុខ សម្បត្ដិ មេឃុំនរាបានទេ កាលពីព្រឹកថ្ងៃទី១៦ មីនា នេះ ។ ប៉ុន្ដែលោកមេប៉ុស្ដិ៍នរា បានបង្ហើបថា “កូនកំលោះនោះបានធ្វើនំអត់ម្សៅ” ។ប៉ុន្ដែកូនកំលោះតាន់ ដារ៉េត បានបដិសេធចំពោះសំដីលោកមេប៉ុស្ដិ៍រូបនោះ ។ លោក តាន់ ដារ៉េត បាននិយាយថា គាត់បានចំណាយប្រាក់រាប់ពាន់ដុល្លារ ទំរាំដល់ថ្ងៃចូលរោងការ ដោយគាត់បានចំណាយប្រាក់ធ្វើតាំងពីបន្ទប់អនាម័យ ឱ្យជួសជុលផ្ទះបន្ថែម និងចំណាយទៅលើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ នៅពេលមុនចូលរោងការ ។ ដូច្នេះគាត់មិនមែនជាមនុស្សធ្វើនំអត់ម្សៅដូចការអះអាងរបស់លោកមេប៉ុស្ដិ៍នោះទេ។ លោកដារ៉េត បានបញ្ជាក់ថា គាត់មានសាក្សីច្រើនណាស់ដែលដឹងឮរឿងនេះ ។ ដូច្នេះគាត់ត្រូវតែប្ដឹងទាមទារសំណងប្រាក់ចំណាយទាំងអស់នោះមកវិញ និងសំណងជំងឺចិត្ដទៀតផងហើយបើអាជ្ញាធរឃុំមិនអាចដោះស្រាយបានទេ គាត់នឹងបន្ដប្ដឹងទៅដល់តុលាការទៀត ។
ចែករំលែកព័តមាននេះ