រាជធានីភ្នំពេញ ៖ អត្រាអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅលើសកលលោកក្នុងរយៈពេល៦វិនាទីស្លាប់ម្នាក់ នេះបើតាមការបង្ហាញរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតផ្នែកទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា ។
មានប្រសាសន៍ក្នុងទិវាប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម ដែលរៀបចំដោយក្រុមហ៊ុនសាណូហ្វីកម្ពុជានាព្រឹកថ្ងៃទី១៣ វិច្ឆិកា នេះ លោកសាស្ត្រចារ្យវេជ្ជបណ្ឌិត គុយ វាន់នីប្រធានសមាគមនគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា មានប្រសាសន៍ថា ថ្ងៃទី១៤ វិច្ឆិកា គឺជាទិវាជំងឹទឹកនោមផ្អែមអន្តរជាតិ ដែលមានប្រទេសជាង១៦០លើសកលលោកបានប្រារព្ធទិវានេះ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ។ លោកវេជ្ជបណ្ឌិតបន្តថា នេះជាលើកទី២៤ ដែលទិវានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩១ មកម្ល៉េះ ។
លោកសាស្ត្រាវេជ្ជបណ្ឌិតបន្តថា ជំងឺទឹកនោមផ្អែម ត្រូវបានគេនិយាយថាជាជំងឺរីករាលដាលលឿនក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ទោះបីជាជំងឺនេះមិនឆ្លងក្តី ។ នៅឆ្នាំ២០១៤ មានអ្នកកើតជំងឺទឹកនោមផ្អែមចំនួន៣៨៧លាននាក់ ហើយនៅឆ្នាំ២០៤០ នឹងមានរហូតលើសពី៦៥០លាននាក់ លើពិភពលោក ។
លោកបញ្ជាក់ថា «យើងដឹងហើយថានៅឆ្នាំ២០១១ នៅលើពិភពលោករាល់៦វិនាទីម្តង មានអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែម ។ ដូច្នេះយើងដឹងហើយ៦វិនាទីជំងឺនេះសម្លាប់មនុស្សយ៉ាងសាហាវ ហេតុនេះយើងត្រូវខិតខំធ្វើយ៉ាងណាខិតខំលើកកម្ពស់ការយល់ដឹងប្រជាជន និងក្រុមគ្រូពេទ្យឲ្យយល់ពីចំណេះដឹងជំងឺប្រភេទនេះ ។ ព្រោះជំងឺប្រភេទនេះមិនអាចព្យាបាលបានទេ ដូច្នេះយើងត្រូវតែបង្ការកុំឲ្យមាន ក្នុងនោះត្រូវហូបឲ្យមានសុវត្ថិភាព ពិសេសទាំងការហូប អាហារពេលព្រឹកឲ្យល្អ មានន័យថា កុំផ្អែម កុំប្រៃ កុំឲ្យមានជាតិកាឡូរីខ្ពស់» ។
លោកស្រីវេជ្ជបណ្ឌិត ឈុន លន់ ប្រធានការិយាល័យប្រយុទ្ធនឹងជំងឺឆ្លងនៃនាយកដ្ឋានការពារសុខភាពក្រសួងសុខាភិបាល មានប្រសាសន៍ថា តាមរយៈការសិក្សារបស់អង្កការ WHO នៅឆ្នាំ២០១០ បានបង្ហាញថា ជំងឺទឹកនោមផ្អែមមានអត្រាប្រេវ៉ាឡង់៣%ក្នុងណោមមនុស្សពេញវ័យនៅកម្ពុជា ចាប់ពីអាយុពី២៥ឆ្នាំដល់៦៤ឆ្នាំ ។ កន្លងមកក្រសួងបានខិតខំពង្រឹង និងពង្រីកការផ្តល់សេវាថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែមជួនដល់ប្រជាជននៅគ្រប់ទីកន្លែងក្នុងប្រទេស ដួចជាបង្កើតគ្លីនិកព្យាបាល ជំងឺទឹកនោមផ្អែម២៥កន្លែង និងបង្កើតសកម្មភាពនៃសំណុំសាវន្តជំងឺមិនឆ្លងបានចំនួន៤មណ្ឌលសុខភាព ។
លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងទៀតថា កន្លងមកនេះ ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធសាស្ត្រជាតិរបស់ខ្លួនដោយធ្វើការផ្សព្វផ្សាយអំពីជំងឺមិនឆ្លងដល់ គ្រឹះស្ថានសុខាភិបាល និងបានចាត់ឲ្យមានការស្រាវជ្រាវរកជំងឺទឹកនោមផ្អែមផងដែរ ។
លោកស្រីបញ្ជាក់ថា «យើងទាំងអស់គ្នាបានទទួលស្គាល់ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺមិនអាចព្យាបាលជាសះស្បើយនោះទេ ប៉ុន្តែជំងឺនេះអាចបង្ការបានតាមរយៈ ការហូបអាហាដែលមានសុខុមាភាព ធ្វើពលកម្ម កុំប្រើប្រាស់គ្រឿងស្រវឹង និងជក់បារីជាដើម ។ ដូច្នេះដើម្បីបង្ការកុំឲ្យកើតជំងឺទឹកនោមផ្អែម ទាមទារឲ្យមានការអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺមិនឆ្លងផ្សេងទៀត កុំឲ្យរីករាល់ទៅមុខទៀត» ។
លោកស្រីបន្ថែមថា សម្រាប់យុទ្ធនាការរូមគ្នាប្រយុទ្ធនឹងជំងឺទឹកនោមផ្អែម ថ្ងៃទី១៤ វិច្ឆិកា មានសារសំខាន់ណាស់ក្នុងការរួមគ្នាផ្សព្វផ្សាយដល់អ្នកមានជំងឺទឹកនោមផ្អែម ក្រុមគ្រួសារ មិត្តភក្តិ និងការថែមទាំងអ្នកជំងឺ ។
ជំងឺទឹកនោមផ្អែម គឺជាងឺដ៏កាចសាហាវមួយដែលមនុស្សយើងងាយនឹងកើតមានដោយមិនដឹងខ្លួន ហើយជំងឺនេះមិនឆ្លងនោះទេ តែអាចជាជំងឺតពូជ បណ្តាលមកពីវ័យចំណាស់ និងកង្វះអាហារូបត្ថម្ភរបស់ទារកនៅក្នុងផ្ទៃ និងកុមារ ។ ការបរិភោគអាហារ ដែលមានជាតិកាឡូរីខ្ពស់ដោយមិនមានការហាត់ប្រាណ ជក់បារី ឬសេពសុរាច្រើនលើស ការលើសជាតិស្ករក្នុងឈាមច្រើនពេកបណ្តាលឲ្យលើសទម្ងន់ ។
ប្រសិនបើអ្នកលើសទម្ងន់ធ្វើឱ្យអ្នកឆាប់អស់កម្លាំង បែកញើសច្រើន ឧស្សាហ៍ឈឺក្បាលវិលមុខ ស្រវាំងភ្នែក ទទួលអាហារ និងទឹកច្រើន ឬបត់ជើងតូចញឹកញាប់ជាពិសេស ពេលយប់ អ្នកគួរគប្បីប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។ ផ្ទុយទៅវិញ បើអ្នកមិនមានវិធានការទប់ស្កាត់ និងថែមទាំសុខភាពឲ្យបានត្រឹមត្រូវទេ ជំងឺទឹកនោមផ្អែមអាចគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់អ្នករហូតដល់បាត់ង់ជីវិត ។
យោងតាមស្ថិតិរបស់អង្គការ IDF ក្នុងឆ្នាំ២០១៤ បានបង្ហាញថា រយៈពេល៥០ឆ្នាំចុងក្រោយនេះ សន្ទុះនៃការកើនឡើងជំងឺទឹកនោមផ្អៃមមានភាពរឆាប់រហ័សដែលអ្នកជំងឺវ័យកណ្តាលមានរហូតដល់៤០០លាននាក់ ។ ការសិក្សារវាស់ស្ទង់ បានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនឹងកើនរហូតដល់៥៩២លាននាក់ នៅត្រឹមឆ្នាំ២០៣៥ ដែលចំនួននេះប្រហែល៥៣% លើសពីស្ថិតិឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ