ខេត្តបន្ទាយមានជ័យ ៖ បុរសជាកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ ខណៈអង្គុយបត់ជើងធំក្នុងដីទំនេរមួយកន្លែង ក៏រពិសដៃទាញឆ្កិះរបស់សង្ស័យបណ្តាលឱ្យផ្ទុះកក្រើក ដែលហេតុការភ្ញាក់ផ្អើលនេះកើតឡើង កាលពីព្រលឹមថ្ងៃទី១៣ វិច្ឆិកា ២០១៥ ស្ថិតនៅភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចិត្ត (មិនទាន់ស្គាល់ត្រកូល) អាយុប្រហែល២៥ឆ្នាំ ធ្វើជាកម្មករសំណង់ និងស្នាក់នៅបុរីKTH ក្នុងភូមិកើតហេតុខាងលើ មានទីលំនៅភូមិស្រះកែវ ឃុំកំពង់ព្រះស្រុកសង្កែ ខេត្តបាត់ដំបង ។ ជនរងគ្រោះ រងរបួសធ្ងន់ផ្ទៃមុខ និងដងខ្លួន ដោយសារអំបែងគ្រាប់មីន ហើយអាចខ្វាក់ភ្នែកខាងឆ្វេងទៀតផង ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅបត់ជើងធំនៅកន្លែងកើតហេតុ លុះឃើញរបស់សង្ស័យក៏យកដៃឆ្កិះទាញព្រោះមិនដឹងថាជាមីននោះទេ ។ ស្រាប់តែផ្ទុះកក្រើក ធ្វើឱ្យយជនរងគ្រោះរងរបួសពេញខ្លួនប្រាណ និងធ្ងន់ធ្ងរលើផ្ទៃមុខតែម្តង ។
ជនរងគ្រោះត្រូវបានអ្នកស្រុក និងនគរបាលការពារព្រំដែនគោកលេខ០១១ ជួយយកចេញពីកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចជំនាញពាក់ព័ន្ធអន្តរាគមន៍ ហៅរថយន្តសង្គ្រោះរបស់អង្គការកាំម៉ាដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងក្រោយពីរុំរបួសរួចបានបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ថា ទីតាំងកើតហេតុខាងលើ ជាដីមានម្ចាស់ហ៊ុមព័ទ្ធរបងចោលពុំទាន់មានមនុស្សរស់នៅទេ ប៉ុន្តែក្បែរបន្ទាត់ព្រំដែនហើយកន្លងមកទីនោះ ជាសមរភូមិប្រយុទ្ធទៀតផង ។





ចែករំលែកព័តមាននេះ