ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​បន្សាបជាតិអាស៊ីត​ ក៏ស្ថានភាពទឹកស្ទឹងសង្កែនៅតែ​ល្អក់​​ក្នុង​កម្រិត​ខ្ពស់​ដដែល

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ ជំនាញ​គ្រប់គ្រង​ទឹក​ស្អាត ព្រមទាំង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​ជំរុញ​តាមដានអំពី​កំរិត​ជាតិពុល​ចេញពី​រោងចក្រ​ចិន​ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ ខេត្តបាត់ដំបង​ ថ្វី​ដ្បិត​ក្រសួងបរិស្ថាន​បានអះអាង​ថា​ ទឹកស្ទឹង​សង្កែ​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​បាន​បន្សាប​ជាតិ​អាស៊ីត​ដែល​ចេញពី​រោងចក្រ​ឈ្មោះ​ ហ្វី​និក​អ៊ិ​ន ដា​ស្ទៀល​ហើយ​ក្តី តែ​ស្ថានភាព​ទឹកនៅ​តែ​ឡើង​ល្អក់​ក្នុង​កម្រិត​ខ្ពស់…

ខេត្តបាត់ដំបង៖ ជំនាញ​គ្រប់គ្រង​ទឹក​ស្អាត ព្រមទាំង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​ជំរុញ​តាមដានអំពី​កំរិត​ជាតិពុល​ចេញពី​រោងចក្រ​ចិន​ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ ខេត្តបាត់ដំបង​ ថ្វី​ដ្បិត​ក្រសួងបរិស្ថាន​បានអះអាង​ថា​ ទឹកស្ទឹង​សង្កែ​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​បាន​បន្សាប​ជាតិ​អាស៊ីត​ដែល​ចេញពី​រោងចក្រ​ឈ្មោះ​ ហ្វី​និក​អ៊ិ​ន ដា​ស្ទៀល​ហើយ​ក្តី តែ​ស្ថានភាព​ទឹកនៅ​តែ​ឡើង​ល្អក់​ក្នុង​កម្រិត​ខ្ពស់ ។ ដែល​បញ្ហា​នេះ អង្គភាព​រដ្ឋាករទឹក​បាត់​ដំបងនឹង​រៀបចំ​ប្រព័ន្ធ​អាង​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត ហើយ​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១​តទៅ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នឹង​មានការ​រ​អាក់រ​អួល ប៉ុន្តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

បន្ទាប់​ពី​មានការ​លេច​ធ្លាយ​ជាតិពុលចេញពី​រោងចក្រ​ចិន នៃ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជា​ឲ្យ​មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បិទ​នូវ​ទ្វារ​ទឹក​មិន​ឲ្យ​ទឹកល្អក់​ខ្មៅ​នោះ​ហូរ​មក​ខាងក្រោម ហើយ​រហូត​មក ដល់​ពេល​នេះ មិន​ទាន់​មាន​ករណី​ពលរដ្ឋ​រងគ្រោះថ្នាក់ ដោយសារ​ជាតិពុល​នោះ​ទេ ។

លោក កត់ បូ​រ៉ា​ន ប្រធាន មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា សម្រាប់​ជាតិ​អាស៊ីត​ហូរ​ចេញពី​រោងចក្រ​នោះ ត្រូវ​បាន​បន្សាប​រួចរាល់​ហើយ ក្នុង​ស្ថានភាព​បច្ចុប្បន្ន ហើយ​ទឹក​នៅ​តាម​ដងស្ទឹង ដែល​រង​ការ​បំពុល​មាន​ពណ៌ លឿង​ត្នោត តែ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវៈចម្រុះ​ទៀត​នោះ​ទេ ហើយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត កំពុង​ពិនិត្យ​លើ​វិធានការ​ដាក់​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ចិន​នោះ​ផង​ដែរ​។

យោង​តាម​សេចក្តី​ជូនដំណឹង របស់​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង កាលពីថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ ២០២១ បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​នេះ ក្រោយ​បាន​តាមដាន​ពី​លំហូរ​ទឹកស្ទឹង​សង្កែ ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​មួយ​រយៈ​កន្លង​មក និង​ក្រោយ​ពិនិត្យ​ឃើញ​ថា​ ប្រភព​ទឹក​សម្រាប់​ផលិតកម្ម​ទឹក​ស្អាត​មានការ​ប្រែប្រួល និង​មាន​កម្រិត​ល្អក់​ខ្ពស់​ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​អ្នក ប្រើប្រាស់ និង​ដើម្បី​ធានា​នូវ​និរន្តរភាព ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ខ្លួន ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ក្នុង​ការ​ប្រើប្រាស់​របស់​អតិថិជន​ទូទៅ ។

សេចក្តីជូនដំណឹង​បាន​បន្ត​ថា ចំពោះ​ការ​រៀបចំ​នេះ ក៏​នឹង​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​អាច​នឹង​មាន​ភាព​រអាក់រអួល​ខ្លះ​ៗ ព្រោះ​ការ​រៀបចំ​នេះ ដើម្បី​ទប់ ទល់​ពី​ការ​បម្រែបម្រួល​ស្ថាន ភាព​ទឹក​ជាក់ស្តែង និង​ដើម្បី​ធ្វើការ​សម្រិតសម្រាំង កែ​លម្អ​នូវ​គុណភាព​ទឹក​ស្អាត​ឲ្យ​ស្រប តាម​ស្តង់ដារ​គុណភាព​ទឹក​របស់​អង្គភាព ។ អង្គភាព​រដ្ឋាករទឹក ក៏​បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ទឹក​ស្អាត ត្រៀមលក្ខណៈ​បម្រុង​ក្នុង​ការ​ស្តុក​ទុក​ទឹក​ស្អាត សម្រាប់​ការ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​មួយ​រយៈ ពេល ហើយ​អង្គភាព​រដ្ឋាករ ទឹក​បាត់ដំបង សូម​ធ្វើការ​អធ្យាស្រ័យ​យោគយល់ ចំពោះ​ភាព​រអាក់រអួល​ចាំបាច់ របស់​អង្គភាព ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៦ ខែឧសភា ឆ្នាំ​២០២១ មាន​ករណី​ជាតិពុល​បាន​ហូរ ចេញពី​អាង​ស្តុក​កាក​សំណល់​ឧស្សាហកម្ម នៃ​រោងចក្រ​ក្រុម ហ៊ុន​ចិន​ឈ្មោះ​ហ្វី​និក អ៊ិ​ន​ដា ស្ទៀល (Phoenix Industrial) ស្ថិត​ក្នុង​ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល បង្ក​ឲ្យ​មាន​ទឹកល្អក់​ខ្មៅ​ក្នុង​ទឹកស្ទឹង​សង្កែ​នៅ​ប៉ែក​ខាងលើ និង​ធ្វើ​ឲ្យ​មាន​ត្រី​តូច​ធំ​ជា​ច្រើន​ប្រភេទ​បាន​ងាប់​ជា​បន្តបន្ទាប់ និង​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ តែ​ពេល​នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ទៀត​ដែរ ព្រោះ​មាន​ជំនាញ​តាមដាន​ត្រួតពិនិត្យ​មើល​ជាប់​ជា​ប្រចាំ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ