មនុស្ស​ជំនិត​លោក​កឹ​ម សុខា ​ទាមទារ​ស៊ើបអង្កេត​ករណី​ពុក​រលួយ​ពី​ការ​ប្រមូលប្រាក់​មូ​និ​ធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជំនិត​លោក​កឹ​ម សុខា ​ទាមទារ​ស៊ើបអង្កេត​ករណី​ពុក​រលួយ​ពី​ការ​ប្រមូលប្រាក់​មូ​និ​ធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ

1 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត លោក កឹ​ម សុខា បាន​ទម្លាយ​ពី​គោលនយោបាយ​អតីត​បក្ស​ប្រឆាំង​មិន​បង្ហាញ​ពី​សច្ចភាព ដោយ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ករណី​បាត់​លុយ​មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង​៧០​ម៉ឺន ដោយសារ​អំពើ​រពុក​រលួយ ។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត លោក កឹ​ម សុខា បាន​ទម្លាយ​ពី​គោលនយោបាយ​អតីត​បក្ស​ប្រឆាំង​មិន​បង្ហាញ​ពី​សច្ចភាព ដោយ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ករណី​បាត់​លុយ​មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង​៧០​ម៉ឺន ដោយសារ​អំពើ​រពុក​រលួយ ។

Picture

លោក មុត ច​ន្ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០២១​យ៉ាង​ដូច្នេះ​ថា​« គោលនយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​ប្រឆាំង​អំពើ​ពុក​រលួយ​ពិត ឬ​បន្លំ​ភ្នែក ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​ចែង​ពី​គោលនយោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ស្រួចស្រាល់ ។

អតីត​មេដឹកនាំ​ប្រឆាំង ជា​ពិសេស​លោក សម រ​ង្ស៉ី បាន​យក​បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រធានបទ​យ៉ាង​សំខាន់ ដើម្បី​រិះគន់ និង​វាយប្រហារ​ទៅ​អ្នកដឹកនាំ​ប្រទេស​យ៉ាង​ខ្លាំងក្លា ដែល​ដណ្តើម​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ដែល​ខិតខំ​ជម្រុញ​ឱ្យ​លុប​បំបាត់​អំពើ​ពុក​រលួយ និង​លើកកម្ពស់​អភិបាលកិច្ច​ល្អ​» ។

Picture

លោក​ថា​«​យើង​គាំទ្រ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​លើកកម្ពស់​សុចរិត​ភាព និង​អភិបាលកិច្ច​ល្អ​ក្នុង​សង្គម ។ ប៉ុន្តែ​គោលនយោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ត្រូវ​តែ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​មិន​គ្រាន់តែ​ត្រូវ​បាន​ប្រើប្រាស់​ជា​សារ​នយោបាយ​សម្រាប់​រិះគន់ និង​វាយប្រហារ​ទៅ​លើ​អ្នក​ដឹក​ប្រទេស​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នកនយោបាយ​ប្រឆាំង និង​អតីត​មេដឹកនាំ​ប្រឆាំង​ត្រូវ​តែ​អនុវត្ត​ខ្លួនឯង និង​ត្រូវ​ធានា​ឱ្យ​មាន​ភាព​ស្អាតស្អំ សុចរិត​ភាព និង​អភិបាលកិច្ច​ល្អ​ក្នុង​ក្រប​ខណ្ឌ​ផ្ទៃក្នុង​បក្ស និង​សម្រាប់​ប្រតិបត្តិការ​ជា​ប្រចាំ​» ។

ជាមួយ​គ្នា​នោះ លោក​ក៏​បាន​លើក​ឡើង​រឿង​មូលនិធិ​បង្កើត​ទូរទស្សន៍​កាលពីមុន​យ៉ាង​ដូច្នេះ​ថា រឿង​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ ឬ “SUN TV” ជាង 700,000​ដុល្លារ ដែល​ត្រូវ​បាន​ប្រមូល​បាន នៅ​ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​បាន​គេ​ដក​ចេញពី​គណនេយ្យ​ធនាគារ នៅ​ក្រោយ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួន និង​នៅ​មុន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​។

Picture

យោង​តាម​នីតិវិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទៃក្នុង​បក្ស មាន​មន្ត្រីជាន់ខ្ពស់​ពីរ​រូប គឺ​លោក យឹ​ម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​លោក គី វណ្ណ​ដា​រ៉ា អគ្គ​ហេ​រញ្ញឹក​បក្ស​ដែល​មាន​សិទ្ធិ​ដក​ប្រាក់​បញ្ញើ​ពី​កុង​ធនាគារ ។ គិត​មក​ដល់​ពេល​នេះ អស់​រយៈពេល​ជិត​០៦​ឆ្នាំ​ហើយ ដែល​បុគ្គល​ទាំង​ពីរ​នេះ​មិន​បាន​បញ្ជាក់​អំពី​បច្ចុប្បន្នភាព​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ឡើយ ដែល​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង ថា​តើ​មូលនិធិ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ណា និង​អ្នក​ណា​កំពុង​គ្រប់គ្រង​វា ។

លោក​បន្ត​ថា យោង​តាម​ការ​គណនា​អត្រា​ការ​ប្រាក់​របស់​ជំនាញ​ធនាគារ​មួយ គឺ​បញ្ញើ​ធនាគារ​គិត​អត្រា​ការ​ប្រាក់​តាម​រយៈពេល​ខ្លី និង​វែង ។ បើសិន​បញ្ញើ​ប្រាក់​រយៈពេល​យូរ (០៣​ឆ្នាំ​) អត្រា​ការ​ប្រាក់​លើ​ប្រាក់​បញ្ញើ គឺ ៥,៥០% ។ សម្រាប់​បញ្ញើ​ប្រាក់​ចំនួន​ជាង 700,000​ដុល្លារ នឹង​ទទួល​បានការ​ប្រាក់​ចំនួន 38,500​ដុល្លារ​/​ឆ្នាំ ស្មើនឹង 231,000​ដុលា​/០៦​ឆ្នាំ (​ដោយ​មិន​ទាន់​ដក​ពន្ធ​លើ​អត្រា​ការ​ប្រាក់ ៦%) ដូច្នេះ​បូក​ទាំង​ដើម​ទាំង​ការ​ប្រាក់ គឺ 931,000$​។

មនុស្ស​ជំនិត​លោក​កឹ​ម សុខា​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ភាព​ស្អាតស្អំ ខ្ញុំ​សូម​ស្នើ​ដល់​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ទាំងអស់ ជា​ពិសេស​កូតា​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​មូលនិធិ ឱ្យ​បានដឹង​ពី​ឋានៈ​បច្ចុប្បន្ន​នៃ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ ៖ ១-​លោក ប៉ុ​ល ហំ​ម ២-​លោក យ៉ែ​ម បុញ្ញឫទ្ធិ ៣-​លោក ម៉ៅ មុន្នី​វណ្ណ ៤-​កញ្ញា កឹ​ម មនោ​វិទ្យា ៥-​លោក អ៊ូ ចន្ទ​រ័​ត្ន ៦-​លោក អ៊ូ ចន្ទ​រិ​ទ្ធិ ៧-​លោក ទួន យក​ដា ៨-​លោក លឹ​ម ប៊ុ​ន​ស៉ី​ដា​រ៉េ ៩-​លោក សួន សូ រី​ដា ១០-​លោក តុ វ៉ា​ន់​ចាន់ ។

លោក​ថា​ប្រទេស​កម្ពុជា​មានច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​យន្តការ​ខ្លះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ស៊ើបអង្កេត​បទឧក្រិដ្ឋ​អំពើ​ពុក​រលួយ ។ មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុង​ត្រូវការ​ជំនួយ ដើម្បី​សង្គ្រោះ​កុមារ​ខ្មែរ​ដែល​មាន​ជំងឺ​ជា​ការ​ល្អ ៕