ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ចំណាយ ២.០០០​ លាន​ដុល្លារ​អា​មេ​រិ​ក សម្រេចបានជាង ៥១ ភាគរយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ប្រវែង​សរុប​ជាង ១៩០ ​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ភូមិ​ ១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​ ៖ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ប្រវែង​សរុប​ជាង ១៩០ ​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ភូមិ​ ១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​ ១ សង្កាត់​លេខ ​៣ ក្រុងព្រះសីហនុ សម្រេច​បាន​ប្រមាណ ៥១,៣៥% ហើយ តាម​កិច្ចសន្យា គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១ ខែឧសភា ឆ្នាំ ​២០២៣ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើ​វឌ្ឍនភាព​នៃ​គម្រោង​មួយ​នេះ ​។

ក្រសួង​បាន​ឱ្យដឹងថា ចំពោះ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេច​បាន ៩៩,៩% ស្មើនឹង ១៨៦,៨៦​ គីឡូម៉ែត្រ ហើយ គិត​ត្រឹម​ថ្ងៃ​ទី ​២៨ ខែឧសភា ឆ្នាំ​ ២០២១ ហើយ​ក្រសួង​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឱ្យ​បាន​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។

គួរ​កត់​សម្គាល់ថា ទោះបីជា​ប្រទេស​កម្ពុជា ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក៏​ដោយ ក៏​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នៅ​តែ​បន្ត​ដំណើរការ​ដដែល មិន​មានការ​ប៉ះពាល់​នោះ​ទេ ដោយសារ​តែ​ក្រុមការងារ បុគ្គលិក កម្មករ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជំនះ​នូវ​ស្ថានភាព​ដ៏​លំបាក​នេះ​បាន ​។

សូម​ជម្រាប​ជូន​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ឆ្លងកាត់​រាជធានី​ភ្នំពេញ ៨,៣០​ គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០​ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០ ​គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២ ​គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ ៨៩,៨៩​ គីឡូម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ ២.០០០​ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាម​រយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd​ ។

ទទឹង​តួ​ផ្លូវ​សរុប​នៃ​គម្រោង​ខាងលើ​នឹង​ត្រូវ​សាងសង់​រហូត​ដល់ ២៤,៥ ​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​ ១០​ សង់ទីម៉ែត្រ ទទឹង ​២៣ ​ម៉ែត្រ ដែល​ក្នុង​នោះ​រួម​មាន​ ៖ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថយន្ដ ទទឹង ​១៥​ ម៉ែត្រ ចែក​ជា ៤ ​គន្លង (២ ​គន្លង​ទៅ ២​គន្លង​មក​) ដែល​គន្លង​នីមួយ​ៗ​មាន​ទទឹង ​៣,៧៥​ ម៉ែត្រ អាច​ឱ្យ​យានយន្ត គ្រប់​ប្រភេទ​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កន្លែង​ខ្លះ​អាច​ដល់​ ១២០ ​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ ។ ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ទទឹង​ ៣ ​ម៉ែត្រ ចិញ្ចើម​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​ទទឹង​ ២,៥០​ ម៉ែត្រ សងខាង និង​ចិញ្ចើម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ទទឹង ០,៧៥ ​ម៉ែត្រ​សងខាង ​។ មានការ​សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន ២៦៣ ​កន្លែង ស្ពាន​តូច ​៥ ​កន្លែង ប្រវែង​សរុប ​១០៥ ​ម៉ែត្រ ស្ពាន​ធំ និង​ស្ពាន​មធ្យម​៨០​កន្លែង ប្រវែង​សរុប ៦០១៥ ​ម៉ែត្រ​ ។ សាងសង់​ផ្លូវ​ប្តូរ​ទិស​ចរាចរណ៍​ចំនួន ៧​ កន្លែង ផ្លូវ​ប្រសព្វ ២៨ កន្លែង ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន ២៣៧​កន្លែង និង​ស្ពាន​រំលង​ផ្លូវ ២០​ កន្លែង ​។ សាងសង់​តំបន់​សេវាកម្ម ឬ​ចំណត​ឈប់​សម្រាក​ចំនួន ​៣​ កន្លែង ចំណតរថយន្ត​ ១​ កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ ៤ ​កន្លែង និង​បញ្ជរ​បង់ប្រាក់ ៩ កន្លែង ​។ បំពាក់​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់​ដែល​រួម​មាន ផ្លា​ក​សញ្ញា​ចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ