ខេត្តកំពង់ចាម ៖ ប្រដឹសកោះប៉ែន សម្រាប់ឆ្លងពីក្រុងកំពង់ចាម ទៅឆ្នេរខ្សាច់កោះប៉ែន ស្ថិតនៅក្នុងឃុំកោះមិត្តស្រុកកំពង់សៀម ត្រូវបានចរន្តទឹកទន្លេមេគង្គហូរបុកដាច់ត្រង់ផ្នែកកណ្ដាល ជាមួយនោះកម្មករកំពុងតែនាំគ្នាប្រើទូកម៉ាស៊ីន ដើម្បីរុះរើដឹកយកមកដាក់នៅច្រាំងទន្លេ សម្រាប់កែច្នៃប្រើប្រាស់នៅឆ្នាំក្រោយទៀត។

លោកស្លេះ សាន អាយុ៥៦ឆ្នាំ ដែលជាអ្នកលក់សំបុត្រនៅក្បាលប្រដឹសកោះប៉ែនត្រើយ ក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះថា កាលពីប៉ុន្មានថ្ងៃមុន ទឹកទន្លេមេគង្គបានឡើងមកប្រៀបកល់នឹងដល់រនាបឬស្សី ហើយរាល់ថ្ងៃមិនមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តនោះទេ ព្រោះតែម្នាក់ៗខ្លាចឆ្លងជំងឺកូវីដ១៩។ ចំណែកក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ទឹកទន្លេបានឡើងមក ដែលជាហេតុធ្វើឲ្យប្រដឹស ត្រង់ផ្នែកកណ្ដាលត្រូវបានបុកប៉ើងដាច់តាមខ្សែទឹកហូរតែម្តង ។
លោកស្លេះ សាន បានបន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី១ ខែមិថុនានេះ ប្រដឹសត្រូវបានទឹកហូរកាត់ផ្ដាច់ចំនួន៣កំណាត់ទៀត ហើយជាមួយនោះ ត្រូវបានថៅកែឆ្នេរខ្សាច់កោះប៉ែន គឺលោកប៊ុន តារា បានជួលកម្មករឱ្យប្រើទូកម៉ាស៊ីន ដើម្បីបើកតាមចាប់ប្រដឹស ដែលប៉ើងតាមខ្សែទឹកហូរយកមកដាក់នៅលើច្រាំងមាត់ទន្លេ រួចគ.ទុកឱ្យបានច្រើន និងមានរថយន្តដឹកយកទៅរក្សាទុកប្រើប្រាស់នៅឆ្នាំក្រោយទៀត។

អ្នកលក់សំបុត្ររូបនេះបានលើកឡើងថា នៅឆ្នេរខ្សាច់កោះប៉ែន មុននេះបន្តិច ក្នុង១ថ្ងៃគឺមានរថយន្តយ៉ាងច្រើន៤ទៅ៥គ្រឿង និងម៉ូតូតិចបំផុត គឺ២ទៅ៣គ្រឿង បាននាំគ្នាមកលេងកំសាន្តងូតទឹកទន្លេលេង និងហូបអាហារ ដែលគេបើកលក់នៅទីនោះ។ តែមកដល់ដើមខែមិថុនា ទឹកទន្លេបានចាប់ផ្ដើមឡើងលិចវាលខ្សាច់ជាបណ្ដើរៗ ចំណែកម្ចាស់អាហារដ្ឋានមួយចំនួនក៏បាននាំគ្នាសែងគ្រែ និងរោង ឬរុះរើយកមកផ្ទះរក្សាទុកជាបណ្ដោះអាសន្នផងដែរ។
លោក វ៉ែន នាង មេឃុំកោះមិត្ត មានប្រសាសន៍ឱ្យដឹងដែរថា កាលពីពេលដែលមិនទាន់មានជំងឺកូវីដផ្ទុះឡើងនៅក្នុងខេត្តកំពង់ចាម នៅឆ្នេរខ្សាច់កោះប៉ែន មានភ្ញៀវជាតិ និងអន្តរជាតិមកលេងច្រើនកុះករ ជាមួយគ្នានោះអ្នកកោះប៉ែនដែលមានបន្លែ និងផ្លែឈើ បានដាក់លក់នៅមុខផ្ទះ ថែមទាំងលក់ដាច់ធ្វើឱ្យមានចំណូលក្នុងគ្រួសារសម្រាប់ដោះស្រាយជីវភាពបានមួយផ្នែកផងដែរ។

លោកមេឃុំកោះមិត្ត មានប្រសាសន៍បន្តថា ចាប់តាំងពីរឆ្នាំ២០០០ ពេលដែលកូវីដបានចាប់ផ្ដើមផ្ទុះឡើងជាបណ្ដើរៗ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងទៀត រួមទាំងរាជធានីភ្នំពេញ ធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិចាប់ផ្ដើមមានការថយចុះ រហូតមកដល់ឆ្នាំ២០២១ ឆ្នេរខ្សាច់កោះប៉ែនមានសភាពស្ងប់ស្ងាត់ ដោយមនុស្សមកលេងតិចតួចណាស់។ សូម្បីតែប្រជាពលរដ្ឋរស់នៅលើកោះប៉ែន ដែលដាក់លក់ផល្លានុផល គឺលក់ដាច់តិចៗធ្វើឲ្យបាត់ចំណូលមួយផ្នែកធំ។
ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានឲ្យមន្ត្រីជំនាញកសិកម្មខេត្តចុះមកបង្រៀនដល់ប្រជាពលរដ្ឋនៅក្នុងឃុំកោះមិត្ត ឲ្យចេះពីរបៀបដាំដុះតាមលក្ខណៈបច្ចេកទេស របៀបចិញ្ចឹមសត្វ រួមនឹងជំនាញផ្សេងទៀតដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ធ្វើឲ្យឆ្នេរខ្សាច់កោះប៉ែន មានសភាពស្ងាត់ក៏ពិតមែន តែបើក្រឡេកមកមើលតាមដងផ្លូវនានាក្នុងឃុំកោះមិត្ត គឺមានផ្លូវបេតុងស្ទើរតែគ្រប់ទីកន្លែង ហើយរាល់ថ្ងៃអ្នកក្រុងកំពង់ចាម តែងតែនាំគ្នាជិះកង់ហាត់ប្រាណតាមដងផ្លូវ ។

យ៉ាងណាមិញ ទោះមិនមានប្រដឹសឬស្សីសម្រាប់ឆ្លងទន្លេក៏ពិតមែន តែមានសមិទ្ធផលថ្មីមួយទៀត គឺស្ពានបេតុងកោះប៉ែន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្លងពីត្រើយកំពង់ចាមមកឃុំកោះមិត្ត បានយ៉ាងងាយស្រួល។ សូម្បីតែនៅលើស្ពាន គឺមានប្រជាពលរដ្ឋប្រុសស្រីនាំគ្នាស្ទូចត្រី ក្នុងនោះក៏មានអ្នកខ្លះមកម្នាក់ឯង និងខ្លះទៀតមកទាំងប្ដីប្រពន្ធ ដោយស្ទូចត្រីមានភាពសប្បាយរីករាយ តែអាជ្ញាធរក៏បានណែនាំដល់ពួកគាត់ពីការស្ទូចត្រីនៅលើស្ពានបែបនេះ អាចធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ព្រមទាំងបានឲ្យនគរបាលចុះណែនាំផងដែរ៕





ចែករំលែកព័តមាននេះ