ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់ពន្ធផ្លូវ ចាប់ពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាសថា ការប្រមូល​ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ នឹងត្រូវដាក់​ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកា​…

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាសថា ការប្រមូល​ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ នឹងត្រូវដាក់​ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១​ តទៅ​។

អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បានប្រកាសពីកន្លែង​បង់ពន្ធ គឺធ្វើនៅសាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬនៅធនាគារ​កាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ឬនៅ​តាម​ធនាគារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីជូនដំណឹង បន្តថា យានយន្ត​ ដែលជាកម្មសិទ្ធិ​របស់ស្ថានទូត ឬស្ថានកុងស៊ុល​បរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមក​អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ ( ពន្ធជាបន្ទុករបស់រដ្ឋ )។

សេចក្តីប្រកាស ក៏បានលើកឡើងថា ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន​ ឬអង្គភាព​ ដែលត្រូវទទួលបានលតាបត្រ​ពន្ធលើមធ្យោបាយដឹកជញ្ជូន​ និងយានជំនិះ​គ្រប់ប្រភេទ ( ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិ​បើកប្រាក់ ) ត្រូវភ្ជាប់មកជាមួយ​នូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យ​សម្បត្តិរដ្ឋ ( តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ) ដែលបានចុះបញ្ជី​នៅអគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែន​សារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ សហការជាមួយ​អាជ្ញាធរសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យ​ចំពោះម្ចាស់​យានយន្ត​ទាំងឡាយណា ដែលមិនទាន់​បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពី​សារពើពន្ធជាធរមាន​៕