សម្តេចតេជោ ហ៊ុន សែន លើកឡើង ៦ចំណុច ក្នុងកិច្ចប្រជុំ P4G
- ភ្នំពេញ
ភ្នំពេញ៖ នាយប់ថ្ងៃទី៣១ ខែឧសភានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ទីក្រុងសេអ៊ុល ទី២…
ភ្នំពេញ៖ នាយប់ថ្ងៃទី៣១ ខែឧសភានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ទីក្រុងសេអ៊ុល ទី២…
ភ្នំពេញ៖ នាយប់ថ្ងៃទី៣១ ខែឧសភានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ទីក្រុងសេអ៊ុល ទី២ នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ( P4G ) ស្តីពី ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩ តាមរយៈប្រព័ន្ធវិដេអូ។ ក្នុងកិច្ចប្រជុំ ដែលប្រធានាធិបតីកូរ៉េ ជាប្រធាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈ ៦ចំណុច។
លើប្រធានបទដ៏សំខាន់ «ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩» សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដែលមេដឹកនាំលើពិភពលោក ត្រូវការយកចិត្តទុកដាក់ ដូចខាងក្រោម៖
១-បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុ។
២-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យកសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular economy), សេដ្ឋកិច្ចឌីជីថល និងថាមពលកកើតឡើងវិញ។
៣-ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន (PPP) ជាដើម។
៤-ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។
៥-ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
៦-លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ៕
ចែករំលែកព័តមាននេះ