ខេត្តបាត់ដំបង ៖ លោកសន និល អធិការ នគរបាលស្រុករតនមណ្ឌលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយពីទទួលដំណឹងការបង្ហូរទឹកកខ្វក់មានជាតិពុលចូលស្ទឹងថ្វាកបង្កឲ្យត្រីងាប់ជាច្រើន លោកនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅកាន់ទីតាំងរោងចក្រ
ចិនដែលស្ថិតនៅក្រោមទំនប់សេកសក ដើម្បីត្រួតពិនិត្យគឺឃើញថា «ជាតិពុលបានហៀរចេញពីកន្លែងអាងស្តុកទឹកពណ៌លឿងនៃរោងចក្រចិននេះពិតប្រាកដមែន ដោយសារតែទឹកភ្លៀងខ្លាំង បានហូរច្រោះអាងនេះបណ្តាលឲ្យហៀរទឹកគីមីពុលចូលស្ទឹង» ។ លោកអធិការបានបញ្ជាក់ថា ក្រោយពីចុះពិនិត្យ អាជ្ញាធរបានឲ្យម្ចាស់ទីតាំងរោងចក្រខាងលើនេះ បិទកន្លែងធ្លាយចេញពីអាងស្តុកនេះរួចរាល់ហើយ មិនមានហូរជាតិពុលចេញមកទៀតនោះទេ។

បន្ទាប់ពីភ្ញាក់ផ្អើលរឿងពុលទឹកស្ទឹងសង្កែខេត្តបាត់ដំបង អាជ្ញាធរស្រុកបាណន់ក្នុងខេត្តក៏បានប្រកាសអនុញ្ញាតឲ្យដំណើរការផ្គត់ផ្គង់ទឹកស្អាតឡើងវិញ នៅវេលាម៉ោង៧,៣០នាទីព្រឹកថ្ងៃទិ២៨ ឧសភា នេះ ។ ក្នុងនោះ អាជ្ញាធរឃុំ និងនគរបាលរដ្ឋបាលប៉ុស្តបានចុះពិនិត្យភ្លាមៗនៅទីតាំងរោងចក្រចិនមួយកន្លែង ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលសង្ស័យបានបង្ហូរទឹកកខ្វក់ចូលស្ទឹងថ្វាកបង្កឲ្យត្រីងាប់ជាច្រើន និងប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២៦ខែឧសភា ។

សមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋឲ្យដឹងថា មានត្រីងាប់ជាច្រើនអណ្តែតពេញស្ទឹងថ្វាក តាំងពីរសៀលថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១ ដែលបណ្តាលមកពីមានជាតិពុល ពណ៌ក្រមៅល្អក់ បានហូរពេញស្ទឹង ពីប៉ែកខាងលើ ដែលហូរចេញ ពីរោងចក្រចិន
មួយ ។ ទីតាំងដែលហូរចូលនោះ ក៏បានប៉ះពាល់ តំបន់ទេសចរណ៍ស្ទឹងថ្វាក ដែលមានអ្នកទេសចរណ៍ទៅលេងផងដែរ ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ត្រីដែលងាប់ក្នុងស្ទឹងថ្វាក ដែលហូរបន្តចូលស្ទឹងសង្កែប៉ែកខាងលើនេះ បានប៉ះពាល់បីឃុំ គឺឃុំត្រែង អណ្តើកហែប និងឃុំផ្លូវមាស ស្រុករតនមណ្ឌលខេត្តបាត់ដំបង ។ នេះជាលើកទីពីរហើយ ដែលជាតិពុលនេះបានហូរចេញពីរោងចក្រចិនមួយដែលកំពុងសាងសង់នៅប៉ែកខាងលើ បង្កឲ្យត្រីងាប់ និង ប៉ះពាល់ដល់ពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងនេះ។ ដោយ៖ ហួត សុងហាក់

ចែករំលែកព័តមាននេះ