ប្រធានាធិបតីអាមេរិក បញ្ជាឱ្យបង្កើនការស៊ើបអង្កេតរកប្រភពដើមនៃជំងឺកូវីដ-១៩
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃទី២៦ ខែឧសភា បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃទី២៦ ខែឧសភា បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃទី២៦ ខែឧសភា បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ស៊ើបអង្កេតរកប្រភពដើមនៃមេរោគកូវីដ១៩ ដើម្បីធ្វើរបាយការណ៍ត្រឡប់មកលោកវិញ ក្នុងរយៈពេល៩០ថ្ងៃ។
ភាពមិនច្បាស់លាស់នៃប្រភពដើមនៃមេរោគកូវីដ១៩ នៅតែចាក់ស្រែះមកដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពីមានការអះអាងផ្សេងៗគ្នាពីអ្នកជំនាញទាំងអាមេរិក និងចិន។ ដោយខ្លះថា មេរោគនេះ បានមកពីការប៉ះពាល់រវាងមនុស្សជាមួយសត្វប្រចៀវ និងខ្លះទៀតថា មកពីឧប្បត្តិហេតុនៅឯមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ចូបៃ ដិន បានលើកឡើងថា សព្វថ្ងៃសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានដាក់រួមបញ្ចូលគ្នានូវសេណារីយ៉ូចំនួន២ខាងលើ ក្នុងដំណើរការស៊ើបអង្កេតផងដែរ។
លោកបានមានប្រសាសន៍ថា «ឥឡូវនេះ ខ្ញុំបានស្នើសុំសហគមន៍ឱ្យខិតខំប្រឹងប្រែងឡើងវិញ ក្នុងការប្រមូល និងវិភាគព័ត៌មាន ដែលអាចនាំយើងឈានទៅរកការសន្និដ្ឋានច្បាស់លាស់ ហើយត្រូវរាយការណ៍មកខ្ញុំវិញក្នុងរយៈពេល៩០ថ្ងៃ»។
យោងតាមកាសែត Wall Street Journal ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា បានដកស្រង់របាយការណ៍ស៊ើបអង្កេតរបស់អាមេរិកមួយ ដែលលើកឡើងថា អ្នកស្រាវជ្រាវ៣នាក់ នៅឯមន្ទីរពិសោធន៍ទីក្រុងវូហាន ប្រទេសចិន បានធ្លាក់ខ្លួនឈឺក្នុងមន្ទីរពេទ្យកាលពីខែវិច្ឆកា ឆ្នាំ២០១៩ មុនពេលការផ្ទុះឡើងនៃមេរោគនេះ។ ប៉ុន្តែរបាយការណ៍ត្រូវចិនច្រាលចោលដោយថា ជាព័ត៌មានមិនពិត។
សូមរំលឹកថា កាលពីខែមីនា ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញចិនបានលើកឡើងជាបឋមថា វីរុសកូវីដ១៩ ទំនងជាកើតឡើងពីសត្វប្រចៀវ ឬសត្វដទៃទៀត ជាងការបែកធ្លាយចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន។ ប៉ុន្តែទោះបីយ៉ាងណាអង្គការសុខភាពពិភពលោក នៅតែត្រូវការកិច្ចស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់រូបភាពពេញលេញនៃប្រភពដើមនៃមេរោគនេះ៕ (ដកស្រង់ចេញពី USA Today និង NBC News)
ចែករំលែកព័តមាននេះ