ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ បើសិនជាមិនគិតដល់ផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ច និងសេរីភាពនោះ ការទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩ នឹងងាយស្រួល ហើយមានប្រសិទ្ធភាព តាមរយៈការបិទខ្ទប់តំបន់ ខេត្ត ឬក្រុង…

ភ្នំពេញ៖ បើសិនជាមិនគិតដល់ផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ច និងសេរីភាពនោះ ការទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩ នឹងងាយស្រួល ហើយមានប្រសិទ្ធភាព តាមរយៈការបិទខ្ទប់តំបន់ ខេត្ត ឬក្រុង ដែលមានការឆ្លងរាលដាល​មេរោគនេះ​ច្រើន។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ រដ្ឋាភិបាល ចាំបាច់ត្រូវមើលសព្វជ្រុងជ្រោយ ដើម្បីធានាថា រាល់វិធានការនៃ ការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ត្រូវធ្វើឡើង ដោយមានប្រសិទ្ធភាព និងមានផលប៉ះពាល់តិចបំផុត តាមដែលអាចធ្វើបានទៅលើសេដ្ឋកិច្ច និងសេរីភាពរបស់ប្រជាជនទាំងអស់។

ជាមួយនឹងការពិចារណាបែបនេះ ការបិទខ្ទប់ត្រូវបានបន្ធូរបន្ថយ និងបើកវិញភ្លាមៗ បន្ទាប់ពីស្ថានភាពកូវីដ១៩ មានការធូរស្រាលឡើងវិញ ទោះបីជាចំនួនឆ្លងមានខ្ទង់រយជារៀងរាល់ថ្ងៃក្តី។

ការសម្រេចចិត្តថ្មីនេះ អោយផ្សារ និងហាង អាចដំណើរការឡើងវិញ គឺមានគោលបំណង ដើម្បីអោយប្រជាជនកម្ពុជាជាច្រើន មានលទ្ធភាពប្រកបមុខរបរដូចដើម ដើម្បីអាចរកចំណូលចិញ្ចឹមជីវិត និងគ្រួសារ។

 ការបិទយូរពេក មានន័យថា គឺជាការខ្តប់ដង្ហើមសេដ្ឋកិច្ចកាន់តែយូរ។ ដូច្នេះ អ្នកដែលរងទុក្ខមុនគេ គឺប្រជាជនក្រីក្រ និងអ្នកប្រកបរបរតូចតាច ដែលពឹងផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃ។

ការបើកអោយមានការរកស៊ីឡើងវិញ គួរតែត្រូវបានពង្រីកទៅលើមុខរបរផ្សេងទៀត នៅពេលដែលស្ថានភាពនៃ កូវីដ១៩ កាន់តែធូស្រាលទៅៗ។

ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ១៩នោះ មនុស្សគ្រប់គ្នា ត្រូវតែចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងការរាល ដាលនៃមេរោគកុវីដ១៩។ ប្រជាជនម្នាក់ គឺជាកងទ័ពម្នាក់ ក្នុងសមរភូមិប្រឆាំងកូវីដ១៩នេះ។ អាវុធដ៏សំខាន់ សម្រាប់​ប្រជាជនច្បាំងនឹងមេរោគកូវីដ១៩ គឺអនុវត្តវិធានការបីការពារ ( លាងដៃនឹងអាលកុល ពាក់ម៉ាស និងរក្សា​គម្លាត​យ៉ាងតិច ១ម៉ែត្រ​កន្លះ) និង បីកុំ ( កុំទៅកន្លែងបិទជិត និងមានម៉ាស៊ីនត្រជាក់ច្រើនពេក កុំជួបជុំមនុស្សច្រើន និង កុំចាប់ដៃគ្នា ឬឱបថើបគ្នា ជាដើម)។ សំខាន់ដែរនោះ​ យើងត្រូវចាក់វ៉ាក់សាំង ប្រឆាំងនឹងកូវីដ១៩ អោយបានគ្រប់ៗគ្នា។ បើសិនជាយើងទាំងអស់គ្នា អាចធ្វើបានដូច្នេះមែននោះ កម្ពុជានឹងឆាប់យកឈ្នះនឹងមេរោគកូវីដ១៩។

ដើម្បីធានាដំណើរការរកស៊ីឡើងវិញបាននោះ គេចាំបាច់ ត្រូវតែធានាថាការប្រកបរបររកស៊ីគ្រប់យ៉ាងទាំងអស់ គឺធ្វើឡើងបានយ៉ាងត្រឹមត្រូវបំផុតនៅក្នុងការអនុវត្តវិធានការប្រឆាំងការរាលដាលនៃមេរោគកូវីដ១៩។ បើចង់រក ស៊ីបានដូចដើម និងមិនចង់ប្រឈមមុខនឹងការបិទវិញទេនោះ អ្នកប្រកបមុខរបរទាំងអស់ ត្រូវតែយល់ច្បាស់ថា មេរោគកូវីដ១៩ អាចនឹងគំរាមកំហែងសុខភាពនិងមុខរបររបស់ពួកគេគ្រប់ពេលវេលា។ បើសិនជាប្រហែស មេរោគកូវីដ១៩ នឹងឆ្លងរាលដាលហើយ រដ្ឋាភិបាលនឹងគ្មានជម្រើសអ្វី ក្រៅពីធ្វើការបិទខ្ទប់កន្លែង ដែលមានការឆ្ងងរាលដាលខ្លាំងឡើយ។ ការបិទខ្ទប់កន្លែងឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ១៩ គឺជាវិធានការជាសាកល ដែលប្រទេសទាំងអស់ តែងប្រកាន់យក ដើម្បីទប់ស្កាត់នឹងការរាលដាលមេរោគកូវីដ១៩។

ដូច្នេះផ្សារ និងហាងនៅភ្នំពេញ ដែលត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញនោះ ត្រូវតែអនុវត្តវិធានការ សុខាភិបាល អោយបានម៉ត់ចត់បំផុត ដើម្បីបញ្ចៀសការឆ្លងមេរោគកូវីដ១៩ នៅតាមផ្សារ និងហាងនានា។ បើសិនជាប្រហែសនោះ មេរោគកូវីដ១៩ មុខជានឹងអាចចូលវាយលុកក្នុងផ្សារ និងក្នុងហាងនានាជាថ្មីម្តងទៀត ដោយធ្វើអោយមានមនុស្សជាច្រើន ធ្លាក់ខ្លួនឈឺ និងអាចឈានដល់ស្លាប់ដោយសារមេរោគកូវីដ១៩។ ដូចគ្នានេះដែរ ហាង និងផ្សារនានា ក៏ប្រឈមមុខនឹងការបិទ​ជាថ្មីផងដែរ បើសិនជាមានការឆ្លងរាលដាលមេរោគកូវីដ១៩ ជាថ្មី នៅតាមផ្សារ និងហាងទាំងនោះ។

ចូរបន្តរួមគ្នា យកឈ្នះកូវីដ១៩ ដើម្បីសុខភាពរបស់មនុស្សគ្រប់គ្នា និងដើម្បីសេដ្ឋកិច្ចជាតិ និងប្រជាជន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ