ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា តើ​មាន​ប្រវត្តិ​បែប​នេះ? ហេតុ​អ្វី​បាន​គេ​ដាក់​​ថា «​ខេត្តកំពង់ឆ្នាំង​» ដូច្នេះ?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

កំពង់ឆ្នាំង​គឺជា​ខេត្ត​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មាន​ចម្ងាយ​៩១​គីឡូម៉ែត្រ ទិស​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​។ ខេត្ត​មួយ​នេះ មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ កណ្ដាល បាត់ដំបង ពោធិ៍សាត់ និង​កំពង់ធំ ហើយ​ក៏​ជា​ខេត្ត​មួយ​ដែល

ខេត្តកំពង់ឆ្នាំង ៖ កំពង់ឆ្នាំង​គឺជា​ខេត្ត​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មាន​ចម្ងាយ​៩១​គីឡូម៉ែត្រ ទិស​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​។ ខេត្ត​មួយ​នេះ មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ កណ្ដាល បាត់ដំបង ពោធិ៍សាត់ និង​កំពង់ធំ ហើយ​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​ភូមិសាស្ត្រ​ជាប់ ដង​នឹង​បឹង​ទន្លេសាប​ជាមួយ​ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តកំពង់ធំ​ផង​ដែរ ។

ប្រវត្តិ​ឈ្មោះ​ខេត្តកំពង់ឆ្នាំង តាម​ការ​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ៖ ពុំ​មាន​ឯកសារ​ណា​ចងក្រង​បញ្ជាក់​ច្បាស់​ថា​៖ ឈ្មោះ «​ខេត្តកំពង់ឆ្នាំង​» បាន​ចាប់កំណើត​ពី​ពេល​ណា​មក​នោះ​ទេ​។ ប៉ុន្តែ​យោង​តាម​ឯកសារ​ស្រាវជ្រាវ​នៅ​សម័យ​អង្គរ ក្នុង​ចន្លោះ​សតវត្ស​ទី​១៣ និង​ទី​១៤ មាន​រាជទូត​ប្រទេស​ចិន បាន​ជិះ​សំពៅ​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ សំដៅ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប​។

នៅ​តាម​ផ្លូវទឹក លោក​ជីវ តា​ក្វា​ន់ ឬ ជីវ តា​កួន (​ហៅ​តាម​ភាសា​ចិន​ហៅ​ខុស​គ្នា​) ដែល​ជា​រាជទូត​ប្រទេស​ចិន បាន​កត់​កំណត់​ត្រា​ជា​ហូរហែ រហូត​មក​ដល់​ចំណុច​ទន្លេ​ផ្សារ​ក្រោម ជា​មាត់​កំពង់ទឹក ដែល​មាន​ដាក់​តាំង​លក់ កុលាលភាជន៍ ក្អម ឆ្នាំង និង​វត្ថុ​ប្រើប្រាស់​ធ្វើ​អំពី​ដី​ជា​ច្រើន ។ កាល​ណោះ លោក ជីវ តា​ក្វា​ន់ បាន​កត់​ក្នុង​សៀវភៅ កំណត់​ត្រា​របស់​គាត់​ដោយ​ដាក់​ថា ៖ (​មក​ដល់​ជ្រោយ​មួយ​នៅ​ខាងឆ្វេង​ដៃ ហៅ​ថា​៖ ខេត្ត​ឆេ​ណាំង )​។ ពាក្យ (​ហៅ​ថា​៖) គឺ មិនមែន គាត់​ជា​អ្នក​ដាក់​ឈ្មោះ​ទេ គឺ​ឈ្មោះ​ខេត្ត​មាន​តាំងពី​បុរាណកាល​មក ។

ដោយសារ​នៅ​មាត់​កំពង់ទឹក​ផ្សារ​ក្រោម ជា​កំពង់​ផែ ដែល​គេ​យក កូ​លា​ភា​ជ ផលិត​ពី​ដី​ដុត មាន​ក្អមឆ្នាំង មក​ដាក់​ទីនោះ​ដើម្បី​ដឹក​យក​ទៅ​លក់​ចែកចាយ​តាម​ផ្លូវទឹក ។ ដូច​ឆ្នេះ​ហើយ បាន​រាជទូត​ចិន ដែល​បាន​សរសេរ​ពណ៌នា ជា​ហូរហែ​ពី​ណា​ពី​ណី​មក លុះ​មក​ដល់​ត្រង់​ហ្នឹង (​មាត់​កំពង់ទឹក​ផ្សារ​ក្រោម​) គាត់​ដាក់​ថា ៖ មាន​ខេត្ត​មួយ​នៅ​ខាងឆ្វេង​ដៃ​ឈ្មោះ (​ខេត្ត​ឆេ​ណាំង​) ។ ជាមួយនឹង​សំ​ណេ​រ​របស់​រាជទូត​ចិន បែប​នេះ យើង​ក៏​មិនដឹង​ថា​៖ តើ​មុន​ហ្នឹង​! ខេត្ត​ហ្នឹង​! ឈ្មោះ​អី ក៏​យើង​មិន​បានដឹង​ដែរ? ទើបតែ​ឮ លោក ជីវ តា​ក្វា​ន់ ដាក់​ថាៈ ខេត្ត​ឆេ​ណាំង ដែល​មក​ពី​មាត់​កំពង់ទឹក​ដាក់​ឆ្នាំង ហើយ​ក៏​បាន​ក្លាយជា​ខេត្តកំពង់ឆ្នាំង រហូត​មក​។

ពាក់ព័ន្ធ​នឹង​ឈ្មោះ​ខេត្តកំពង់ឆ្នាំង​នេះ​ដែរ ក៏​មាន​សៀវភៅ​មួយ ដែល​ចងក្រង​ដោយ​ជនជាតិ​បារាំង ក៏​បាន​សរសេរ​ពី​ប្រវត្តិ​ឈ្មោះ​ខេត្តកំពង់ឆ្នាំង ដូច​គ្នា​នេះ​ដែរ ។ ដោយ​ក្នុង​សៀវភៅ​នោះ ក៏​មាន​សរសេរ​រៀបរាប់​ពី​ឈ្មោះ​ខេត្ត​កាលពី​ជំនាន់​នោះ​ទៀត ដូច​ជា​ខេត្ត​បរិបូរ​ណ៌ ខេត្ត​កំពង់លែង ខេត្ត​រលាប្អៀរ​ជាដើម ។ យើង​មិនដឹង​ថា​៖ ការ​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល កាលនោះ របៀប​ម៉េច​ទេ ប៉ុន្តែ​ឈ្មោះ​ខេត្ត​ទាំងនោះ​បច្ចុប្បន្ន បាន​ក្លាយជា​ឈ្មោះ ស្រុក​ទាំងអស់ ដូច​ជា​ស្រុក​បរិបូរ​ណ៌ ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ​ជាដើម ។
តើ​កំណត់​ត្រា​លោក​ជីវ​តា​ក្វា​ន់​សរសេរ​ពី​ធនធានធម្មជាតិ​អ្វីខ្លះ​ក្នុង​ខេត្តកំពង់ឆ្នាំង?

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ថា ក្នុង​កំណត់​ត្រា របស់​លោក ជីវ តា​ក្វា​ន់ ក៏​បាន​លើក​សរសើរ​ពី​ធនធានធម្មជាតិ​ខេត្តកំពង់ឆ្នាំង ដែល​សំបូរ​បែប មាន​ដូច​ជា ផ្លូវទឹក បឹង​ទន្លេសាប មាន​ត្រី មានព្រៃ​លិច​ទឹក មាន​សត្វ​ស្លាប ជាដើម សូ​ម្បី​តែ​បង្កង​១​ក្បាលមាន​ទម្ងន់​ដល់​ទៅ​២​នា​ឡ (១​នាល​ស្មើ ០,៦​គីឡូក្រាម​) ។

ជា​សេចក្តី​សរុប​ឡើង​វិញ ប្រវត្តិ​ឈ្មោះ ខេត្តកំពង់ឆ្នាំង គឺ​បាន​មក​ពី​ភូមិសាស្ត្រ​មាត់​ផែ​កំពង់ទឹក ផ្សារ​ក្រោម ដែល​ដាក់​ស្តុ​ប កុលា​ភា​ជ ធ្វើ​ពី​ដី មាន​ក្អម ឆ្នាំង​ជាដើម ទើបបាន​ក្លាយជា​កំពង់ឆ្នាំង ។ បើ​គិត​មក​ដល់​បច្ចុប្បន្ន សតវ​ត្យ​ទី​២១ ទៅ​ហើយ ឬ​អាច​និយាយ​បាន​ថា​៖ ជាង​៧០០​ឆ្នាំ​ក្រោយ ឈ្មោះ​ខេត្តកំពង់ឆ្នាំង មិន​បាន​ប្រែប្រួល​ទៅ​ណា​នោះ​ទេ លើស​ពី​នេះ បើ​ទោះ​បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​ជឿនលឿន និង​ជា​សម័យ​កុំព្យូទ័រ យ៉ាងណា​ក្តី ក៏​អ្នក​ខេត្តកំពង់ឆ្នាំង នៅ​បន្ត​មរតក​ដូនតា គឺ​ការ​ផលិត​ក្អមឆ្នាំង​ធ្វើ​ពី​ដី​ដុត​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ