ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន​សេរីនិង​ឯករាជ្យ មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​វិបុលភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​សារព័ត៌មាន (ICFJ) កំពុង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​នៃ​មេដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ (YSEALI) ស្តី​ពី​សារព័ត៌មាន​ពលរដ្ឋ​។ វគ្គ​សិក្សា​ដែល​មាន​រយៈពេល ៦…

រាជធានី​ភ្នំពេញ​៖ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​សារព័ត៌មាន (ICFJ) កំពុង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​នៃ​មេដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ (YSEALI) ស្តី​ពី​សារព័ត៌មាន​ពលរដ្ឋ​។ វគ្គ​សិក្សា​ដែល​មាន​រយៈពេល ៦ ស​ប្តា​ហ៍ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ​។

ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា W. Patrick Murphy ​បាន​មាន​ប្រសាសន៍​ថា ៖ «​សារព័ត៌មាន​សេរី និង​ឯករាជ្យ មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​វិបុលភាព​។ ជាង​ពេល​ណា​ៗ​ទាំងអស់ យើង​ត្រូវការ​អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ជា​អ្នក​សារព័ត៌មាន ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល មានការ​ទទួលខុសត្រូវ​នៅ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ហើយ​លើកកម្ពស់​ការ​យល់​ដឹង​លើ​បញ្ហា​នានា បញ្ហា​ប្រឈម និង​ឱកាស នៅ​ក្នុង​សង្គម​។ ខ្ញុំ​មានការ​ជឿជាក់​ថា សិក្ខាសាលា​នេះ​នឹង​ផ្តល់​ដល់​មេដឹកនាំ​វ័យក្មេង​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ នូវ​ជំនាញ​សម្រាប់​ធ្វើ​ការងារ​ទាំងនេះ​»​។

នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់ តាម​អ៊ិ​ន​ធឺ​ណែ​ត​នេះ សិក្ខាកាម​ចំនួន ៤៣ នាក់ មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ប្រទេស​ទី​ម័​រ នឹង​ទទួល​បាន​ចំណេះដឹង​ជាក់ស្តែង ស្តី​ពី​សារព័ត៌មាន​ពលរដ្ឋ រៀនសូត្រ​បាន​ពី​ចំណុច​សំខាន់​ៗ នៃ​សីលធម៌​សម្រាប់​អ្នក​សារព័ត៌មាន ហើយ​បណ្តុះ​សមត្ថភាព​ក្នុង​ការ​ធ្វើ​សេចក្តីរាយការណ៍​ប្រកបដោយ​គុណភាព និង​ផ្អែក​លើ​ភស្តុ​តាង​បញ្ជាក់​។

លោកស្រី Melissa A. Brown ភារធារី​នៃ​ស្ថាន​បេសកកម្ម​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​សមាគម​អាស៊ាន បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ផ្តល់​អំណាច​ដល់​អ្នក​សារព័ត៌​មាននៅ​អាស៊ី​អាគ្នេយ៍ តាម​រយៈ​ឱកាស​បណ្តុះបណ្តាល​នានា ដែល​ផ្តល់​ដោយ​កម្មវិធី YSEALI កម្មវិធី​អ្នក​ទស្សនកិច្ច​អន្តរជាតិ​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ (IVLP) និង​កម្មវិធី​ប្រឡង​ស្តី​ពី​ការងារ​សារព័ត៌មាន​សង្គម​របស់​យុវជន​អាស៊ាន និង​ទីភ្នាក់ងារ​ជំនួយ អា​មេ​រិ​ក (USAID) រួមចំណែក​ដល់​វឌ្ឍនភាព​តំបន់ ឆ្ពោះទៅ​រក​សង្គម​ដែល​មាន​ភាព​សេរី និង​បើកចំហ ហើយ​ដែល​គាំទ្រ​គណនេយ្យ​ភាព និង​ការ​ចូលរួម​របស់​ពលរដ្ឋ​។ គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក និង​សមាគម​អាស៊ាន បាន​រួមចំណែក​ឱ្យ​មាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​មុន នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ខ្លះ នៅ​ក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​។ យើង​សូម​អបអរសាទរ​ដល់​ពួក​គេ ចំពោះ​ភាព​រីក​ចម្រើន​នេះ​»​។

លោកស្រី Johanna Carrillo អនុប្រធាន​កម្មវិធី​នៃ ICFJ បាន​មាន​ប្រសាសន៍​ថា​៖ «​អ្នក​សារព័ត៌មាន​ពលរដ្ឋ មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​សម្រាប់​សហគមន៍​របស់​គេ ហើយ​កម្មវិធី​នេះ​មាន​បំណង​ធ្វើ​ឲ្យ​មាន​អ្នកដឹកនាំ នៅ​ក្នុង​ផ្នែក​នេះ​។ ដោយ​រៀនសូត្រ​ពី​លក្ខណៈ​សំខាន់​ៗ​នៃ​ការងារ​ល្អ​ផ្នែក​សារព័ត៌មាន សិក្ខាកាម​នឹង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​ត្រឹមត្រូវ នៅ​ទូ​ទាំង​តំបន់​»​។ ពលរដ្ឋ​ដែល​ដើរតួ​ជា​អ្នក​សារព័ត៌មាន​គឺជា​អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​អង្គការ​សារព័ត៌មាន​ធម្មតា ធ្វើ​សេចក្តីរាយការណ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​។

គម្រោង YSEALI គឺជា​កម្មវិធី​ពិសេស​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​គោលបំណង​បង្រៀន និង​ផ្តល់​ជំនាញ​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ ដល់​យុវជន ដែល​ស្ថិត​ក្នុង​អាយុ​ពី ១៨ ដល់ ៣៥ ឆ្នាំ​។ គម្រោង YSEALI កសាង​សមត្ថភាព​លើ​ភាព​ជា​អ្នកដឹកនាំ​របស់​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ជំរុញ​ការ​ធ្វើ​សហប្រតិបត្តិការ​គ្នា​ឆ្លង​ព្រំដែន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់ និង​ក្នុង​សាកលលោក​។

គម្រោង YSEALI បាន​បើក​សិក្ខាសាលា​ជា​ច្រើន និង​បាន​បញ្ជូន​មនុស្ស​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​នានា ដូច​ជា​សិក្ខាសាលា​ថ្នាក់​តំបន់​នៅ​ប្រទេស​ថៃ ស្តី​ពី​ជំនាញ​ក្នុង​ការ​គិត​ដោយ​ការ​វិភាគ​លម្អិត សិក្ខាសាលា​ស្តី​ពី​អក្ខរកម្ម​សារព័ត៌មាន នៅ​ប្រទេស​ភូមា និង​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ពី​គម្រោង Seed for the Future សម្រាប់​ប្រភព​ព័ត៌មាន​មួយ ស្តី​ពី​សុខភាព​សាធារណៈ​នៅ​ប្រទេស​ហ្វី​លី​ពី​ន បាន​បញ្ជូន​អ្នកចូលរួម​ក្នុង​កម្មវិធី​សិក្សា និង​បង្កើន​ជំនាញ​អាជីព​។​ល​៕

អត្ថបទសរសេរ ដោយ