អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញហើយ
- ភ្នំពេញ
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាជូនលោក ប៉ុល…
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាជូនលោក ប៉ុល…
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាជូនលោក ប៉ុល ហំម អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញហើយ។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីលោក ប៉ុល ហំម បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ចូលទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ក្រៅពីលោក ប៉ុល ហំម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ ដាច់ដោយឡែកមួយទៀត ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ឲ្យឈ្មោះ ផាន់ ច័ន្ទសាក់ ដែលជាសហមេធាវីការពារលោកកឹមសុខា ផងដែរ។
សូមរម្លឹកថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ២៤នាក់ហើយ ត្រូវបានព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ត្រាស់បង្គាប់ផ្តល់នីតិសម្បទា ឲ្យធ្វើនយោបាយឡើងវិញ ក្រោយពីអ្នកទាំងនោះ ត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយអតីតគណបក្សសង្គ្រោះជាតិ។ ការហាមឃាត់នោះ មានអ្នកនយោបាយចំនួន ១១៨នាក់។
អ្នកនយោបាយក្នុងអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញចំនួន ២៤នាក់ រួមមាន៖ ១-លោក គង់ គាំ ២-លោក គង់ បូរ៉ា ៣-លោក ស៊ីម សុវណ្ណនី ៤-លោក ច័ន្ទ សិលា ៥-លោក រៀល ខេមរិន្ទ ៦-លោកស្រី ទេព សុទ្ធី ៧-លោក កង គឹមហាក់ ៨-លោក ជីវ កត្តា ៩-លោក សុន ឆ័យ ១០-លោក តាវ គឹមឈន ១១-លោក វ៉ា សាម៉ុន ១២-លោក ស៊ុន សុភ័ក្រ ១៣-លោកស្រី លី ស្រីវីណា ១៤-លោក អ៊ូ ច័ន្ទរ័ត្ន ១៥-លោក ថាច់ សេដ្ឋា ១៦-លោក យ៉ែម បុញ្ញឫទ្ធិ ១៧-លោក មុត ចន្ថា ១៨-លោក ជុំ ច័ន្ទដារិន ១៩-លោក ទួត យឿត ២០-លោក ឡាត់ លិតេយ្យ ២១-លោក ឡុង គឹមឃន ២២-លោកស្រី យង់ ផាន់ណេត ២៣-លោក ប៉ុល ហំម និង២៤-លោក ផាន់ ច័ន្ទសាក់។
អ្នកនយោបាយ ដែលបានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ចុងក្រោយនេះ ជាអ្នកជំនិតនឹងលោកកឹមសុខា ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន លោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា ជាដើម។ នៅពេលនេះទៀត គឺលោក ប៉ុល ហំម ដែលជាអ្នកនយោបាយជំនាន់លោក កឹម សុខា តាំងពីនៅអតីតគណបក្សប្រជាធិបតេយ្យរបស់លោកតាសឺនសាន ចូលរួមការបោះឆ្នោត កាលពីឆ្នាំ១៩៩៣។
នៅពេលលោកកឹមសុខា ឈប់ធ្វើនយោបាយ នៅឆ្នាំ២០០២ មកបង្កើតអង្គការសិទ្ធិមនុស្ស ដែលមានឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ប៉ុល ហំម បានរួមជាមួយលោកកឹមសុខា ដឹកនាំអង្គការសិទ្ធិមនុស្សនោះ។
នៅឆ្នាំ២០០៧ ពេលលោកកឹមសុខា ចេញបង្កើតគណបក្សនយោបាយ ឈ្មោះថា គណបក្សសិទ្ធិមនុស្ស ក៏លោកប៉ុលហំម រួមដៃជាមួយលោកកឹមសុខា ធ្វើនយោបាយនៅក្នុងគណបក្សសិទ្ធិមនុស្ស។
រហូតដល់លោកកឹមសុខា និងលោកសមរង្ស៊ី រួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១២ ក៏លោកប៉ុលហំម បន្តដើរតាមលោកកឹមសុខា ធ្វើនយោបាយ ក្នុងនាមគណបក្សសង្គ្រោះជាតិ។
ជាងនេះទៅទៀត នៅពេលលោកកឹមសុខា ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ លោក ប៉ុល ហំម ក៏ត្រូវបានជ្រើសតាំង ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដោយមានអនុប្រធាន ២រូបទៀត គឺលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ដែលជាភាគីខាងលោកសមរង្ស៊ី។
ពោលគឺលោកប៉ុលហំម ដែលមកដល់ឆ្នាំ២០២១នេះ មានអាយុ ៧៥ឆ្នាំ ( កើតថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៤៦ ) ជាមនុស្សសំខាន់ទី២ បន្ទាប់ពីលោក កឹម សុខា។ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ កំពុងជាប់បណ្តឹងនៅតុលាការក្នុងសំណុំរឿងក្បត់ជាតិ ដែលមិនដឹងថា អាចស្នើសុំសិទ្ធិធ្វើនយោបាយ ហើយមកបន្តដឹកនាំគណបក្សសិទ្ធិមនុស្ស ចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ បាន ឬទេ៕
ចែករំលែកព័តមាននេះ