ខេត្តព្រះវិហារ ៖ បុរសសង្ស័យម្នាក់ឈ្មោះ សែន សុខឃីម អាយុ៣០ឆ្នាំ រស់នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបាននគរបាលស្រុកសង្គមថ្មី ចាប់ឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី៣១ តុលា កន្លងមកនេះ រួចបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ។
មន្ត្រីសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា ក្រោយពីបានសួរនាំជនសង្ស័យរួចមក នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានបើកវីដេអូសិចនៅក្នុងទូរស័ពដៃឲ្យប្អូនស្រីមើល ក្រោយពីមើលរួចខ្លួនក៏ប្រើវិធីលួងលោមប្អូនស្រី ហើយក៏ចាប់រំលោភសេពសន្ថវៈចំនួន៣ដង ។
សមត្ថកិច្ច បានបន្តថា ខណៈក្មេងស្រីរងគ្រោះមានអាការៈឈឺចុកចាប់ ពេលនោះក្រុមគ្រួសារជីដូនមួយក៏នាំទៅព្យាបាលតាមបែបបុរាណខ្មែរ ព្រោះនៅតំបន់ដាច់ស្រយាលគេមិនសូវមានជំនឿទៅលើថ្នាំពេទ្យទេ គេច្រើនជឿគ្រូហ្ម និងថ្នាំបុរាណខ្មែរ ពេលនោះគ្រូខ្មែរប្រាប់ថា ក្មេងស្រីឈឺដោយសារតែមានមនុស្សក្នុងក្រុមគ្រួសារប្រព្រឹត្តខុសចាស់ទុំ បន្ទាប់មកក្រុមគ្រួសារក៏សួរនាំក្មេងស្រីរងគ្រោះ ពេលនោះនាងរងគ្រោះប្រាប់ថា បងប្រុសជីដូនមួយពិតជាបានចាប់រំលោភនាងប្រាកដមែន ។ ក្រោយមកក្រុមគ្រួសារក៏បានទៅប្តឹងសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងដែរថា ក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាក្មេងកំព្រា គ្មានឪពុកម្តាយ រស់នៅជាមួយជនសង្ស័យ ហើយក៏ត្រូវជាប្អូនជីដូនមួយជាមួយប្រពន្ធជនសង្ស័យនោះផងដែរ ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ