កុំចេះតែស្កេនផ្តេសផ្តាស! ស្គាល់ល្បិចបន្លំ QR Code ទាំង៣ និងវិធីការពារលុយ ព្រមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆបោកតាមរយៈការស្កេន QR Code ដែលអាចធ្វើឱ្យអ្នកបាត់បង់ប្រាក់ និងព័ត៌មានផ្ទាល់ខ្លួន ។ នេះបើយោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រកាសនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ។

ក្នុងនោះដែរមាន ៣ រូបភាព នៃការឆបោកដែលត្រូវប្រុងប្រយ័ត្នមានដូចខាងក្រោម ៖
១. QR Code ក្លែងក្លាយ
ជនខិលខូចអាចបន្លំ QR Code ដោយដាក់ជំនួស QR Code ពិតប្រាកដ ដើម្បីបង្វែរការទូទាត់ប្រាក់ទៅគណនីរបស់ខ្លួន ។
២. QR Code បន្លំទៅកាន់គេហទំព័រក្លែងក្លាយ
ការស្កេន QR Code ដែលមានប្រភពមិនច្បាស់លាស់ អាចនាំអ្នកទៅកាន់គេហទំព័រក្លែងក្លាយ ដើម្បីលួចយកព័ត៌មានសម្ងាត់ ។
៣. QR Code បន្លំដើម្បីលួចព័ត៌មាន
ជនឆបោកអាចប្រើ QR Code ដើម្បីបន្លំឱ្យអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់ ឬព័ត៌មានគណនីធនាគារ ។
អ្វីដែលត្រូវដឹង និងគន្លឹះការពារខ្លួនពីការឆបោកតាម QR Code
១. ពិនិត្យប្រភព QR Code ជាមុន
ស្កេនតែ QR Code ដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន។ កុំស្កេន QR Code ដែលមិនស្គាល់ប្រភព។
២. ផ្ទៀងផ្ទាត់ព័ត៌មានមុនពេលទូទាត់
ពិនិត្យឈ្មោះអ្នកទទួលប្រាក់ និងចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវ មុននឹងបញ្ជាក់ប្រតិបត្តិការទូទាត់។
៣. កុំផ្តល់ព័ត៌មានសម្ងាត់
កុំបញ្ចូល ឬចែករំលែកលេខកូដ OTP លេខសម្ងាត់ PIN និងព័ត៌មានគណនីធនាគារតាមរយៈគេហទំព័រដែលមិនគួរឱ្យទុកចិត្ត។
៤. បញ្ឈប់ប្រតិបត្តិការដែលគួរឱ្យសង្ស័យ
ប្រសិនបើមានអ្វីមិនប្រក្រតី សូមកុំបន្តប្រតិបត្តិការ ហើយទាក់ទងទៅធនាគាររបស់អ្នកតាមរយៈបណ្តាញផ្លូវការ៕
ចែករំលែកព័តមាននេះ