អត្ថបទនេះ គឺផ្តោតសំខាន់ទៅលើឪពុក ម្តាយ ដែលកំពុងមានក្តីរំភើបជាមួយនឹងដំណឹងល្អរបស់ពួកគេ គឺជាការទទួលយក និងស្វាគមន៍ជីវិតថ្មីមួយរបស់កូនពួកគេ ជាមួយនឹងក្តីរំភើបនេះផងដែរ អ្នកគួរតែមានការត្រៀម និងគិតទុក្ខមុននៃផែនការមួយចំនួន ជាពិសេសផែនការថវិកាសម្រាប់ការចំណាយផ្សេងៗនៅពេលអ្នកសម្រាលបុត្រ សម្រាប់ពេលអ្នកមិនមានប្រាក់ចំណូល និងសម្រាប់សេវាថែទាំសុខភាពទារក និងម្តាយ ។ យោងតាមអត្ថបទលើវេបសាយ Discover បានណែនាំវិធីសាស្ត្រខ្លះៗសម្រាប់ស្វាមីភរិយាដែលទើបតែមានបុត្រដំបូង ៖

ចំណុចទី ១ អ្នកត្រូវធ្វើការប៉ាន់ស្មាន រយៈពេលប៉ុន្មានដែលអ្នកមិនមានថវិកា ៖
សូមជម្រាបជូនផងដែរ នៅពេលអ្នកសម្រាកពីការងារ អ្នកខ្លះមិនមានប្រាក់ចំណូលនោះទេ ពីព្រោះនៅក្នុងប្រទេសអភិវឌ្ឍនខ្លះ មនុស្សជាច្រើនធ្វើការគិតជាម៉ោង រីឯអ្នកខ្លះទៀតជាក្រុមហ៊ុន ។ ប្រសិនជាអ្នកធ្វើការក្នុងក្រុមហ៊ុន (គិតប្រាក់ខែ) នោះអ្នកអាចនៅមានប្រាក់ខែខ្លះ និងអាចកាត់កងថ្ងៃសម្រាកបានខ្លះ ប៉ុន្តែប្រសិនជាអ្នកធ្វើការគិតជាម៉ោង នោះប្រហែលជាមិនមានប្រាក់ទេ ។ អ្នកត្រូវមានគម្រោងច្បាស់លាស់ថា រយៈពេលប៉ុន្មានខែ ដែលអ្នកអាចទទួលយកការសម្រាក ដែលមិនត្រូវបានផ្តល់ប្រាក់ចំណូលឬមិនមានប្រាក់ចំណូល ។ ដូចអ្នកដឹងស្រាប់ហើយថា ប្រសិនជាអ្នកធ្វើការក្នុងក្រុមហ៊ុន ជាធម្មតានៅពេលអ្នកមានផ្ទៃពោះអ្នកអាចសម្រាកបាន ១២ សប្តាហ៍ (តាមច្បាប់ក្រុមហ៊ុន) ប៉ុន្តែមិនទទួលបានប្រាក់ខែនោះទេ ។ ក្រុមហ៊ុនខ្លះទៀត ឱ្យអ្នកឈប់សម្រាកដោយមិនកាត់ប្រាក់ខែ ប៉ុន្តែទាល់តែអ្នកជាម្តាយដែលមានកូនជាលើកដំបូង (បញ្ជាក់នេះជាប្រព័ន្ធការងារនៅបរទេសតាមប្រទេសនីមួយៗ) ។ អ្នកត្រូវដឹងថា នៅពេលអ្នកសម្រាកពីការងារ អ្នកត្រូវចំណាយអ្វីៗជាច្រើន ដែលអ្នកតែងតែចំណាយជាប្រចាំនឹង ដូចនេះ យើងគិតមើលទៅការចំណាយអាចដូចមុនឬលើសមុន ខណៈយើងមិនមានប្រាក់ចំណូលឬប្រាក់ខែ ។ អុីចឹងត្រង់ចំណុចនេះអ្នកប្រាកដជាមានដៃគូ ឬស្វាមីដែលជាអ្នកធ្វើការរកប្រាក់ចំណូលបានតែម្នាក់ឯង ហើយចំណាយគ្រប់បែបយ៉ាងក្នុងផ្ទះ ។ ក្នុងកំណត់គម្រោងអំពីលុយនេះ វាពិតជាជួយអ្នក និងដៃគូរបស់អ្នក ដើម្បីកាត់បន្ថយការចំណាយច្រើននៅពេលភរិយារកប្រាក់ចំណូលមិនបាន ម្យ៉ាងវិញទៀតទារកពិតជាត្រូវការអ្វីៗជាច្រើនតាម (សម្ភារៈ) ដែលអ្នកជាឪពុកម្តាយថ្មីថ្មោង មិនអាចស្មានដល់ ។

ចំណុចទី ២ ត្រូវតែការពារថវិការបស់អ្នក ក្នុងកំឡុងពេលអ្នកមានផ្ទៃពោះ និងក្រោយ ៖
នៅពេលដែលអ្នកត្រៀមថវិកាសម្រាប់ពេលសម្រាលកូន នោះអ្នកត្រូវតែប្រាកដថា ថវិការបស់អ្នកអាចគ្រប់គ្រាន់សម្រាប់ទារកបាន ឬអត់ ។ ដូចនេះជាការល្អ ប្រសិនជាអ្នកមានគម្រោងចង់បានកូនហើយ អ្នកត្រូវតែមានគណនេយ្យសន្សំ សម្រាប់បន្ទាន់ឬគណនេយ្យអាសន្ន ដែលជាគណនេយ្យអាចឱ្យអ្នកប្រើប្រាស់ ក្នុងប្រការណាមួយ នៅពេលអ្នកមានប្រាក់មិនគ្រប់គ្រាន់ដើម្បីចំណាយទៅលើកូន ។ ប៉ុន្តែប្រសិជាអ្នកគ្រប់គ្រាន់ហើយ អ្នកគួរបន្តទុកប្រាក់សន្សំនោះ ព្រោះអាចមានបញ្ហាអ្វីកើតឡើងដែលយើងមិនដឹងមុន ។ បន្ទាប់ពីការសម្រាលកូនហើយ អ្នកត្រូវដឹងថាការចំណាយរបស់អ្នកមិនដូចមុននោះទេ អ្នកត្រូវចំណាយអាហារ ទឺកដោះគោ ដប ទឹកសុទ្ធ និងអាហារបំប៉ងផ្សេងៗក្រោយបុត្ររបស់អ្នកមានអាយុ ១ ឆ្នាំឡើង ដូចនេះសរុបមកបន្ទាប់ពីមានសម្រាលកូនរួច អ្នកត្រូវគិតពីហិរញ្ញទ្វេរដងក្នុងមួយឆ្នាំៗ (សូមបញ្ជាក់ថា នេះគ្រាន់តែជាការគិតត្រឹមតែកូនរបស់អ្នកនៅជាទារកប៉ុណ្ណោះ ហើយអ្នកត្រូវតែមានផែនការហិរញ្ញវត្ថុបន្ទាប់) ។

ចំណុចទី ៣ រឹតបន្តឹងថវិការ និងកាត់បន្ថយការចំណាយណាទៅលើរបស់របរប្រ៊េនៗដែលអ្នកត្រូវទិញសម្រាប់បុត្រធីតា ៖
អ្នកជំនាញណែនាំ ៣ យុទ្ធសាស្ត្រ កាត់បន្ថយការចំណាយដែលថ្លៃៗ និងប្រ៊េនៗ
- កាត់បន្ថយការប្រើជីវិតខ្លះៗ ដូចជាអ្នកធ្លាប់ចេញទៅញុំាបាយក្រៅ អ្នកទិញខោអាវថ្មីៗ ឬរបស់របរដែលអ្នកធ្លាប់ចង់បាន អ្នកត្រូវតែទុកវាមួយឡែក ព្រោះអ្នកត្រូវសន្សំប្រាក់សម្រាប់សម្រាលកូន ។
- រកវិធីសាស្ត្រណាដែលអាចឱ្យអ្នករកប្រាក់បានខ្លះៗ នៅពេលអ្នកមានផ្ទៃពោះ ដោយរកមើលរបស់របរឬសម្ភារៈដែលអ្នកមិនប្រើប្រាស់ និងអ្នកមិនត្រូវការវាទៀត ដើម្បីលក់ឡៃឡុង ។
- ត្រូវការបន្ថយការចំណាយណាដែលថ្លៃៗ ឬទិញរបស់របរប្រើប្រាស់ប្រ៊េនៗ ដូចជាសម្ភារៈតុទូ ឬខោអាវប្រ៊េនរបស់ទារក ។ នៅពេលអ្នកកំពុងតែរងចាំជីវិតថ្មី អ្នកប្រាកដណាស់ថាមានអារម្មណ៍រំភើប និងពិតជាចង់ឱ្យកូនដំបូងអ្នកប្រើប្រាស់របស់ថ្លៃៗឬប្រ៊េនៗជាដើម ប៉ុន្តែអ្នកជំនាញបានណែនាំថា អ្នកគួរតែទិញរបស់នមានគុណភាពល្អ ហើយមិនចាំបាច់លោតហក់ដល់ប្រ៊េនៗថ្លៃៗនោះទេ អ្នកត្រឹមតែមើលទៅលើសម្ភារៈ ឬខោអាវសម្រាប់ទារកដែលមានតម្លៃសមរម្យបានហើយ ។ ហើយមានសម្ភារៈខ្លះ លោកអ្នកពិតជាអាចធ្វើ ឬច្នៃបានដោយខ្លួនឯង ។ ចំណុចនេះប្រសិនអ្នកគិតមើលឱ្យមែនទែន ខោអាវប្រ៊េនៗថ្លៃៗ វាប្រើប្រាស់សម្រាប់ទារកមិនបានយូរទេ ព្រោះពួកគេលូតលាស់លឿនណាស់ ដូចនេះបើចង្អៀតមានតែបោះចោល ឬdonate ឱ្យអ្នកផ្សេង ឬក៏ទុកសម្រាប់កូនក្រោយ ប៉ុន្តែប្រសិនជាទុកឱ្យកូនក្រោយទៀតខ្លាចខូចគុណភាពអស់ ។

ចំណុចទី ៤ អ្នកត្រូវចាប់ផ្តើមមុនឬកំឡុងពេលអ្នកមានផ្ទៃពោះ ដើម្បីសន្សំប្រាក់ បើទោះបីត្រឹម ១ ដុល្លារក៏ដោយ ៖
លោក Beach និងភរិយា មានគម្រោងសន្សំប្រាក់ ឱ្យបាន $20,000 សម្រាប់ការចំណាយនៅពេលប្រពន្ធរបស់គាត់ពេលសម្រាលកូន (ចំនួនប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ សម្រាប់ប្រទេសកម្ពុជាអាចតិចជាងនេះសម្រាប់អ្នកមានប្រាក់ខែល្អ) ។ ពួកគេកាត់បន្ថយការចំណាយជាច្រើន ដើម្បីសម្រេចប្រាក់បានប្រាក់ប៉ុណ្ណឹង ។ ប៉ុន្តែប្រសិនជាអ្នកទទួលបានប្រាក់ខែខ្លះ ពីការឈប់សម្រាកនេះវានឹងជួយអ្នកបានខ្លះ ។ ចំណុចនេះអ្នកត្រូវតែរៀបផែនការសន្សំប្រាក់ក្រោយពេលអ្នកដឹងថា អ្នកមានបុត្រ អ្នកប្រាកដជាអាចសន្សំបានព្រោះថាវេលាអ្នកមានច្រើនខែទំរាំតែដល់ពេលអ្នកសម្រាលកូន ។

ជាមួយគ្នានេះផងដែរ អ្នកមិនត្រូវរៀបចំតែផែនការដើម្បីចំណាយនៅពេលសម្រាលនោះទេ តែអ្នកត្រូវរៀបចំផែនការថវិការក្នុងការចំណាយទៅលើសម្ភារៈផ្សេងៗដែលកូនត្រូវការ ផែនការថវិការសម្រាប់ការចំណាយនៅពេលកូនមានបញ្ហាមិនស្រួល និងផែនការសេវាថែទាំសុខភាពទារក និងម្តាយ ។ អ្នកត្រូវមានផែនការថវិការសម្រាប់សេវាថែទាំសុខភាពទារកនិងម្តាយ ព្រោះសេវាសំខាន់បំផុងសម្រាប់ទារកនឹងម្តាយ ហើយអ្នកនឹងអាចដឹងអំពីសុខភាពនិងការលូតលាស់របស់ទារកទៀតផង ៕ ប្រភព ៖វDiscover
ចែករំលែកព័តមាននេះ