បុរសបែក​ថ្នាំ​​ម្នាក់ផ្លោះ​របង​សម្រុកចូល​ក្នុង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ អាវុធហត្ថ​បង្ក្រាប​បាន​ទាំង​លំបាក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសបែក​ថ្នាំ​​ម្នាក់ផ្លោះ​របង​សម្រុកចូល​ក្នុង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ អាវុធហត្ថ​បង្ក្រាប​បាន​ទាំង​លំបាក

3 អាទិត្យ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​បែក​ថ្នាំ​ម្នាក់ សម្រុក​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ វិទ្យាល័យ ជា ស៊ី​ម សាមគ្គី បង្ក​ការ​ភ្ញាក់ផ្អើល…

រាជ​ធានី​ភ្នំពេញ ៖ បុរស​បែក​ថ្នាំ​ម្នាក់ សម្រុក​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ វិទ្យាល័យ ជា ស៊ី​ម សាមគ្គី បង្ក​ការ​ភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូពេទ្យ និង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ទាំង​លំបាក នេះ​បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ដោយសារ​បុរស​ម្នាក់ ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត រហូត​បាត់បង់​ស្មារតី (​បែក​ថ្នាំ​) បាន​សម្រុក​ផ្លោះ​របង​ចូល​ក្នុង​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ វិទ្យាល័យ ជា ស៊ី​ម សាមគ្គី នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ ក្នុង​មណ្ឌល រហូត​ដល់ កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ​នៅ​ទីតាំង​នោះ​ផ្ទាល់ នាំ​គ្នា​ដេញចាប់​បុរស​រូប​នោះ រហូត​បាន​សម្រេច ។

ប្រតិបត្តិការ ឃាត់ខ្លួន​ជនសង្ស័យ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​សម័យ​កូ​វី​ដ​-១៩ ពិតជា​មានការ​លំបាក​ណាស់ ព្រោះ​សមត្ថកិច្ច​មិន​អាច​ស្មាន​ដឹង​ថា ជន​ណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ នោះ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ ដើម្បី​សុវត្ថិភាព​ដល់​កងកម្លាំង ដែល​អាច​ប្រឈម​ជាមួយ​ការ​ឆ្លង​មេរោគ​គ្រប់​ជំហាន មុន​ពេល​ចូលចាប់​ជន​ណា​ម្នាក់ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ការពារ​មេរោគ​ផង ពាក់​កំបាំង​មុខ​ផង ពាក់​ម៉ាស​ផង ពាក់​ស្រោមដៃ​ផង និង​ត្រូវ​ប្រើ​សម្ភារៈ​ជំនួយ​ក្នុង​ការ​ចាប់​ផង​ទើប​ហ៊ាន​ចូលចាប់​ជន​ទាំងនោះ ។ ចំណែក​សម្លៀក​បំពាក់​ការពារ​មេរោគ ដែល​បាន​ប្រើ​រួច​ហើយ មិន​អាច​ប្រើ​ម្តងទៀត​បាន​ទេ គឺ​ត្រូវ​តែ​បោះចោល ដែល​ជា​ផលវិបាក មួយ​ផ្នែក​បន្ថែម​ទៀត ។

ជាក់ស្តែង​ដូច​បុរស​បែក​ថ្នាំ​ខាងលើ ដែល​មានឈ្មោះ វ៉ា អាយុ​៣១​ឆ្នាំ អា​ស័​យ​ដ្ឋា​ន​រស់នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​កម្លាំង​គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដេញចាប់​ដោយ​ប្រុង​ប្រយ័ត្ន និង​បាន​ពិនិត្យ សំណាក​ឃើញ​ថា ពុំ​មាន​សញ្ញាណ​វិជ្ជមាន​កូ​វី​ដ​-១៩ ក៏​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ​ផ្តាច់​សារធាតុ​ញៀន ឱកាស​ខ្ញុំ តាម​ការ​ណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​ម្តង ៕

Picture
Picture
Picture