រាជាធានីភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអំពាវនាវដល់ពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅប្រទេសវៀតណាម ត្រូវគោរពច្បាប់វៀតណាម ឲ្យបានម៉ឺងម៉ាត់ ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម មានកិត្តិយសសូមជម្រាប ជូនប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាម ជ្រាបថា យោងសារព័ត៌មាន វៀតណាម (Viet Nam News) ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាល វៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ ដោយការបណ្ដេញចេញ ចំពោះពលករបរទេសខុសច្បាប់កំពុងធ្វើការងារនៅវៀតណាម ។
ប្រភពបន្តថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្ដេញចេញ ចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work permits) ត្រឹមតូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចូលនិងចេញ (entry and exit rules) ។
ករណីនេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេស នៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់ នៅវៀតណាម ។
ស្ថានទូតបញ្ជាក់ថា “អាស្រ័យដូចបានជម្រាបជូន សូមប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាម ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្ដីពីការចូល និងចេញរបស់អាជ្ញាធរមាន សមត្ថកិច្ចវៀតណាម” ។
ស្ថានទូត ក៏ឆ្លៀតឱកាសនេះផងដែរ សូមប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាបន្តថែរក្សា សុខភាពឲ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សំដៅការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ៕

ចែករំលែកព័តមាននេះ