ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​១១​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ឆ្លើយ​តប​នឹង​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID សហរដ្ឋអាមេរិក​បាន​ផ្ដល់​ថវិកា​សរុប​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID សហរដ្ឋអាមេរិក​បាន​ផ្ដល់​ថវិកា​សរុប​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID បានឱ្យ​ដឹង​ថា​ជំនួយ​សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩ វា​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការពារ និង​ឆ្លើយ​តប​បន្ទាន់​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​សម្ភារៈ​ដែល​មាន​ទឹកប្រាក់​ជាង​១១​លាន​ដុល្លារ​ទាំងនេះ នឹង​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង ការ​គ្រប់គ្រង​ស្ថានភាព​បាន​ទាន់​ពេលវេលា ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ USAID បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩​ទៅ​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ពិសេស​កុមារ​និង​គ្រួសារ​ងាយ​រង​គ្រោះ ។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ បាន​បញ្ជាក់​ថា ខ្លួន​កំពុងធ្វើការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​កាត់​ប្ថ​យ​ផល​ប៉ះពាល់​នៃ​ការ​បិទ​សាលារៀន កំឡុង​ពេល​មានការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​ក្នុង​សហគមន៍ តាម​រយៈ​ការ​គាំទ្រ​ឱ្យ​មានការ​សិក្សា​រៀនសូត្រ​តាម​ប្រព័ន្ធ​អន​ឡា ។

ការ​ខិតខំ​របស់ USAID ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​យូរអង្វែង​របស់​សហរដ្ឋអាមេរិក​ជាមួយ​ប្រជាជន​កម្ពុជា​។ ក្នុង​រយៈពេល​ជាង​៣​ទស​វត្ស​ចុង​ក្រោយ​នេះ ទីភ្នាក់ងារ USAID បាន​វិនិយោគ​ទឹកប្រាក់​ជាង​១,៥​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ក្នុង​នោះ​មាន​ថវិកា​ជាង​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​ជួយ​ដោះស្រាយ​អត្រា​មរណភាព​ទារក​អាយុ​ក្រោម​៥​ឆ្នាំ អត្រា​មរណភាព​មាតា ជំងឺគ្រុនចាញ់ របេង អេ​ដស៍ កង្វះ​អនាម័យ កង្វះ​អាហារូបត្ថម្ភ ភាព​ក្រិន និង​ដើម្បី​បង្កើន​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​ភ័ស្តុភារ និង​ព័ត៌មាន​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន​។

ទីភ្នាក់ងារ USAID បាន​ជួយ​ពង្រឹង​គោលនយោបាយ និង​ប្រព័ន្ធ​សុខាភិបាល​ជាតិ​របស់​ប្រទេស​កម្ពុជា ពង្រីក​ការ​ផ្សព្វផ្សាយ​តាម​សហគមន៍ និង​លើកកម្ពស់​ការ​ទទួល​បាន​សេវា​សុខភាព​ប្រកបដោយ​គុណភាព​។ ទីភ្នាក់ងារ USAID ក៏​បាន​ជួយ​ក្នុង​ការ​ពង្រីក​មូលនិធិ​សមធម៌​សុខភាព​នៅ​ទូ​ទាំង​ប្រទេស ដែល​ជា​គម្រោង​គាំពារ​សុខភាព​សង្គម​នៅ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ក្រីក្រ​ជាង​៣​លាន​នាក់ ទទួល​បាន​សេវា​សុខភាព​ដោយ​មិន​គិតថ្លៃ ។

ក្រៅពី​ការ​ផ្ដល់​ជំនួយ​សហរដ្ឋអាមេរិក​ក៏​ជាទី​ផ្សារ​ធំ​មួយ​សម្រាប់​ផលិតផល​របស់​កម្ពុជា​ហើយ​សហរដ្ឋអាមេរិក​ក៏​បាន​កៀងគរ​វិនិយោគិន​របស់​ខ្លួន​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​វិស័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ