ខេត្តបន្ទាយមានជ័យ ៖ អំពើហិង្សាដ៏សាហាវមួយបានកើតឡើងបណ្ដាលឱ្យយុវជនម្នាក់ត្រូវជនដៃដល់កាប់ដាច់ដៃស្ដាំ របួសពោះ និងម្នាក់ទៀតរបួសក្បាលផ្នែកខាងក្រោយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺជនរងគ្រោះកាន់ដៃដែលដាច់នោះរត់មកប្ដឹងសមត្ថកិច្ចឱ្យជួយនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ តុលា នៅចំណុចខាងជើងស្ពានសែសិន ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រះពន្លាបានឱ្យដឹងថា យុវជនរងគ្រោះទាំង២នាក់ម្នាក់ឈ្មោះ គេង ឡាយស៊ីម អាយុ១៨ឆ្នាំ នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រងរបួសដាច់ដៃស្ដាំធ្លាក់ដល់ដី និងរយះពោះផ្នែកខាងស្ដាំ ។ ចំណែកម្នាក់ទៀតឈ្មោះ ជា វែងឡុង អាយុ២១ឆ្នាំ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ របួសក្បាលផ្នែកខាងក្រោយ និងក.ដៃខាងស្ដាំ ។
តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដែលបានចុះស្រាវជ្រាវជុំវិញករណីនេះបាននិយាយថា ជម្លោះរវាងភាគីជនរងគ្រោះ និងជនដៃដល់បានកើតឡើងនៅក្នុងក្លិបកម្សាន្ត ហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ បន្ទាប់មកភាគីជនរងគ្រោះបានចេញពីក្លិបទៅផ្ទះមុន រួចនាំគ្នាត្រឡប់មកវិញ ដោយសង្ស័យថាទៅយកកាំបិតមកកាប់ខាងក្រុមជនដៃដល់ ។ ពេលទៅដល់ក្លិបហ្គោលថោន មិនឃើញក្រុមបដិបក្ស ក៏នាំគ្នាជិះម៉ូតូត្រឡប់ចូលមកក្នុងទីរួមខេត្តវិញ តែពេលកំពុងធ្វើដំណើរនោះត្រូវក្រុមជនដៃដល់ដែលពួនតាមដើមឈើក្នុងសួនច្បារកន្លែងកើតហេតុស្ទុះចេញមកកាប់ប្រហារតែម្ដង ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះទាំង២នាក់នៅពេលសមត្ថកិច្ចសាកសួរអំពីបញ្ហាដែលកើតឡើងនេះមិននិយាយប្រាប់នោះទេ ដោយពួកគេមិនសហការជាមួយសមត្ថកិច្ចឡើយ ។
បច្ចុប្បន្នជនរងគ្រោះដាច់ដៃត្រូវបាននាំយកទៅព្យាបាលនៅប្រទេសថៃហើយ ។ តាមប្រភពព័ត៌មាននានា ក៏ដូចជាលោកមេភូមិរងសែសិន បានឱ្យដឹងថា កន្លែងកើតហេតុនោះ គេសង្កេតឃើញក្រុមក្មេងទំនើងតែងតែធ្វើសកម្មភាពស្ទើរតែរៀងរាល់យប់ ចាប់ពីម៉ោង១ទៅម៉ោង២រំលងអធ្រាត្រ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅម្ដុំនោះយ៉ាងខ្លាំង ៕



ចែករំលែកព័តមាននេះ