ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣៤​នាក់​ពុល​នំ​បុ័ង​ដាក់​សាច់​នៅ​ស្រុក​មេ​មត់ ធ្ងន់ធ្ងរ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​២២​នាក់

10 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៣៤​នាក់​បាន​ពុល​នំ​បុ័ង​ដាក់​សាច់​ដោយ​មាន​អាកា​រៈ​វិលមុខ​ និង​ក្អួតចង្អោរ ត្រូវ​បាន​នាំ​ទៅ​​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ តុលា ២០១៥ ស្ថិត​នៅ​ភូ​មិច​ង្គុំ​ទី​១ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​រហូត​មក​ដល់​​រសៀល​ថ្ងៃ​ទី​៣០ តុលា​នេះ​ប្រជាពលរដ្ឋ​ចំនួន​២២​នាក់​កំពុង​តែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ ចំពោះ​មូលហេតុ​ច្បាស់លាស់​នោះគេ​មិន​ទាន់​រក​ឃើញ​នូវឡើយ​ទេ ។

តាម​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀ​ង យាំង​រូ​វ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​តឹង​ហា ស្រុក​តឹង​ចូ​វ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម បាន​ជិះ​ម៉ូតូ​ដឹក​នំ​បុ័ង​ដាក់​សាច់​ដើរ​លក់​នៅ​តាម​ភូមិ​ខាងលើ ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃ​ខាងលើ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទិញ​ហូប ក្រោយមក​ស្រាប់តែ​មាន​អាកា​រៈ​ពុល​ក្អួត​ចង្អោរ​ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​ជាង​៣០​នាក់​ឯណោះ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​ដែល​មាន​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូ​មិច​ង្គុំ​ទី​១ ក្នុង​នោះ​គេ​ឃើញ​អ្នក​ដែល​មាន​អាកា​រៈ​ធ្ងន់​ត្រូវ​បាន​សាច់ញាតិ​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ហើយ​លុះ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣០ តុលា ពេល​ដែល​បុរស​ជនជាតិ​វៀតណាម​នោះ​ដឹក​នំ​បុ័ង​តាម​ម៉ូតូ​ចេញ​តាម​ច្រករបៀង​ត្រពាំង​ឫស្សី ដោយ​មាន​ចំនួន​២០០​នំ​បុ័ង​ដើម្បី​មក​លក់​នៅ​ក្នុង​ទឹកដី​កម្ពុជា មាន​ឃុំ​រូង ឃុំ​ចាន់​មូល និង​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ សមត្ថកិច្ច​ក៏​បានហៅ​មក​ធ្វើ​ការ​សាកសួរ និង​​ទិញ​នំប៉័ង​ដាក់​សាច់​មួយ​ចំនួន​ប្រគល់​ទៅ​ឲ្យ​ខាង​សុខាភិបាល​ដើម្បី​យក​ទៅ​ពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ។

ចំពោះ​ការ​ពុល​នៅ​រសៀល​ថ្ងៃ​ទី​២៩ តុលា សមត្ថកិច្ច​មិន​អាច​រក​វត្ថុ​តាង​មក​ពិនិត្យ​បាន​នោះ​ទេ ដោយសារ​តែ​ពួក​គាត់​នាំ​គ្នា​ហូប​អស់រលីង​ទៅ​ហើយ ។

ចំណែក​លោក​វេជ្ជបណ្ឌិត នុ​ត មុនី ប្រធាន​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ពុល​នំ​បុ័ង​ដាក់​សាច់​នោះ អ្នក​ភូមិ​ច​ង្គុំ​ទី​១ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​មាន​អាកា​រៈ​ពុល​ក្អួតចង្អោរ មាន​លក្ខណៈ​ធ្ងន់​ចំនួន​២២​នាក់​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ដោយ​បាន​បន្តោង​សេរ៉ូម ហើយ​អ្នក​ភូមិ​ចំនួន​១២​នាក់​ទៀត​មាន​លក្ខណៈ​ស្រាល​នោះ ត្រូវ​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព ។

លោក​វេជ្ជបណ្ឌិត នុ​ត មុនី ប្រធាន​ការិយាល័យ​បច្ចេកទេស​បញ្ជាក់​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ តុលា​នេះ ប្រជាពលរដ្ឋ​ដែល​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ​មិន​ទាន់​វិល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​ទេ ហើយ​នំ​បុ័ង​ដាក់​សាច់​ដែល​ទិញ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា នឹង​យក​ទៅ​ពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ ៕