ចាប់ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​៧០​គីឡូ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​៧០​គីឡូ

4 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​តាម​ផ្លូវគោក ឆ្លងកាត់​កម្ពុជា​ទៅ​វៀតណាម និង​បាន​ចាប់ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ជនជាតិ​ចិន​២​នាក់ ព្រមទាំង​រឹង​អូស​បាន​គ្រឿងញៀន​ប្រមាណ​ជាង​៧០​គីឡូក្រាម នៅ​ទីតាំង​មួយ ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​តាម​ផ្លូវគោក ឆ្លងកាត់​កម្ពុជា​ទៅ​វៀតណាម និង​បាន​ចាប់ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ជនជាតិ​ចិន​២​នាក់ ព្រមទាំង​រឹង​អូស​បាន​គ្រឿងញៀន​ប្រមាណ​ជាង​៧០​គីឡូក្រាម នៅ​ទីតាំង​មួយ ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​ដែល​ឈាន​ដល់​ការ​ចាប់​បាន​មេខ្លោង​គ្រឿងញៀន​ជា​ជនជាតិ​ចិន​២​រូប និង​ប្រមូល​បាន​គ្រឿងញៀន​ជា​ច្រើន​គីឡូ​នេះ ធ្វើ​ឡើង​តាម​ការ​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

Picture

សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​យ៉ាង​ដិត​ដល់ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ជួញដូរ​គ្រឿងញៀន​នេះ រហូត​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២១ វេលា​ម៉ោង ១៩​និង​០៥​នាទី កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​១០) ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ ក​១០ ព្រមទាំង​ដឹកនាំ​សម្របសម្រួល​ពី​លោក សឿ​ន មុនីរ​ត្ន័ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រតិបត្តិការ បន្ត​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​តាម​ផ្លូវគោក នៅ​ចំណុច​ទល់មុខ​ផ្សារ​ម៉ាត​ស៊ី​ផ្លេ​ស ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ និង​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ជនសង្ស័យ ផ្ទះ​លេខ​២៧ ផ្លូវ​P10 បុរី​ប៉េង​ហួត​បឹង​ស្នោរ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ចំនួន​០២​នាក់ ៖ ១-​ឈ្មោះ LIU JIC ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន និង​២-​ឈ្មោះ CHAN HUNG FAI ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន ។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ជំនាញ​ក៏​ចាប់​យក​វត្ថុ​តាង រួម​មាន ៖ ១- សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ 52 kg 768.50g, ទី​២ – ហេ​រ៉ូ​អ៊ី​ន ចំនួន​៤៩​ដុំ ស្មើនឹង​ទម្ងន់ 17 kg 292.59g ទី​៣- មេ​តំ​ហ្វេ​តា​មីន​(ICE) 11.79 g ដែល​សរុប​ទៅ​វត្ថុ​តាង​គ្រឿងញៀន​ដែល​រឹបអូស​បាន​សរុប 70 គីឡូ និង 072.88 ក្រាម ។

Picture

ជាមួយ​គ្នា​នោះ​ផង​ដែរ ជនល្មើស​ទាំង​២​នាក់ ក៏​ត្រូវ​បាន​ឆ្លងកាត់​ការ​យក​សំណាក​ធ្វើតេស្ត​លឿន (Rapid Test) រក​វីរុស​កូ​វី​ដ​១៩ ដែល​លទ្ធផល​បញ្ជាក់​ថា « អវិជ្ជមាន​» ។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​យើង បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា ការ​ចាប់​បាន​ខ្លួន​ជនជាតិ​ចិន​ខាងលើ​នេះ គឺ​ក្រោយ​ពី​មានការ​បង្ក្រាប​បាន និង​ចាប់​បាន​ជនសង្ស័យ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម និង​ខ្មែរ ចំនួន​៥​នាក់ ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ជាង​១០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​៥ ឧសភា នៅ​ខេត្តស្វាយរៀង ។ ជាមួយ​គ្នា​នេះ​ផង​ដែរ សមត្ថកិច្ច​នៅ​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​ចាប់​មុខសញ្ញា​ពាក់ព័ន្ធ ដែល​កំពុង​រត់គេច​ខ្លួន​ផង​ដែរ ៕

Picture