ខេត្តក្រចេះ ៖ បុរសជាអ្នកបើករថយន្តកែច្នៃម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងឈរជួសជុលរថយន្តរបស់ខ្លួនខូចចតស្ងៀមនៅលើចិញ្ចើមផ្លូវជាតិលេខ៧ ស្របទិស ត្រូវរថយន្តដឹកស៊ីម៉ងត៍បើកគេចពីរថយន្តមួយគ្រឿងទៀតជ្រុលមកបុក កាលពីព្រឹកថ្ងៃទី៣០ តុលា ស្ថិតនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ។
ជនរងគ្រោះជាអ្នកបើករថយន្តកែច្នៃ ឈ្មោះ រ៉ា នៅ អាយុ២៣ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តដឹកស៊ីម៉ងត៍បុកគាបជាប់នឹងរថយន្ត ។ ចំណែកអ្នកបើកបររថយន្តដឹកស៊ីម៉ងត៍ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
លោកវរសេនីយ៍ត្រី ណាប់ ទិដ្ឋា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គ្រោះថ្នាក់ដែលបណ្តាលឲ្យមានមនុស្សស្លាប់ខាងលើនេះ គឺបង្កឡើងដោយរថយន្តដឹកស៊ីម៉ងត៍ ។ ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបាននគរបាលនាំមករក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ